ជនជាតិភាគតិចនៅកោះកុងស្នើរដ្ឋាភិបាលចុះបញ្ជីដីសហគមន៍

ក្រសួងអភិវឌ្ឍន៍ជនបទ

ជនជាតិភាគតិចនៅភូមិចំនួនក្នុងខេត្តកោះកុងស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាល​ ឲ្យជំរុញទៅ​​ស្ថាប័នពាក់ព័ន្ធពន្លឿនចុះបញ្ជីអត្តសញ្ញាណដីសហគមន៍ពួកគេ​ស្របតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ​។

ជនជាតិជងតំណាងឲ្យ​អ្នកភូមិប្រឡាយ និងភូមិជំនាប់​ ស្រុកថ្មបាំង ខេត្តកោះកុង ស្ថិតនៅតំបន់អារ៉ែង លោក គេល គូន បានថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីដាក់ញត្តិទៅក្រសួងអភិវឌ្ឍន៍ជនបទ ខុទ្ទកាល័យ​​នាយក​រដ្ឋមន្ត្រី និងអង្គការសហប្រជាជាតិថា ដើមចមដែលនាំឲ្យពួកគេឡើងមករាជធានីភ្នំពេញដាក់ញត្តិនៅថ្ងៃនេះ ដោយសារពួកគេព្រួយបារម្ភបាត់បង់អត្តសញ្ញាណ និងទំនៀមទម្លាប់ ប្រពៃណី។

លោកថ្លែងថា«យើងវាមានវប្បធម៌ប្រពៃណីយឲ្យបានច្បាប់ជាតិនិងអន្តរជាតិទទួលស្គាល់ពីចំណុចជនជាតិដើម បើមានដូចព្រៃអ្នកតា ចំការវិលជុំ ធម្មតាក្រុមហ៊ុនផ្សេងៗទៀតចង់ទៅវិនិយោគនៅទីនោះ»       

តំណាងជនជាតិជងម្នាក់ទៀត អ្នកស្រី ហម ង៉ែត បានព្រមានថា នឹងឡើងមក​រកកិច្ចអន្តរាគមន៍បន្តទៀតទៅស្ថាប័នជាតិនិងអន្តរជាតិ​ ដោយ​ថា​បើអាជ្ញាធរមិនដោះស្រាយ​បញ្ហា​នេះជូន​ពួកគេ​ឲ្យបានឆាប់។

អ្នកស្រីព្រមានថា«បើអត់មានដំណោះស្រាយពួកខ្ញុំនឹងរ៉ៃលុយមកទៀត ដើម្បីឲ្យគាត់[រដ្ឋាភិបាល] ទទួលស្គាល់សិទ្ធិពួកខ្ញុំជាជនជាតដើមជងភាគតិច»

មន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី និងមន្ត្រីអង្គការ​សហប្រជា​ជាតិដែល​ចេញ​មក​ទទួល​យក​ញត្តិពី​ជន​ជាតិ​ដើម​ភាគតិចជង បានអះអាងប្រហាក់ប្រហែលគ្នាថា នឹងយកលិខិតនេះ​បញ្ជូន​​ទៅ​ថ្នាក់លើនៃស្ថាប័នរបស់ខ្លួនពិនិត្យ និងដោះស្រាយជូននៅពេលក្រោយ ដោយ​មិនបា​នបញ្ជាក់​ពីពេល​វេលា​ច្បាស់​លាស់​នោះទេ។

មន្ត្រីប្រឹក្សាច្បាប់ លោក ហួរ អ៊ីម ដែលតាមដានករណីនេះ អះអាងថា មូលហេតុដែលនាំឲ្យជនជាតិដើមភាគតិចជងទាំងនោះឡើងរកកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាល ទំនង​ជា​ពួកគេ     អ​ស់ជំនឿលើអាជ្ញាធរមូលដ្ឋាន​ ហើយអាជ្ញាធរ​អាចពាក់ព័ន្ធទំនាស់​ផលប្រយោជន៍ជាដើម​។

លោកមានប្រសាសន៍ថា«យើងគិតថាប្រហែលជាអាចពាក់ព័ន្ធទំនាស់ផលប្រយោជន៍អ្វីមួយ ដែលថាអាជ្ញាធរខេត្តព្រងើយកន្តើយមិនទទួលស្គាល់ពួកគាត់ដែលជាជនជាតិដើមភាគតិច ប្រហែលជាមានផលប្រយោជន៍ពាក់ព័ន្ធនៅកន្លែងហ្នឹង ដែលពួកគាត់មិនព្រមទទួលស្គាល់»

បើតាមជនជាតិដើមភាគតិចជងមកពីភូមិប្រឡាយ ឃុំប្រឡាយ និងភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង បានអះអាងថា បច្ចុប្បន្ននេះ មានប្រជាពលរដ្ឋប្រហែល១២០គ្រួសារនិងមនុស្សជាង​៤០០​នាក់ ​កំពុងប្រកបមុខ​របរបង្កបង្កើនផលចិញ្ចឹមជីវិត​លើដីចំការវិលជុំបន្តពីដូនតា ខណៈដីនោះពួកគេថារដ្ឋាភិ​បាលមិនទាន់​ចុះបញ្ជី​ស្វ័យអត្ត​សញ្ញាណ​ជនជាតិដើមភា​គតិចជង​នៅតំបន់​អារ៉ែង​នៅ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ