មន្ត្រីសាលាឧទ្ធរណ៍ អះអាងថា តុលាការបានចេញដីកាឲ្យមន្ត្រីពន្ធនាគារនាំខ្លួនលោក កឹម សុខា មកចូលរួមសវនាការនៅថ្ងៃស្អែកនេះ ទៅតាមនីតិវិធីរួចហើយ។
កាលពីថ្ងៃទី៥ ខែមីនាកន្លងមក ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបន្តឃុំខ្លួនអតីតប្រធានគណបក្សប្រឆាំង លោក កឹម សុខា បន្ទាប់ពីលោកត្រូវបានចាប់ដាក់ឃុំក្នុងពន្ធនាគារបណ្ដោះអាសន្នអស់រយៈពេល ៦ខែកន្លងមកហើយនោះ។
អ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ទូច ថារិទ្ធិ ប្រាប់វីអូឌីនៅព្រឹកនេះថា សវនាការនៅថ្ងៃស្អែកនេះ តុលាការបានចេញលិខិតឲ្យឆ្មាំពន្ធនាគារនាំខ្លួនលោក កឹម សុខា មកចូលរួមរួចហើយ។
លោកថា៖ «ដីកាហ្នឹង សាលាឧទ្ធរណ៍បានចេញហើយ ហើយខាងព្រះរាជអាជ្ញារក៏ចេញតាមនីតិវិធីអស់ហើយ ប៉ុន្តែ អគ្គនាយកដ្ឋានពន្ធនាគារមានមុខការបន្តទៀត។ អញ្ចឹង អាចសួរទៅអគ្គនាយកដ្ឋានពន្ធនាគារពីការដឹកជញ្ជូន និងការនាំមកខ្លួន ព្រោះសាលាឧទ្ធរណ៍បានចេញទៅតាមនីតិវិធីអស់ហើយ»។
ប្រធានពន្ធនាគារត្រពាំងផ្លុង លោក លោក ភិន យ៉ាន មានប្រសាសន៍ថា លោកមិនទាន់ទទួលបានលិខិតពីសាលាឧទ្ធរណ៍ ដើម្បីនាំលោក កឹម សុខា ចូលរួមសវនាការជុំវិញបណ្ដឹងជំទាស់នឹងការឃុំខ្លួនបន្តទៀតនៅថ្ងៃស្អែកនេះនៅឡើយទេ។
លោកថា៖ «មិនទាន់មានគោលការណ៍ផង ហើយខ្ញុំនៅជាប់ប្រជុំនៅតុលាការខេត្តត្បួងឃ្មុំ មិនទាន់ទទួលបានព័ត៌មាន។ អាហ្នឹងសួរទៅអ្នកនាំពាក្យអគ្គគាត់អាចដឹង»។
ទោះជាយ៉ាង វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យអគ្គនាយករដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា បានទេ ដោយទូរសព្ទចូល តែគ្មានអ្នកទទួល។
លោក ផែង ហេង សហមេធាវីការពារក្ដីឲ្យលោក កឹម សុខា ប្រាប់វីអូឌីនៅថ្ងៃនេះថា ក្រុមមេធាវីនឹងចូលរួមសវនាការនាថ្ងៃស្អែកនេះ ដើម្បីបង្ហាញមូលហេតុទៅចៅក្រម។ លោកបន្តថា កូនក្ដីរបស់លោកនឹងចូលរួមសវនាការនាស្អែកនេះ បើទោះបីជាលោកកំពុងមានជំងឺពិបាកក្នុងធ្វើការដំណើរក៏ដោយ។
លោកថា៖ «គាត់បានបញ្ជាក់ជំហរទៅប្រធានពន្ធនាគារ ម៣ ថា គាត់នឹងចូលរួមសវនាការ បើសិនជាមានលិខិតឲ្យគាត់ចូលរួមព្រោះគាត់បានសន្យាហើយថា គាត់នឹងសហការជាមួយតុលាការ។ អញ្ចឹង បើមានលិខិតកោះហៅ គាត់នឹងមកចូលរួម»។
លោក កឹម សុខា ត្រូវបានអាជ្ញាធរចាប់ខ្លួន និងបញ្ជូនទៅឃុំនៅក្នុងពន្ធនាគារត្រពាំងផ្លុងកាលពីថ្ងៃទី៣ ខែកញ្ញាឆ្នាំមុន ក្រោមការចោទប្រកាន់ពីរដ្ឋាភិបាលថា «ក្បត់ជាតិ»។
ក្រុមមេធាវីការពារក្ដីឲ្យមេដឹកនាំអតីតបក្សប្រឆាំងរូបនេះ បានស្នើជាច្រើនដង ឲ្យតុលាការដោះលែងឲ្យនៅក្រៅឃុំ ប៉ុន្ដែ ត្រូវបានតុលាការបដិសេធរហូត បើទោះបីជាក្រុមមេធាវីអះអាងថា កូនក្ដីរបស់ពួកគេកំពុងមានបញ្ហាសុខភាព និងត្រូវការការព្យាបាលក៏ដោយ៕