អភិបាលខេត្តតាកែវ ត្រូវបានរដ្ឋាភិបាលសម្រេចផ្លាស់ប្ដូរហើយ ដោយផ្ទេរអភិបាលខេត្តបច្ចុប្បន្ន ឲ្យទៅបម្រើការងារនៅក្រសួងមហាផ្ទៃ។
ក្នុងព្រះរាជក្រឹត្យកាលពីថ្ងៃម្សិលមិញនេះ ប្រមុខរដ្ឋស្ដីទី លោក សាយ ឈុំ បានសម្រេចផ្ទេរតំណែងអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ឲ្យទៅបម្រើការនៅទីស្ដីការក្រសួងមហាផ្ទៃ និងជំនួសវិញដោយលោក អ៊ូច ភា។
សេចក្ដីសម្រេចបែបនេះ ត្រូវបានធ្វើឡើងទៅតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក ឡាយ វណ្ណៈ ដែលជាកូនប្រសាររបស់អតីតអភិបាលខេត្តតាកែវ លោក ស៊ូ ភារិន្ទ បានកាន់តំណែងជាអភិបាលខេត្តតាកែវ ចាប់តាំងពីខែមីនា ឆ្នាំ២០១៤។
អភិបាលខេត្តថ្មី លោក អ៊ូច ភា ដែលជាកូនប្រសារអតីតអភិបាលខេត្តតាកែវ លោក ស្រី បេន គឺជាអភិបាលក្រុងដូនកែវ មុននឹងលោកត្រូវបានសម្រេចឲ្យមកកាន់តំណែងថ្មីនេះ៕