ភូមា​រើស​បាន​ប្រធានាធិបតី​ថ្មី​ជា​បុគ្គល​ដ៏​ភក្ដី​ម្នាក់​​នឹង​អ្នកស្រី ស៊ូជី

សភា​ភូមា​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​សម្រេច​បោះ​ឆ្នោត​គាំ​ទ្រ​​លោក វិន មីយិន ដែល​ជា​មនុស្ស​ស្មោះ​ត្រង់​នឹង​អ្នកស្រី អ៊ុងសាន ស៊ូជី ឲ្យ​ក្លាយ​ជា​ប្រធានាធិបតី​ថ្មី​ប្រទេស​នេះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​សិង្ហបុរី Channel News Asia។

លោក វិន មីយិន អាយុ ៦៦​ឆ្នាំ ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​រើស​សម្រាប់​តំណែង​មួយ​នេះ បន្ទាប់​ពី​អតីត​ប្រធានាធិបតី លោក ទិន ច បាន​ចុះ​ចេញ​ពី​តំណែង​ភ្លាមៗ​កាល​ពី​សប្ដាហ៍​មុន ដោយ​ថា ត្រូវការ​សម្រាក។

អ្នកស្រី ស៊ូជី ត្រូវ​បាន​រដ្ឋ​ធម្មនុញ្ញ​ដែល​តាក់​តែង​ឡើង​ដោយ​ក្រុម​យោធា​ហាម​ឃាត់​មិន​ឲ្យ​កាន់​តំណែង​ប្រធានាធិបតី ដោយសារ​តែ​អ្នកស្រី​បាន​រៀបការ​ជាមួយ​ជន​បរទេស និង​មាន​កូន​ប្រុស ២​នាក់ ជា​ពលរដ្ឋ​អង់គ្លេស។ បើ​ទោះបី​បែប​នេះ​ក្ដី អ្នកស្រី​បាន​កាន់​តំណែង​ជា​ទីប្រឹក្សា​រដ្ឋ បន្ទាប់​ពី​គណបក្ស​អ្នកស្រី​ឈ្នះ​ការ​បោះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​នៅ​ក្នុង​ឆ្នាំ​២០១៥ ដោយ​ប្រកាស​ថា អ្នកស្រី​នឹង​កាន់​តំណែង​ខ្ពស់​ជាង​ប្រធានាធិបតី​ទៅ​ទៀត។

ប៉ុន្តែ តំណែង​របស់​អ្នកស្រី​មិន​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ជា​ផ្លូវការ​នោះ​ទេ។

លោក មិន មីយិន ដែល​បាន​លាលែង​ចេញ​ពី​តំណែង​ប្រធាន​រដ្ឋ​សភា​កាល​ពី​សប្ដាហ៍​មុន​នោះ ទទួល​បាន​ការ​គាំ​ទ្រ​ពី​សមាជិក​សភា​ជិត ២​ភាគ ៣ ដែល​សភា​នោះ​គ្រប​ដណ្ដប់​ទៅ​ដោយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់​អ្នកស្រី ស៊ូជី។

អតីត​មេធាវី​រូប​នេះ នៅ​តែ​ជា​មនុស្ស​ដ៏​សំខាន់​នៅ​ក្នុង​រង្វង់​បក្ស​អ្នកស្រី ស៊ូជី ពោល​គឺ​អ្នក​ទាំង​ពីរ​បាន​តស៊ូ​រួម​គ្នា​អំឡុង​ចលនា​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ​១៩៨៨ ដែល​រង​ការ​បង្ក្រាប​យ៉ាង​ហិង្សា​ពី​សំណាក់​ពួក​យោធា ហើយ​លោក វិន មីយិន និង​សហការី​ជាច្រើន​ទៀត ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ឃុំ​ក្នុង​នាម​ជា​អ្នក​ទោស​នយោបាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ