ក្រុម​កម្មករ​ថា ក្រសួង​ការងារ​ផ្ដល់​សំណង​បុរេ​ប្រទាន​មិន​ស្រប​តាម​បទ​ប្បញ្ញត្តិ​ច្បាប់​

ក្រុមកម្មកររោងចក្រហ្រ្គែនអននើរ នៅ​ក្នុង​ខេត្ត​កណ្ដាល បាន​អះ​អាង​ថា ពួកគេ​ទទួល​បាន​សំណង​មិន​សម​ស្រប​ទៅ​តាម​គោលការណ៍​ច្បាប់​នោះ​ឡើយ បន្ទាប់​ពី​ក្រុម​មន្ត្រី​ក្រសួង​ការងារ​ចុះ​ផ្ដល់​សំណង​ដល់​ពួកគេ​នៅ​ថ្ងៃ​នេះ ក្រោយ​ពីថៅកែ​រោង​ចក្រ​នេះ បាន​រត់​ចោល។

អ្នកស្រី ឈុន ចាន់ថន អតីតកម្មការិនី​រោងចក្រ ហ្គ្រែនអននើ បាន​អះ​អាង​ថា អ្នកស្រី និង​ក្រុម​កម្មការិនី​ ៩៧១​នាក់​ទៀត ទទួល​បាន​ប្រាក់​សំណង​ពី​មន្ត្រី​ក្រសួង​ការងារ​នៅ​ព្រឹក​ថ្ងៃ​នេះ បន្ទាប់​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ផ្ដល់​ប្រាក់​បុរេ​ប្រទាន​ដល់​ក្រុម​កម្មករ​នានា ដែល​ត្រូវ​បាន​ថៅកែ​រោងចក្រ​បិទ​ទ្វារ និង​រត់​ចោល។

អ្នកស្រី​​បន្ថែម​ថា ប៉ុន្តែ ប្រាក់​សំណង​នោះ ត្រូវ​បាន​ទូទាត់​ខុស​ពី​ច្បាប់​ការងារ និង​អនុសាសន៍​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

អ្នកស្រីប្រាប់​ថា៖ «ខ្ញុំមិនពេញចិត្តទេ ដោយសារ​លុយខ្ញុំត្រូវ​បាន​ ៥ចំណុច ប៉ុន្តែ ឥលូវ[ក្រសួង]ឲ្យតែ ៣ចំណុច»។

កម្មករម្នាក់ទៀត អ្នកស្រី ស៊ុន ម៉ាច បាន​ប្រាប់​ថា អ្នកស្រី​ក៏​ទទួល​បាន​ប្រាក់​សំណង​មិន​ស្របតាម​ច្បាប់​ការងារ​ដែរ ប៉ុន្តែ អ្នក​ស្រី​ថា អ្នកស្រី​មិន​តវ៉ា​នោះ​ឡើយ ដោយថា ជិត​ដល់​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ផង​។

អនុប្រធានសហជីពស៊ីខៅឌូប្រចាំរោងចក្រហ្គ្រេតអននើរ លោក ស៊ឹម សំអូន បាន​ឲ្យ​ដឹង​ថា ក្រុម​កម្មករ​ពិត​ជា​មិន​ពេញ​ចិត្ត​នឹង​ទំហំ​សំណង​ដែល​ពួកគេ​ទទួល​បាន​នោះ​ទេ ខណៈ​ដែល​ការ​ទូទាត់​សំណង​មិន​ត្រូវ​បាន​ធ្វើ​ឡើង​ផ្អែក​តាម​ច្បាប់ និង​អនុសាសន៍​របស់​លោក​នាយករដ្ឋ​មន្ត្រី​នោះ​ឡើយ។

បើ​តាម​មេដឹកនាំ​សហជីព​រូប​នេះ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និង​តុលាការ បានយល់ព្រមទូទាត់សំណងឲ្យពួកគាត់ ៥​ចំណុច ប៉ុន្តែ ក្រុម​កម្មករ​ទទួល​បាន​តែ ៣​ចំណុច​ប៉ុណ្ណោះ។

លោកថា៖ «​ខ្ញុំស្ដាប់ទៅតាមប្រសាសន៍សម្ដេច គាត់ថា មិនមែនមានប្រសាសន៍ឲ្យ ៣​ចំណុច​ទេ។ បើប្រសាសន៍គាត់ថា​ ក្រុ​មហ៊ុនទាំងអស់ បើបិទទ្វារហ្នឹង ថៅកែរត់ចោលគិតឲ្យតែ ៣​ចំណុច ឬ ប្រាក់ខែចុងក្រោយ ខ្ញុំក៏ត្រេកអរនឹងទទួលយក តែសម្ដេចគាត់មានប្រសាសន៍ថា ត្រូវគិតទៅតាមច្បាប់ ហើយពួកខ្ញុំទាំងអស់មិនមែនគិតតាមច្បាប់។ ខ្ញុំមិនមែនចេះតែនិយាយច្បាប់ខ្លួនឯងទេ ព្រោះ ខាងតុលាការក៏ជា​អ្នកច្បាប់ ហើយអាជ្ញាធរក៏ជា​អ្នកច្បាប់ ហើយខ្ញុំយោងទៅតាមសៀវភៅការងារចេញតាំងពីឆ្នាំ១៩៩៧​មកម៉្លេះ»។

អគ្គលេខាធិការរងគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញានៃក្រសួងការងារលោក ទេស រុក្ខាផល បាន​ប្រាប់​ថា ក្រសួងអាចផ្ដល់ប្រាក់អត្ថប្រយោជន៍ជូនកម្មករដែលត្រូវថៅកែរត់ចោលបាន ៣​ចំណុចតែប៉ុណ្ណោះ ប៉ុន្តែ លោក​ថា ក្រុម​កម្មករ​មាន​សិទ្ធិ​ប្ដឹង​ទៅ​តុលាការ ប្រសិន​បើ​ពួកគេ​មិន​យល់​ព្រម។

លោកថា៖ «អញ្ចឹង បើគាត់ត្រូវថៅកែបណ្ដេញចេញ គឺទី១​ ត្រូវជូនបាន ២​ចំណុចទៀត គឺបានលុយជូនដំណឹងមុន ហើយនិងបានលុយជំងឺចិត្ត  ប៉ុន្តែ ក្នុងករណីនេះ យើងអាចចាត់ទុកថា ជាករណី​ប្រធានសក្តិមួយដែរ ថៅកែរត់ចោលបាត់ហើយ ហើយមានជូនដំណឹងពីអង្កាល? ហើយមួយទៀត សោហ៊ុយជំងឺចិត្ត តើមានអ្នកណាសងជំងឺចិត្តឥលូវហ្នឹង?  អញ្ចឹង រដ្ឋាភិបាលខំប្រឹងដោះស្រាយ​ក្នុងលទ្ធភាពដែលខ្លួនមាន គឺដោះបាន ៣ចំណុច»។

រោងចក្រហ្រ្គែនអននើ ត្រូវបានបិទទ្វារតាំងពីឆ្នាំ២០១៦ ក្រោយពីថៅកែបានរត់ចោលក្រុមកម្មករ ​ហើយក្រុមកម្មករ ៩៧១​នាក់ បានចេញ​តវ៉ា​ទាមទារ​ប្រាក់​អត្ថប្រយោជន៍​របស់​ពួកគេ​តាំងពីពេលនោះមក៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ