អាជ្ញាធរអំពាវនាវទៅអ្នកធ្វើដំណើរពង្រឹងការគោរពច្បាប់ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ

រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍ លោក ស ខេង

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពា​វនាវទៅអ្នកធ្វើដំណើរក្នុង​ថ្ងៃ​បុណ្យ​ចូលឆ្នាំខ្មែ​រទាំងអស់ ត្រូវ​គោរ​ពច្បាប់ចរាចរ​ណ៍ ដោយថាដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់​ដល់អាយុជីវិតនិងបញ្ហាផ្សេងៗទៀត​។

ក្នុងសេចក្តីអំពាវនាវរបស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចុះផ្សាយ​ថ្ងៃនេះថា ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែ​រ​នឹងប្រព្រឹត្តទៅ​នៅថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ខាងមុខ​នេះ។ ករណីនេះ គណៈកម្មាធិការបញ្ជាក់ថា ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក អ្នកធ្វើដំណើរទាំងអស់ត្រូវ​គោរពច្បាប់ កុំប្រើប្រាស់គ្រឿង​ស្រវឹង មិនត្រូវ​បើកបរលើសល្បឿនកំណត់ ត្រូវ​ពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច មិនត្រូវ​បត់ឬវ៉ាជែង​ក្នុងភាព​ប្រថុយប្រថាន មិនត្រូវ​ផ្ទុកអ្នកដំណើរលើសច្បាប់កំណត់ ត្រូវ​ពិនិត្យបច្ចេកទេសយានយន្តជានិច្ច​ជាដើម។

សេចក្តីអំពាវនាវដដែលបញ្ជាក់ទៀតថា ករណីមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងប្រជាពលរដ្ឋទាំងអស់ត្រូវអត់ធ្មត់ អធ្យាស្រ័យ ជៀសវៀងប្រើអំពើហិង្សា និងទាក់ទងទៅសមត្ថកិច្ចនៅជិតបំផុត ឲ្យមក​ដោះស្រាយ​តាមច្បាប់​។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងក្នុងកិច្ចប្រជុំ​មួយកាលពីថ្ងៃទី២២ខែមករា​ថា  គ្រោះថ្នាក់​ចរាចរ​ណ៍​នៅតែជាបញ្ហាប្រឈមដែលមន្ត្រីពាក់ព័ន្ធត្រូវតែពង្រឹងទប់ស្កាត់ ដោយលោក​យោងទៅលើរបាយការណ៍​ប្រចាំ​ឆ្នាំ របស់​អគ្គស្នងការវាយយ​តម្លៃថា ​​ជាមធ្យម​ម​​នុស្សយ៉ាងតិចស្លាប់៥ទៅ៨នាក់ក្នុងមួយថ្ងៃ។

របាយការណ៍ដដែលបញ្ជាក់ទៀតថា គ្រោះ​ថ្នាក់​ចរាចរណ៍ បាន​សម្លាប់​មនុស្ស​ជិត ១៨០០​នាក់ ខណៈ​មនុស្ស​ជាង ៥​៥០០​​នាក់​ទៀតបាន​រង​របួស នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស ​​កាល​ពី​ឆ្នាំ​២០១៧​កន្លង​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ