លោក ជួន សុវណ្ណ បញ្ជាឲ្យកងកម្លាំងពង្រឹងទប់ស្កាត់ចលនាសង្គ្រោះជាតិ​

រូបភាពពី គេហទំព័រ អគ្គស្នងការនគរបាលរាជធានីភ្នំពេញ

ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជា​ទៅអធិការ​​គ្រប់ខណ្ឌទាំងអស់ ត្រូវស្រាវជ្រាវ និង​ទប់ស្កាត់ ឲ្យបាននូវរាល់ការប៉ុនប៉ងជួបជុំគ្នារបស់ក្រុមចលនាសង្រ្គោះជាតិ ដោយថាដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម​ ពិសេសអំឡុងពេលបោះឆ្នោត​ខែកក្កដាខាងមុខ។​

ក្នុងកម្មវីធីមួយកាលពីម្សិលមិញលោក ជួន សុវណ្ណថ្លែងថា កងកម្លាំងត្រូវទប់ស្កាត់រាល់ចលនាដែលក្រុមអតីតគណបក្សប្រឆាំងរៀបចំឡើង។​ លោក ជួន​ សុវណ្ណចាត់ទុកថា ចលនាទាំងនោះជាក្រុមប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាល។​

លោកថ្លែងដូច​នេះ​ថា «យើងជាអ្នកចូលរួមអនុវត្តន៍ផ្ទាល់ក្នុងការទប់ស្កាត់បដិវត្តន៍ពណ៌ ការទប់ស្កាត់ចលនាអសន្តិសុខសង្គម ដែលក្រុមគណបក្សប្រឆាំងចង់ធ្វើហើយត្រូវទប់ស្កាត់ឲ្យបានរាល់ចលនាណាមួយដែលក្រុមនេះប៉ុនប៉ង​​ចង់ធ្វើ»

ជាមួយគ្នានោះ ក្នុង​ជំនួបសំណេះសំណាលជាមួយកម្មករនាព្រឹកថ្ងៃ​នេះ លោក ហ៊ុន សែន បានថ្លែងប្រហាក់ប្រហែលនិងលោក ជួន សុវណ្ណដែរ ដោយលោក​អំពាវនាវទៅប្រជាពលរដ្ឋទាំងអស់កុំចូលរួមចលនាខុសច្បាប់ ដោយថា ដើម្បី​កុំ​​ឲ្យ​​ប៉ះ​ពាល់​ដល់​សន្តិសុខសង្គម​។

លោកថ្លែងថា«ការដែលលំបាកគឺទៅគាំទ្រការធ្វើសកម្មភាពខុសច្បាប់នោះវិញទេ ទើបវាជាការលំបាកព្រោះត្រូវប្រឈមជាមួយគុក ជាមួយច្រវ៉ាក់ជាមួយនឹងខ្នោះ ឬរហូតបើសិនជាមានសកម្មភាពប្រដាប់អាវុធចេញ អំពើហិង្សានិងប្រឈមជាមួយបញ្ហាគ្រោះថ្នាក់នានា ដែលកើតមានឡើងជាយថាហេតុ​​»

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក​ យង់ គិមអេង យល់ថា បើកម្ពុជាបែកបាក់ផ្ទៃក្នុង​ នឹងធ្វើឲ្យ​ប្រទេសជិតខាង​ជា​អ្នកចំណេញ​។ ករណីនេះលោកថា អ្នក​នយោបាយគួរតែរកដំណោះស្រាយ​ជជែកគ្នា ដើម្បី​ធ្វើឲ្យកម្ពុជា​ជៀសផុតពីការខាតប្រយោជន៍ទៅឲ្យប្រទេសជិតខាង។

លោកយល់ថា «​ជារឿងដែលល្អ ទាំងអ្នកខាងក្នុងនិងអ្នកខាងក្រៅគឺមិនគួរណា ប្រើប្រាស់វោហាសាស្ត្រជ្រុលនិយមហួសហេតុពេកទេ គួរតែមានការនិយាយឬក៏ការប្រើវោហាសាស្ត្រដែលមានការគោរពគ្នាទៅវិញទៅមកដែលជាលក្ខណៈ ដែលថាយើង​​អាច​​រស់នៅជាមួយគ្នា​​បានទៅថ្ងៃក្រោយ យើងមិនមែនជាសត្រូវជាមួយគ្នា បានវោហាសាស្ត្រដែលយើងចំនេញ»

ចលនាសង្គ្រោះជាតិ​ផ្ដួច​ផ្ដើម​ដោយ​លោក សម រង្ស៊ី កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០១៨នេះ ដោយលោកថាចលនានេះ បង្កើតឡើង​ដើម្បីរកដំណោះស្រាយមួយ លើកទឹកចិត្ត និងបំផុសបំផុលឡើងវិញនូវ កម្លាំង​ស្នេហាជាតិ និង​កម្លាំងប្រជាធិបតេយ្យនៅកម្ពុជា។ លោកបន្តថា ចលនានេះនឹងធ្វើសកម្ម​ភា​ព​ឈា​​ន​​​ទៅ​ដាក់​សម្ពាធដៃ​គូប្រកួត ឲ្យ​ពិ​ចា​រណាបើកចំហប្រជាធិបតេយ្យឡើងវិញ ក្រោយ​​ពី​គណបក្សប្រឆាំ​ង​របស់លោក ត្រូ​វ​បាន​​​រំ​លា​យកាលពីពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំមុន ហើយ​ថ្នាក់​​ដឹកនាំ ១១៨​រូប​របស់​បក្ស​ប្រឆាំង​មួយ​នេះ ក៏​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោ​បាយ​រយៈ​ពេល ៥​ឆ្នាំ​ផងដែរ។

ប៉ុន្តែក្រុមចលនាសង្គ្រោះជាតិដែលដឹកនាំដោយ​លោក សម រង្ស៊ី នោះ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ថា ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់។ មិន​តែ​ប៉ុណ្ណោះ ថ្នាក់​ដឹក​នាំ​នៃ​ចលនា​នេះ​ ក៏​ត្រូវ​បាន​ក្រសួង​មហា​ផ្ទៃ​ប្តឹង​ឲ្យ​តុលាការ​កម្ពុជា​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​ថែម​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ