លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាទៅក្រសួងសុខាភិបាលឲ្យបញ្ជូនក្រុមគ្រូពេទ្យទៅបម្រើសេវាសុខភាពនៅទីជនបទឲ្យបានច្រើនដោយថា តំបន់ដាច់ស្រយ៉ាលមួយចំនួននៅតែខ្វះគ្រូពេទ្យបំរើសេវាសុខភាពដល់ ប្រជាពលរដ្ឋ។
ក្នុងពិធីបិទសន្និបាតសុខាភិបាលនៅថ្ងៃទី២៧ម្សិលមិញនេះ លោក ហ៊ុន សែន បានប្រាប់ទៅរដ្ឋមន្រ្តីក្រសួង សុខាភិបាលលោក ម៉ម ប៊ុនហេង ឲ្យយកចិត្តទុកដាក់ចំពោះការផ្តល់សេវាសុខភាពដល់ប្រជាពលរដ្ឋជាពិសេសប្រជាពលរដ្ឋនៅជនបទដាច់ស្រយ៉ាល។
លោកបន្តថា បើទោះបីជានៅថ្នាក់ខេត្តមានបុគ្គលិកសុខាភិបាលច្រើនគួរឲ្យគត់សំគាល់ក៏ដោយ ប៉ុន្តែសម្រាប់ តំបន់ស្រយ៉ាសនៅតែខ្វះក្រុមគ្រូពេទ្យ ដោយសារពុំមានការបែងចែក ឬចាត់តាំងក្រុមគ្រូពេទ្យឲ្យបានត្រឹម ត្រូវ។
លោកបន្ថែមថា«វាទំហំធំប្រមូលផ្តុំនៅក្របខណ្ឌខេត្ត ដែលមិនបានពង្រាយចុះទៅតាមបណ្តាមន្ទីរពេទ្យនៅ តាមស្រុក តាមឃុំ ចំណុចនេះជាចំណុចដែលយើងត្រូវតាមដានមើល បើមិនដូច្នេះទេ គឺគ្រូពេទ្យរបស់យើង នៅកន្លែងដែលមានប្រជាជនច្រើននៅតែមានគ្រូពេទ្យតិច ដែលខ្ញុំស្នើឲ្យបានការយកយកចិត្តទុកដាក់ទៅលើ បញ្ហានេះជាបន្តទៀត ទៅលើការបែងចែកគ្រូពេទ្យរបស់យើងដើម្បីបម្រើឲ្យសេចក្តីត្រូវការរបស់ប្រជាជននៅឯ ជនបទ»។
ក្រៅពីជំរុញឲ្យបញ្ជូនក្រុមគ្រូពេទ្យទៅដល់ទីជនបទដាច់ស្រយ៉ាលឲ្យបានច្រើន លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏តម្រូវឲ្យបញ្ជូន ឬ បំពាក់ឧបកណ៏សម្ភារពេទ្យ និងថ្នាំពេទ្យឲ្យបានគ្រប់គ្រាន់ផងដែរ។
របាយការណ៍ក្រសួងសុខាភិបាលឆ្នាំ២០១៧បង្ហាញថា បច្ចុប្បន្នមានបុគ្គលិកសុខាភិបាលបម្រើការងារនៅថ្នាក់ ខេត្តសរុប១៨ ៥៨៤នាក់ ស្មើនឹង៧២,៩៩ភាគរយ នៃបុគ្គលិកសុខាភិបាលសរុបប្រមាណ ២៥ ៤៥៩ នាក់៕