សហភាពអន្តរសភា ដែលមានសមាជិក ១៧៣ប្រទេស បានថ្កោលទោសជាថ្មីទៅលើរដ្ឋាភិបាលកម្ពុជា និងបានជំរុញឲ្យផ្ដល់សិទ្ធិខាងនយោបាយពេញលេញឡើងវិញ ដល់អតីតបក្សប្រឆាំងតាមគោលការណ៍ប្រជាធិបតេយ្យ។
គណបក្សសង្គ្រោះជាតិ ដែលមានសំឡេងគាំទ្រពីប្រជាពលរដ្ឋប្រហែល ៣លានសំឡេងទាំងនៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ និងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧នោះ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីពាក់កណ្ដាលខែវិច្ឆិកាឆ្នាំមុន ហើយបានហាមឃាត់សិទ្ធិខាងនយោបាយរយៈពេល ៥ឆ្នាំ ទៅលើក្រុមមន្ត្រីជាន់ខ្ពស់ ១១៨រូបរបស់បក្សនេះផងដែរ។
ជាងនេះទៅទៀត មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា នៅតែស្ថិតនៅក្រោមការឃុំខ្លួនអស់រយៈពេលជាង ៦ខែមកហើយ ចាប់តាំងពីលោកត្រូវបានចាប់ខ្លួនកាលពីដើមខែកញ្ញាឆ្នាំមុនមក។
នៅឯសន្និបាតលើកទី ១៣៨ របស់ខ្លួន នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃម្សិលមិញនេះ សហភាពអន្តរសភា ហៅកាត់ថា IPU បានចាត់ទុកវិធានការទាំងឡាយទៅលើបក្សប្រឆាំងដ៏ធំនៅកម្ពុជាថា ជាការរំលោភទៅសិទ្ធិជាមូលដ្ឋានរបស់សមាជិកសភា។
សហភាពអន្តរសភា ដែលប្រមូលផ្ដុំទៅដោយសមាជិកសភាមកពីប្រទេសចំនួន ១៧៣នៅទូទាំងពិភពលោក ក៏បានបង្ហាញការសោកស្ដាយថា ការរំលោភបំពានទៅលើបក្សប្រឆាំង តែងតែកើតមានជាយូរមកហើយ នៅមុនការបោះឆ្នោតនៅកម្ពុជាកាលពីពេលកន្លងមក។
សហភាពអន្តរសភា បានថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនថា៖ «IPU ជំរុញទៅអាជ្ញាធរកម្ពុជា ឲ្យផ្ដល់ឲ្យជាបន្ទាន់នូវអាសនៈសភាទាំង ៥៥ដល់សមាជិកសភាគណបក្សសង្គ្រោះជាតិ និងចាប់ផ្ដើមកិច្ចសន្ទនាខាងនយោបាយឡើងវិញ ប្រសិនបើចាំបាច់ មានការជួយគាំទ្រពី IPU»។
ប៉ុន្តែ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន កាលពីថ្ងៃអង្គារថ្លែងថា លោកមិនអាចចរចាជាមួយគណបក្សដែលបានរំលាយទៅហើយនោះឡើយ ដោយថា លោកមិនអាចរំលោភលើសាលដីការបស់តុលាការបានទេ។
លោកថា៖ «ខ្ញុំបញ្ជាក់តែពីរចំនុចទេ។ ទី១ គ្មានការចរចាជាមួយពួកក្បត់ជាតិ ទី២ គ្មានការលើកលែងទោស ឬបន្ធូបន្ថយទោសឲ្យក្រុមក្បត់ជាតិនេះទេ។ លោកឯងចង់ថាម៉េចថាទៅ ចង់ធ្វើអីធ្វើទៅ។ កាលពីមុនម៉េចលោកឯងមិននៅឲ្យស្ងៀម ធ្វើឲ្យវាស្រួល លោកឯងបង្កើតនូវហិង្សាដុតរូប ហ៊ុន សែន នៅគ្រប់ទីកន្លែង»។
ទោះជាយ៉ាងណា ទីប្រឹក្សាច្បាប់អន្តរជាតិជាន់ខ្ពស់នៃគណៈកម្មការអ្នកច្បាប់អន្តរជាតិហៅកាត់ថា ICJ លោក Kingsley Abbott បានថ្លែងក្នុងកិច្ចប្រជុំនៃអនុគណៈកម្មាធិការសភាប្រទេសកាណាដាកាលពីម្សិលមិញថា រដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់ប្រព័ន្ធតុលាការមិនឯករាជ្យ ជាលេសថា ពង្រឹងនីតិរដ្ឋ។
អ្នកវិភាគនយោបាយ និងជាអ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក បណ្ឌិត មាស នី យល់ថា ជំហររបស់អ្នកនយោបាយកម្ពុជា ដែលមិនប្រកាន់យកឥរិយាបថអង្គុយជជែកទល់មុខគ្នានេះ នឹងជំរុញឲ្យជាតិបែកបាក់។
អ្នកវិភាគនយោបាយរូបនេះ បានជំរុញទៅអ្នកនយោបាយខ្មែរ ឲ្យបង្កើតវប្បធម៌សន្ទនាឡើងវិញ ដើម្បីជំរុញសាមគ្គីផ្ទៃក្នុងជាតិ ទំនុកចិត្តក្នុងចំណោមមេដឹកនាំនយោបាយខ្មែរ និងផលប្រយោជន៍ជាតិជាធំ។
លោកថា៖ «ខ្ញុំគិតថា លទ្ធផលបោះឆ្នោតកន្លងមក ២០១៣ និង២០១៧ ក៏បង្ហាញពីការព្រួយបារម្ភកាន់តែច្រើនឡើងរបស់គណបក្សកាន់អំណាចផងដែរ ពិសេសសុវត្ថិភាពរបស់អ្នកដឹកនាំតែម្តង ដែលយើងឃើញពាក្យពេចន៍ខ្លះពីគណបក្សប្រឆាំងមក ចេះតែធ្វើឲ្យមានការព្រួយបារម្ភ។ រឿងសំខាន់ត្រូវមានគោលនយោបាយជាក់លាក់ស្អីមួយ ផ្តល់សុវត្ថិភាពជូនអ្នកដឹកនាំខ្មែរយើងទៅ អាហ្នឹងយើងអាចរស់នៅដោយសុខដុមរមនាជាមួយគ្នាទៅថ្ងៃមុខទៅ អ្នកឈ្នះក៏ឈ្នះដោយកិត្តិយស រីឯអ្នកចាញ់ក៏រស់នៅបានសេចក្តីសុខ អបអរសារទរ ហើយធ្វើការប្រណាំងប្រជែងគ្នាតទៅទៀត ។ ថ្ងៃក្រោយអ្នកចាញ់អាចទៅជាអ្នកឈ្នះម្តង អាហ្នឹងយើងនឹងរកច្រកចេញ របស់ប្រទេសយើងបានហើយ»។
ស្ថានការណ៍នយោបាយនៅកម្ពុជា ត្រូវបានសហគមន៍អន្តរជាតិចាត់ទុកថា ជាដំណើរការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បន្ទាប់ពីការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ការរំលាយគណបក្សសង្គ្រោះជាតិ ដែលកាន់កាប់អាសនៈជាប់ឆ្នោតនៅក្នុងសភាចំនួន៥៥ និងការហាមឃាត់សិទ្ធិនយោបាយក្រុមមេដឹកនាំបក្សប្រឆាំង ១១៨រូបមិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំជាដើម៕









