សមាជិកសភាអូស្ដ្រាលីមួយរូប បានទទូចទៅរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី Malcolm Turnbull ឲ្យដាក់ទណ្ឌកម្មប្រឆាំងរដ្ឋាភិបាលក្រុងភ្នំពេញ ដើម្បីឲ្យងាកទៅគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដូចមានក្នុងកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ប៉ុន្ដែ អ្នកនាំពាក្យគណបក្សប្រជាជន អះអាងថា មិនអាចទៅរួច។
ថ្លែងក្នុងកិច្ចប្រជុំសភាមួយកាលពីថ្ងៃចន្ទម្សិលមិញ សមាជិកសភាអូស្ត្រាលីមកពីគណបក្សប្រឆាំង លោក Mark Butler បានមានប្រសាសន៍ថា រដ្ឋាភិបាលអូស្ដ្រាលី ត្រូវចាត់វិធានការចាំបាច់នានា ដើម្បីបង្ខំឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ទទួលខុសត្រូវចំពោះការរំលោភលើស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដូចទៅនឹងបណ្ដាប្រទេសនៅសហគមន៍អន្ដរជាតិ បានធ្វើរួចទៅហើយនោះ។ នេះបើតាមវីដេអូបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកកាលពីម្សិលមិញ។
ក្នុងកិច្ចប្រជុំនោះ លោក Mark Butler ក៏ប្រតិកម្មនឹងសារគំរាមកំហែងរបស់លោក ហ៊ុន សែន ដែលប្រកាសមិនចរចាជាមួយអតីតបក្សប្រឆាំង ដោយលោក ហ៊ុន សែន បានបញ្ចេញកំហឹង និងបន្ទោសទៅលើអ្នកធ្វើបាតុកម្មដុតទីម៉ោងប្រឆាំងរូបលោកនៅប្រទេសអូស្ដ្រាលី។
ក្នុងកិច្ចប្រជុំ លោក Mark Butler ថ្លែងថា៖ «អូស្ដ្រាលីត្រូវបន្ដការទទួលខុសត្រូវពេញលេញលើស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ យើងត្រូវហ៊ាននិយាយ និងគាំទ្រប្រជាពលរដ្ឋខ្មែរ។ លោក កឹម សុខា និងលោក James Ricketson ត្រូវតែដោះលែង។ លោក ហ៊ុន សែន មិនអាចបន្ដបំផ្លាញស្មារតី និងកិច្ចព្រមព្រៀងក្រុងប៉ារីសឡើយ ដោយគ្មានការឆ្លើយតបពីសហគមន៍អន្ដរជាតិឡើយ។ ការឆ្លើយតបទាំងអស់នោះ បានធ្វើបង្កើតរួចនៅហើយ ដូចជា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា នេះជារឿងធម្មតានៅក្នុងសង្គមប្រជាធិបតេយ្យ ដែលគណបក្សប្រឆាំង តែងជំរុញទៅបក្សកាន់អំណាច ឲ្យធ្វើអ្វីមួយដែលពួកគេចង់បាន។ ប៉ុន្ដែ លោកយល់ថា ការស្នើសុំបែបនេះ នឹងពុំអាចទៅរួចនោះទេ។
លោកថា៖ «វាជាវប្បធម៌ដដែលៗ របស់គណបក្សប្រឆាំង មិនថា នៅប្រទេសណាៗទេ ប៉ុន្ដែ ការមានយោបល់យ៉ាងណាៗនោះ គឺថា មិនមានប្រសិទ្ធិភាពទេ ពីព្រោះបក្សកាន់អំណាច មិនយកតាមមតិ ការអំពាវនាវរបស់ពួកគាត់ទេ។ ហើយយើងចាត់ទុកថា នេះជារឿងធម្មតា នៅក្នុងសង្គមប្រជាធិបតេយ្យសេរីពហុបក្ស»។
មន្ដ្រីជាន់ខ្ពស់ផ្នែកអង្កេតនៅអង្គការខុមហ្វ្រែល លោក កន សាវាង្ស យល់ថា រដ្ឋាភិបាលកម្ពុជា នឹងប្រឈមមុខនឹងទណ្ឌកម្ម ឬការដាក់សំពាធថែមទៀតពីអន្ដរជាតិ បើសិនស្ថានការណ៍នយោបាយបច្ចុប្បន្ន មិនវិលទៅរកភាពល្អប្រសើរឡើងវិញ។
លោកថា៖ «វាធ្វើឲ្យសហគមន៍អន្ដរជាតិ ជាពិសេសប្រទេសដែលចូលរួមក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹង លោកនឹងអាចមានប្រតិកម្ម ឬផែនការផ្សេងៗទៀត ដែលដាក់មកលើកម្ពុជាយើង បើសិនមិនអាចសម្រួលសភាពការណ៍បែបនេះ។ ដោយមានការចូលរួមពីជប៉ុនទេ យើងថា ប្រហែលជានឹងមានស្អីបន្ថែមទៀត ប៉ុន្ដែ យើងក៏មិនដឹងច្បាស់លាស់ទេ»។
កាលពីថ្ងៃទី២១ ខែមីនាកន្លងទៅ ប្រទេសចំនួន៤៥នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានចូលរួមថ្កោលទោសរដ្ឋាភិបាលកម្ពុជា ជុំវិញបញ្ហាស្ថានការណ៍នយោបាយ និងសិទ្ធិមនុស្ស នៅមុនការបោះឆ្នោត ដោយថា ការបោះឆ្នោតថ្នាក់ជាតិនាខែកក្កដាខាងមុខនេះ គឺពុំអាចទទួលបានទេ បើគ្មានអតីតបក្សប្រឆាំងដ៏ធំចូលរួមនោះ៕