តុលាការ​​សម្រេច​ឲ្យ​បន្ត​ឃុំ​ខ្លួន​លោក កឹម សុខា ដដែល ដូច​ការ​ថ្លែង​របស់​លោក ហ៊ុន សែន

លោក កឹម សុខា នាពេលកន្លងទៅ

សាលាឧទ្ធរណ៍ នៅថ្ងៃព្រឹកនេះ ​បានសម្រេចឲ្យបន្តឃុំខ្លួនលោក ​កឹម សុខា ដដែល ដូច​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​រាជ​ធានី បន្ទាប់ពីលោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​ថា លោកមិនជឿថា តុលាការ​នេះ​នឹងសម្រេច​​ដោះ​លែងមេបក្ស​ប្រឆាំង​រូប​នេះ​នោះ​ឡើយ។

ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សម្រេច​ប្ដឹង​ទៅសាលា​ឧទ្ធរណ៍​ ជំទាស់​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដែល​បាន​សម្រេច​ឲ្យ​បន្ត​ឃុំ​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ ៦​ខែ​បន្ថែម​ទៀត ក្រោយ​ពី​លោក​ត្រូវ​បាន​ចាប់​ដាក់​ឃុំ​បណ្ដោះ​អាសន្ន​អស់​រយៈ​ពេល ៦​ខែ​មក​ហើយ​នោះ។

សហ​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា គឺ​លោកស្រី ម៉េង សុភារី មានប្រសាសន៍ថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសភាស៊ើបសួរសាលាឧទ្ធរណ៍ បានសម្រេចឲ្យឃុំខ្លួនកូន​ក្ដី​លោកស្រី​​បន្តទៀត ដោយសម្អាងថា ការសម្រេចរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញធ្វើឡើងតាមនីតីវិធីច្បាប់។

សវនាការ​រយៈ​ពេល ២​ម៉ោង​នៅ​ព្រឹក​ថ្ងៃ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ពុំ​មាន​វត្តមាន​លោក កឹម សុខា នោះ​ឡើយ បើទោះបី​ជា​សាលា​ឧទ្ធរណ៍​បាន​ចេញ​បញ្ជា​ឲ្យ​ខ្លួន​មេបក្ស​ប្រឆាំង​រូប​នេះ​ចូល​ក្នុង​សវនាការ​ថ្ងៃ​នេះ​ក៏​ដោយ។

លោក ហែម សុជាតិ សហមេធាវីការពារក្ដីឲ្យលោក កឹម សុខា ប្រាប់អ្នកសារព័ត៌មានបន្ទាប់ចេញពីសវនាការថា លោកមិនដឹងពីមូលហេតុដែលចៅក្រមមិនយកកូនក្ដីមកចូលរួមសវនាការនោះទេ។ លោកចាត់ទុកការមិននាំខ្លួនកូនក្ដីមកចូលរួមសវនាការថា ជារឿងអយុត្តិធម៌  ខណៈដែល​លោក កឹម សុខា បានបង្ហាញឆន្ទៈថា នឹងចូលរួមសវនាការនៅក្នុងថ្ងៃនេះ បើទោះបីលោកកំពុងមានជំងឺពិបាកក្នុងការធ្វើដំណើរក៏ដោយ។

​លោកថា៖ «យើងចង់ឲ្យមានវត្តមានកូនក្ដី​ ដើម្បីឲ្យគាត់ថ្លៃងប្រាប់ទៅសភាស៊ើបសួរថា មិនគួរឃុំខ្លួនគាត់ទេ តែអាជ្ញាធរមិនដឹកមក។ យើងក៏មានការសោកស្ដាយដែរ​ចំពោះបញ្ហាហ្នឹង»

សេចក្ដី​សម្រេច​បែប​នេះ​របស់​សាលា​ឧទ្ធរណ៍ បាន​កើត​ឡើង​តែ​ពីរ​បី​ម៉ោង​ប៉ុណ្ណោះ ​ក្រោយ​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​​ថ្លែង​ជា​សាធារណៈ​ថា លោក​មិន​ជឿ​ថា តុលាការ​មួយ​នេះ នឹង​ដោះ​លែង​លោក កឹម សុខា ឲ្យ​នៅ​ក្រៅ​ឃុំ​នោះ​ឡើយ ខណៈ​ដែល​លោក​ទម្លាយ​ផង​ដែរ​ថា លោក​ផ្ទាល់​បាន​បញ្ជា​ឲ្យ​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ។

ខណៈ​ដែល​អះ​អាង​ថា សេចក្ដី​សម្រេច​របស់​តុលាការ​ជា​សេចក្ដី​សម្រេច​ដោយ​ឯករាជ្យ​ លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​ព្រឹក​ថ្ងៃ​នេះ​ថា៖ «ខ្ញុំ​មិន​ជឿ​ទេ​ថា សាលា​ឧទ្ធរណ៍​នឹង​ដោះ​លែង​អាមេ​ក្បត់​ជាតិ​ហ្នឹង​ទេ»

សវនាការ​​នៅ​ព្រឹក​ថ្ងៃ​នេះ ត្រូវ​បាន​ដំណើរការ​ទៅ​ក្រោម​ការ​រឹត​បន្តឹង​សន្តិសុខ​​ផង​ដែរ ដោយ​​សមត្ថកិច្ច​បាន​ដាក់​របាំង​បិទ​កំណាត់​វិថី​សុធារស និង​កំណាត់​ផ្លូវ​ស៊ីសុវត្ថិ មិន​ឲ្យ​ចរាចរណ៍​ឆ្លង​កាត់​នោះ​ឡើយ ខណៈ​ដែល​ក្រុម​អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង និង​ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​​ជាតិ និង​អន្តរជាតិ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​បរិវេណ​នៃ​សាលា​ឧទ្ធរណ៍​នោះ​ឡើយ។

នៅ​ខាង​ក្រៅ​បរិវេណ​សាលា​ឧទ្ធរណ៍​ឯណោះ​វិញ លោក ប៉ែន ចាន់ ជា​ពលរដ្ឋ​ម្នាក់​ដែល​បាន​ទៅ​​តាម​ដាន​សវនាការ​នៅ​ព្រឹក​ថ្ងៃ​នេះ ត្រូវ​បាន​មេ​សន្តិសុខ​ខណ្ឌ​ដូនពេញ លោក គឹម វុត្ថា ទះ​កំផ្លៀង​មួយ​ដៃ និង​បង្ខំ​ឲ្យ​លុប​ចោល​សំណេរ​លើ​ផ្លូវ ដែល​លោក ប៉ែន ចាន់ សរសេរ​ថា «០+0=៨»។

ប្រធាន​គ្រប់​គ្រង​ផ្នែកអង្កេតនៃអង្គការ​លីកាដូ លោក អំ សំអាត បាន​លើក​ឡើង​ថា នេះ​មិន​មែន​ជា​ករណី​ថ្មី​នោះ​ទេ ដែល​តុលាការ​កម្ពុជា តែង​តែ​បដិសេធ​បណ្តឹង​ទាស់នៅ​ក្នុង​សំណុំ​រឿង​ពាក់​ព័ន្ធ​នឹង​នយោបាយ​នោះ។

លោក អំ សំអាត មាន​ប្រសាសន៍​ថា​៖ «តាំងពីដើមមក ករណីធំៗឬក៏រឿងអ្នកនយោបាយ ឬក៏សកម្មជនការពាសិទ្ធិមនុស្ស ការពារដីធ្លី និងបរិស្ថាននានា បើសិនជាសាលាដំបូងសម្រេចម៉េចហើយ សាលាឧទ្ធរណ៍កម្រមានការកែប្រែណាស់ គឺសាលក្រម ឬក៏សេចក្ដីសម្រេចរបស់តុលាការជាពិសេសការជំទាស់នឹងការឃុំខ្លួនហ្នឹង»

លោក កឹម សុខា ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ សម្រេច​ឲ្យ​បន្ត​ឃុំ​ខ្លួន​បន្ត​ទៀត បន្ទាប់​ពី​លោក​ត្រូវ​ចាប់​ដាក់​ឃុំ​អស់​រយៈ​ពេល​ជាង ៦​ខែ​មក​ហើយ​នោះ ចាប់​តាំង​ពី​ថ្ងៃ​ទី​០៣ ខែ​កញ្ញា​ឆ្នាំ​មុន។

លោក កឹម សុខា ត្រូវ​បាន​រដ្ឋាភិបាល​ចោទ​ថា «ក្បត់​ជាតិ» និង «ឃុប​ឃិត»ជាមួយ​បរទេស ក្នុង​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់ ប៉ុន្តែ គណបក្ស​សង្គ្រោះ​ជាតិ បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ