លោកនាយករដ្ឋមន្ត្រី ថ្លែងថា អាជ្ញាធរ នឹងដាក់ឲ្យរថយន្តក្រុងសាធារណៈដឹកប្រជាពលរដ្ឋមុននិងក្រោយចូលឆ្នាំដោយឥតគិតថ្លៃនៅតាមផ្លូវជាតិមួយចំនួន ដោយថា ដើម្បីជួយសម្រួលដល់ជីវភាពអ្នកធ្វើដំណើរទៅលេងស្រុកកំណើត។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនាព្រឹកថ្ងៃនេះ លោក ហ៊ុន សែន ថ្លែងថា រថយន្តក្រុងសាធារណៈនឹងដឹកជញ្ជូនពលរដ្ឋតាមផ្លូវជាតិលេខ ១, ៣, ៤, ៥ និងលេខ៦ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៨ខែមេសា។ លោកបញ្ជាក់ថា មូលហេតុ ដែលដាក់រថយន្តរដ្ឋដឹកអ្នកដំណើរនេះ ដោយសារក្រុមហ៊ុនដឹកជញ្ជូនឯកជននិយាយគ្នាមិនស្តាប់ តែងតែដំឡើងថ្លៃនៅថ្ងៃបុណ្យចូលឆ្នាំថ្មី។
លោកថ្លែងបែបនេះថា «យើងជាអាជ្ញាធរបញ្ជាទីផ្សារសេរីវាពិបាក វិធីតែមួយដាក់រថយន្តរបស់យើងចុះផ្លូវជាតិលេខ៣ពីចោមចៅ កំពត ផ្លូវជាតិលេខ៤ ពីចោមចៅ កំពង់សោម ផ្លូវជាតិលេខ៥ ភ្នំពេញ បន្ទាយមានជ័យ ផ្លូវជាតិលេខ១ ភ្នំពេញ ស្វាយរៀង ផ្លូវជាតិលេខ៦ ភ្នំពេញសៀមរាប ឡើងថ្លៃទៀតទៅ មិនស្រួលបន្ថែមឡានទៀត ថ្ងៃទី១២ ចាប់ផ្តើមចេញហើយឡានដល់ថ្ងៃ១៨ បានបញ្ចប់ អ្នកណាដែលគេចង់ជិះឡានបង់លុយឲ្យគេជិះទៅ ឯអ្នកដែលគ្មានលុយចាំជិះអានេះ»។
លើសពីនេះទៀត លោក ហ៊ុន សែន អះអាងថា នឹងពិចារណាប្រើយន្តការនេះក្នុងពេលភ្ជំបិណ្ឌខាងមុខនេះផងដែរ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី មានប្រសាសន៍ថា សាលាក្រុងនឹងរៀបចំរថយន្តដាក់តាមគោលដៅ ដើម្បីត្រៀមដឹកពលរដ្ឋទៅតាមផ្លូវជាតិទាំងនោះ ដោយថា ដើម្បីជួយសម្រួលដល់ជីវភាពអ្នកធ្វើដំណើរប្រកបដោយសុវត្ថិភាព។
លោកមានប្រសាសន៍ថា «យើងនិងគិតគូបន្តទៀតថា នឹងដាក់ផ្លូវជាតិលេខ១ យ៉ាងម៉េច លេខ៣ ប៉ុន្មាន លេខ៤ លេខ៥ លេខ៦ប៉ុន្មាន ហើយទុករក្សាធ្វើប្រតិបត្តិការប្រចាំថ្ងៃនៅក្នុងរាជធានីភ្នំពេញរបស់យើង ក្នុងកំឡុងពេល៧ថ្ងៃដូចគ្នា ក្នុងចំនួនប៉ុន្មានគ្រឿង ដើម្បីឲ្យមានតុល្យភាព និងដើម្បីសម្រួលការងារហ្នឹង បានន័យថា ក្នុងរាជធានីភ្នំពេញយើង ក៏នៅតែរក្សាប្រតិបត្តិការងារយើងបាន ហើយអាចសម្រួលក្នុងចំនួនណាមួយ សម្រាប់ទាំង៥ ដែលបានលើកឡើងនេះ»។
លោកនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៨ខែមីនា បានអំពាវនាវទៅម្ចាស់រថយន្តឈ្នួល កុំឲ្យដំឡើងថ្លៃសំបុត្រ អំឡុងចូលឆ្នាំខ្មែរ ដោយថាដើម្បីជួយសម្រួលដល់ជីវភាព អ្នកធ្វើដំណើរទៅលេងស្រុកកំណើត នារដូវបុណ្យជាតិមួយនេះ ខណៈបុណ្យជាតិធំៗ គេសង្កេតឃើញថា តម្លៃរថយន្តឈ្នួលឡើងថ្លៃជារៀងរាល់ឆ្នាំ។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ដើម្បីសម្រួលបញ្ហាជូនពលរដ្ឋឲ្យទទួលបានប្រសិទ្ធិភាព រដ្ឋាភិបាលនឹងស្ថាប័នពាក់ព័ន្ធត្រូវប្រើប្រាស់យន្តការនេះជារៀងរាល់ឆ្នាំ ជាពិសេសថ្ងៃបុណ្យជាតិធំៗ ដោយថា កុំយកប្រជាប្រិយភាពនៅពេលជិតបោះឆ្នោត។
លោកមានប្រសាសន៍ថា «ខ្ញុំគិតថាការដឹកជញ្ជូនដោយឥតគិតថ្លៃ គួរតែកើតឡើងជារៀងរហូតដែរ សំខាន់គឺកុំឲ្យតែវាកើតឡើងសំរាប់តែឆ្នាំនេះ បើសិនជាកើតឡើងតែឆ្នាំនេះ វាអាចពាក់ព័ន្ធប្រជាប្រិយភាពនយោបាយនៅមុនការបោះឆ្នោតហើយ»។
ពិធីបុណ្យចូលឆ្នាំខ្មែរ នឹងចាប់ផ្តើមឡើង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសានេះ។ ជារៀងរាល់ឆ្នាំ បុណ្យជាតិដ៏ធំមួយនេះ មន្ត្រីរាជការ កម្មករ និយោជិត អាជីករ និងពលរដ្ឋមួយចំនួនទៀត តែងតែសម្រុកនាំគ្នាធ្វើដំណើរចេញយ៉ាងគំហុក ពីភ្នំពេញ ទៅកាន់បណ្តាខេត្តនានា ធ្វើឲ្យម្ចាស់រថយន្តឈ្នួលដំឡើងថ្លៃសំបុត្រទ្វេរដង៕