គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. រិះគន់លោក សម រង្ស៊ី ដែលបានអំពានាវប្រជាពលរដ្ឋ កុំចេញទៅបោះឆ្នោត បើគ្មានអតីតបក្សប្រឆាំងចូលរួម និងចាត់ទុកការស្វែងរកកិច្ចអន្ដរាគមន៍របស់អតីតបក្សប្រឆាំងលើឆាកអន្ដរជាតិ ថា មិនបានជួយអ្វីដល់កម្ពុជា។
ឆ្លើយនឹងសំណួរអ្នកសារព័ត៌មានទាក់ទងនឹងវត្តមានអតីតគណបក្សសង្គ្រោះជាតិនៅមុនការបោះឆ្នោត ក្នុងកិច្ចប្រជុំមួយនៅថ្ងៃអង្គារនេះ ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក មានប្រសាសន៍ថា គ.ជ.ប មិនអាចចុះឈ្មោះឲ្យអតីតគណបក្សសង្គ្រោះជាតិឡើយ ដោយលោកបន្ទោសថា មកពីអតីតបក្សប្រឆាំង បានប្រព្រឹត្តខុសច្បាប់ និងឃុបឃិតជាមួយបរទេស។
លោកថ្លែងថា គ.ជ.ប បច្ចុប្បន្ន បានគោរពតាមច្បាប់យ៉ាងម៉ឺងម៉ាត់ និងនៅរក្សាបានឯករាជ្យពេញលេញ ទោះបីជាសមាសភាព គ.ជ.ប បានផ្លាស់ប្ដូរជាបន្ដបន្ទាប់ ក្រោយពីតុលាការកំពូលរំលាយអតីតគណបក្សប្រឆាំងដ៏ធំក៏ដោយ។
លោក ស៊ិក ប៊ុនហុក ក៏រិះគន់ដោយប្រើពាក្យសម្ដីធ្ងន់ៗ ទំនងសំដៅដល់អតីតប្រធានបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងស្វែងរកអន្ដរាគមន៍ពីអន្ដរជាតិនៅក្រៅប្រទេស ថា បានញុះញង់ឲ្យមានការរើសអើងជាតិសាសន៍ខ្លួនឯង ជុំវិញការថ្លែងអំពាវនាវឲ្យពលរដ្ឋ ធ្វើពហិការ កុំទៅបោះឆ្នោតនាខែកក្កដាឆ្នាំ២០១៨ខាងមុខ។
លោកថា៖ «មិនបានកំណត់ថា អានេះធំ អានេះតូចអីទេ អត់ទេ ហ្នឹងហើយស្មើភាព ឲ្យតែបំពេញលក្ខខណ្ឌគ្រប់ជាគណបក្សនយោបាយមួយ គឺចុះបញ្ជីផ្លូវការ៣៧ ហើយគណបក្សទាំងអស់នោះ មានសិទ្ធិស្មើៗភាពគ្នា ក្នុងការចូលរួមការបោះឆ្នោត គ្រប់ការបោះឆ្នោត យូរៗ តែជាតិសាសន៍គ្នាឯង មើលគ្នាតែរបៀបហ្នឹង ស្មានតែទៅឡូឡានៅជាតិសាសន៍គេ គេសរសើរថា អានេះ អូ ចេះមើលងាយជាតិសាសន៍គ្នាវា វាហ្នឹងស្រឡាញ់ជាតិសាសន៍គ្នាវា វាហ្នឹងស្រឡាញ់អញ ជាជាងជាតិសាសន៍វា ដេកទៅ អាចមន៍នោះ។ ជាតិសាសន៍គ្នាវា វាមើលងាយ ទម្រាំដល់ជាតិសាសន៍អញ ហើយទៅប្រូ នៅបរទេស បានប្រយោជន៍ស្អី»។
ប្រតិកម្មពី គ.ជ.ប នេះ ធ្វើឡើងបន្ទាប់ពីប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី កាលពីចុងសប្ដាហ៍នេះ បានអំពាវនាវទៅប្រជាពលរដ្ឋ អ្នកសង្កេតការណ៍ជាតិ និងអន្ដរជាតិ ឲ្យធ្វើពហិការការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខនេះ ដោយលោកហៅការបោះឆ្នោតនោះថា ជាការរៀបចំបែបក្លែងបន្លំរបស់គណបក្សកាន់អំណាច។
លោក សម រង្ស៊ី យល់ថា មានតែអតីតគណបក្សសង្គ្រោះជាតិមួយប៉ុណ្ណោះ ដែលអាចយកឈ្នះលើគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។
លោកថា៖ «ខ្ញុំមិនបាច់ឆ្លើយតបទៅនឹងមនុស្សដែលប្រើភាសាបែបហ្នឹងទេ ពីព្រោះភាសនោះ ជាភាសាព្រៃផ្សៃ ភាសាអត់ដឹងខុសត្រូវ ដោយខ្លួនឯងខ្លាច ខ្លាចគេ នេះគ្រាន់តែជាលេសទេ បើគាត់ជាមនុស្សថ្លៃថ្នូរ គាត់បង្ហាញថា គាត់មានស្មារតីកីឡា ហ៊ានប្រកួត ចេញមុខ ហ្នឹង បានវាល្អមើល»។
មន្ដ្រីជាន់ខ្ពស់ផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែល លោក កន សាវាង្ស លើកឡើងថា មានកត្ដាមួយចំនួន ធ្វើឲ្យការបោះឆ្នោតនាពេលខាងមុខ មិនអាចទទួលយកបាន ដូចជា ស្ថានការណ៍នយោបាយ បញ្ហាសេដ្ឋកិច្ច ការរិតត្បិតនៅអំឡុងពេលបោះឆ្នោត និងការវាយតម្លៃលើការបោះឆ្នោតនោះ ពីសំណាក់អ្នកសង្កេតការណ៍ជាតិ និងអន្ដរជាតិ។
ប្រទេសចំនួន៤៥ នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៣មីនា បានព្រមានមិនទទួលស្គាល់ការបោះឆ្នោតនាថ្ងៃទី២៩កក្កដាឡើយ បើគ្មានការដោះលែងអតីតមេដឹកនាំបក្សប្រឆាំងកំពុងជាប់ឃុំ លោក កឹម សុខា និងអ្នកទោសនយោបាយផ្សេងទៀត និងអនុញ្ញាតឲ្យអតីតគណបក្សសង្គ្រោះជាតិ ចូលរួមការបោះឆ្នោតឡើងវិញ៕