ហ្វេសប៊ុករបស់អតីតប្រធានបក្សសង្គ្រោះជាតិ លោក កឹម សុខា បានបដិសេធទៅនិងការលើកឡើងថា លោកចង់ឲ្យមានការចរចាជាមួយគណបក្សកាន់អំណាច ដើម្បីដោះស្រាយបញ្ហានយោបាយ ហើយលោកបាននៅក្រៅឃុំបានព្យាបាលជំងឺ។
តាមការចុះផ្សាយរបស់វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី០៥ ខែមេសា បានលើកឡើងសម្តីរបស់មេធាវីលោក កឹម សុខា គឺលោក ហែម សុជាតិថ្លែងថាកូនក្តីរបស់លោកនៅតែស្នើឲ្យតុលាការដោះលែង ដើម្បីបានព្យាបាលជំងឺនិងចរចាជាមួយបក្សកាន់អំណាច។
កាលពីព្រឹកមិញនេះតាមរយៈទំព័រហ្វេសប៊ុករបស់លោក កឹម សុខា បានសរសេរថាការលើកឡើងរបស់លោក ហែម សុជាតិគ្រាន់តែជាមតិផ្ទាល់ខ្លួនរបស់មេធាវីរូបនេះតែប៉ុណ្ណោះ។ ជាមួយគ្នានោះតាមរយៈហ្វេសប៊ុកដដែល ក៏បានលើកឡើងដែរថា មេធាវីការពារក្ដីលោក ហែម សុជាតិ មិនបានមកជួបជាមួយលោក កឹម សុខា នោះទេកាលពីថ្ងៃទី០៤ខែមេសា។
ហ្វេសប៊ុកលោក កឹម សុខា សរសេរថា៖ «សូមបញ្ជាក់ថា លោក ហែម សុជាតិ ពុំបានជួបជាមួយលោក កឹម សុខា ដូចដែលបានចុះផ្សាយឡើយ ហើយសម្តីរបស់លោក ហែម សុជាតិ គឺជាមតិផ្ទាល់ខ្លួនរបស់លោក។ អាស្រ័យហេតុនេះសូមសាធារណជនជ្រាបជាពត៌មាន និងកុំមានការយល់ច្រឡំ»។
VOD មិនអាចសុំការបំភ្លឺពីលោកមេធាវី ហែម សុជាតិ បានទេនៅព្រឹកថ្ងៃនេះ ដោយទូរស័ព្ទហៅចូលតែមិនមានអ្នកទទួល។
ទោះបីជាយ៉ាងណាកាលពីម្សិលមិញ មេធាវីម្នាក់ទៀតគឺលោកស្រី ម៉េង សុភារី ក៏បានច្រានចោលសម្តីមេធាវី ហែម សុជាតិ ដែលវិទ្យុអាស៊ីសេរីចុះផ្សាយនោះដែរ។
លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឲ្យបន្តឃុំខ្លួនបន្តទៀត បន្ទាប់ពីលោកត្រូវឃុំខ្លួនអស់រយៈពេលជាង៦ខែមក ចាប់តាំងពីថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០១៧។
លោក កឹម សុខា ត្រូវបានរដ្ឋាភិបាលចោទថា «ក្បត់ជាតិ» និង «ឃុបឃិត» ជាមួយបរទេស ក្នុងបំណងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ប៉ុន្តែ គណបក្សសង្គ្រោះជាតិ បានបដិសេធចំពោះការចោទប្រកាន់នេះ៕









