សាលាដំបូងរាជធានីភ្នំពេញ បានកោះហៅអតីតប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី និងភរិយារបស់លោក ឲ្យចូលឆ្លើយបំភ្លឺ ពាក់ព័ន្ធនឹងរឿងបង្កើតចលនាសង្គ្រោះជាតិ ដោយចោទថា បានបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរក្នុងសង្គម។
ក្នុងដីកាកោះ ចុះថ្ងៃទី៣០មីនា ដែលវីអូឌីទើបតែទទួលបាននៅថ្ងៃនេះ តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានកោះហៅលោក សម រង្ស៊ី និងភរិយារបស់លោក គឺលោកស្រី ជូឡុង សូមូរ៉ា ឲ្យចូលមកឆ្លើយបំភ្លឺ នៅតុលាការ នាថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៨។
បើតាមដីកាកោះ តុលាការចោទប្រកាន់ថា ការបង្កើតចលនាសង្គ្រោះជាតិរបស់លោក សម រង្ស៊ី កំពុងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្ដិសុខសង្គម និងមានចេតនាផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។
ក្រោយតុលាការរំលាយអតីតគណបក្សប្រឆាំងដ៏ធំចោល កាលពីខែវិច្ឆិកាឆ្នាំមុន លោក សម រង្ស៊ី និងអតីតមន្ដ្រីបក្សប្រឆាំងមួយចំនួន ដែលទៅរស់នៅក្រៅប្រទេស បានផ្តួចផ្ដើមបង្កើតចលនាសង្គ្រោះជាតិនេះឡើងដោយថា ក្នុងគោលបំណងស្រោចស្រង់ឲ្យអតីតបក្សប្រឆាំងរស់ឡើងវិញ ដើម្បីបានចូលរួមការបោះឆ្នោតថ្នាក់ជាតិនាខែកក្កដាខាងមុខ៕