អនុប្រធានគ្រប់គ្រងវិទ្យុអាស៊ីសេរីផ្នែកភាសាខ្មែរ លោក ជុន ច័ន្ទបុត្រ អះអាងថា មេបញ្ជាការយោធាកងពលតូចលេខ៧០ ឈ្មោះ ម៉ៅ សុផាន់ ជាអ្នកដែលបានផ្តល់ព័ត៌មានសម្ងាត់ឲ្យលោកជាបន្តបន្ទាប់។
ក្នុងបទសម្ភាសន៍នៃកម្មវិធីទូរទស្សន៍អនឡាញវិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃព្រហស្បតិ៍ លោកជុន ច័ន្ទបុត្របានបកស្រាយថា លោក ម៉ៅ សុផាន់ ជាប្រភពផ្តល់ព័ត៌មានផ្ទៃក្នុងរបស់រដ្ឋាភិបាលនិងបក្សប្រជាជនដល់លោកជាយូរមកហើយ។
លោក ជុន ច័ន្ទបុត្រ បន្តពន្យល់ប្រាប់ថា បន្ទាប់ពីលោកបានទទួលព័ត៌មានសម្ងាត់ពី លោក ម៉ៅ សុផាន់ ហើយ លោកបានយកព័ត៌មាននោះទៅផ្ទៀងផ្ទាត់ដើម្បីចេញផ្សាយតាមវិទ្យុអាស៊ីសេរី។
បទសម្ភាសន៍នេះទំនងជាការឆ្លើយតបចំពោះការបន្តទម្លាយសំឡេងសន្ទនារបស់ លោក ជុន ច័ន្ទបុត្រ សន្ទនា ជាមួយ លោក ម៉ៅ សុផាន់ ក្រោយពេលលោកហ៊ុន សែនថ្លែងថា លោក ជុន ចាន់បុត្រជាចារកម្មរបស់លោក និងតែងតែរាយការណ៍ប្រាប់លោក ម៉ៅ សុផាន់។
ថ្មីៗនេះសារព័ត៌មានហ្វ្រេសញូ ដែលស្និទ្ធនឹងរដ្ឋាភិបាលបានបញ្ចេញឃ្លីបសំឡេងសន្ទនារវាង លោក ជុន ច័ន្ទបុត្រ និងឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ ៧០ ជាបន្តបន្ទាប់មានដូចជាការសុំឲ្យជួយការពារសុវត្ថិភាព និងរឿងទាក់ទងនឹងគណបក្សប្រឆាំងជាដើម។ ប៉ុន្តែ លោក ជុន ច័ន្ទបុត្រ ប្រតិកម្មថា នោះជាការកាត់ច្រឹប កាឡៃធ្វើជាព័ត៌មានក្លែងកា្លយតែប៉ុណ្ណោះ។









