សវនាការ​ដំណើរការ​​ទាំង​គ្មាន​​លោក កឹម សុខា ខណៈ​សន្តិសុខ​ជុំ​វិញ​សាលា​ឧទ្ធរណ៍​ត្រូវ​បាន​រឹត​បន្តឹង

រូបភាពពីហ្វេសប៊ុកលោកសមរង្សី

សន្តិសុខ​​ត្រូវ​បាន​រឹត​បន្តឹង​នៅ​ជុំ​វិញ​សាលា​ឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​នេះ ខណៈ​ដែល​សវនាការ​សំណុំ​រឿង​មេដឹកនាំ​បក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ ត្រូវ​បាន​កំណត់​ធ្វើ​ឡើង​នៅ​ម៉ោង ៨​ព្រឹក ទាំង​គ្មាន​វត្តមាន​លោក កឹម សុខា។

កំណាត់​ផ្លូវ​សុធារស​ត្រង់​ម្ដុំ​មុខ​ព្រះ​បរម​រាជ​វាំង​រហូត​ដល់​​មុខ​សាល​មហោ​ស្រព​ចតុមុខ និង​កំណាត់​ផ្លូវ​ស៊ីសុវត្ថិនៅ​ត្រង់​អតីត​មន្ទីរ​រដ្ឋ​សភា ត្រូវ​បាន​កម្លាំង​សន្តិសុខ​ដាក់​របាំង​ការពារ និង​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​របស់​យាន​យន្ត​គ្រប់​ប្រភេទ។

ក្រុម​អ្នក​គាំ​ទ្រ និង​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ជាតិ-អន្តរជាតិ ក៏​មិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​តាម​ដាន​ដំណើរ​សវនាការ​ក្ដី​លោក កឹម សុខា ផង​ដែរ​នៅ​ព្រឹក​នេះ។

សាលា​ឧទ្ធរណ៍​បាន​កំណត់​បើក​សវនាការ​លើ​បណ្ដឹង​របស់​ក្រុម​មេធាវី ដែល​បាន​ប្ដឹង​ជំទាស់​ទៅ​នឹង​ការ​បន្ត​ឃុំ​ខ្លួន​លោក កឹម សុខា បន្ទាប់​ពី​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​អស់​រយៈ​ពេល ៦​ខែ​រួច​មក​ហើយ​នោះ។

សាលា​ឧទ្ធរណ៍​ក៏​បាន​ចេញ​បញ្ជា​ឲ្យ​នាំ​ខ្លួន​លោក កឹម សុខា ចូល​សវនាការ​នៅ​ព្រឹក​នេះ​ផង​ដែរ ប៉ុន្តែ វត្តមាន​នៃ​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ មិន​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នោះ​ឡើយ។

អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក នុត សវនា ពុំ​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ទេ​ថា តើ​លោក កឹម សុខា ត្រូវ​បាន​នាំ​យក​ពី​ពន្ធនាគារ​ត្រពាំងផ្លុង ចូល​ក្នុង​សវនាការ​នៅ​ព្រឹក​ថ្ងៃ​នេះ​ ឬយ៉ាងណា​នោះ​ទេ ហើយ​លោក​បាន​ប្រាប់​ឲ្យ​សួរ​ទៅ​ខាង​សាលា​​ឧទ្ធរណ៍។

អ្នក​នាំ​ពាក្យ​សាលា​ឧទ្ធរណ៍ លោក ទូច ថារិទ្ធិ បាន​ប្រាប់​វីអូឌី​នៅ​ព្រឹក​ថ្ងៃ​នេះ​ថា មន្ត្រី​នៃ​អគ្គ​នាយកដ្ឋានពន្ធនាគារ ពុំ​បាន​នាំ​ខ្លួន​លោក កឹម សុខា ចូល​ក្នុង​សវនាការ​នៅ​ព្រឹក​ថ្ងៃនេះ ដូច​ដែល​សាលា​ឧទ្ធរណ៍​បាន​ចេញ​បញ្ជា​ឲ្យ​នាំ​ខ្លួន​នោះ​ឡើយ។

ខណៈ​ដែលសវនាការ​លើ​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​កំពុង​ដំណើរការ​នោះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា លោក​មិន​ជឿ​ថា តុលាការ​មួយ​នេះ នឹង​ដោះ​លែង​លោក កឹម សុខា នោះ​ឡើយ បើ​ទោះបី​ជា​លោក​បាន​អះ​អាង​អំពី​អំណាច​នៃ​ការ​សម្រេច​ចិត្ត​ដោយ​ឯករាជ្យ​របស់​តុលាការ​ក៏​ដោយ។

នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​ឯកជន​មួយ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​នេះ លោក ហ៊ុន សែន បាន​​ថ្លែង​ថា​៖ «ខ្ញុំ​មិន​ជឿ​ទេ​ថា សាលា​ឧទ្ធរណ៍​នឹង​ដោះ​លែង​អាមេ​ក្បត់​ជាតិ​ហ្នឹង​ទេ»

លោក កឹម សុខា ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ សម្រេច​ឲ្យ​បន្ត​ឃុំ​ខ្លួន​បន្ត​ទៀត បន្ទាប់​ពី​លោក​ត្រូវ​ចាប់​ដាក់​ឃុំ​អស់​រយៈ​ពេល​ជាង ៦​ខែ​មក​ហើយ​នោះ ចាប់​តាំង​ពី​ថ្ងៃ​ទី​០៣ ខែ​កញ្ញា​ឆ្នាំ​មុន។

លោក កឹម សុខា ត្រូវ​បាន​រដ្ឋាភិបាល​ចោទ​ថា «ក្បត់​ជាតិ» និង «ឃុប​ឃិត»ជាមួយ​បរទេស ក្នុង​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់ ប៉ុន្តែ គណបក្ស​សង្គ្រោះ​ជាតិ បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ