ក្រសួងស្នើលើកលែងនិងបន្ធូរបន្ថយដល់អ្នកទោស៥០នាក់​​

​​​​គណៈកម្មការជាតិ​បានពិនិត្យនិងសម្រេចស្នើព្រះមហាក្សត្រ​បន្ធូរបន្ថយ និង​លើកលែងទោស​ដល់​ទណ្ឌិត​ ៥០ នាក់​នៅ​ក្នុង​​ឱកាស​​នៃ​​ពិធី​បុណ្យ​​ចូល​ឆ្នាំថ្មី​​ប្រពៃ​ណី​ជា​តិ​​ខ្មែរ​​ខាងមុខនេះ។

អ្នក​នាំ​ពាក្យ​​ក្រសួង​យុត្តិធម៌​​លោក ជីន ម៉ា​លីន ប្រាប់វិអូឌីនៅថ្ងៃនេះថា គណៈកម្មការបានពិនិត្យលើលក្ខខណ្ឌពីរគឺ អ្នកបន្ធូរបន្ថយត្រូវអនុវត្តទោសបាន១ភាគ៣ និងអ្នកទទួលបានការលើកលែងត្រូវឆ្លងកាត់ការអនុវត្តទោស២ភាគ៣នៃទោសសរុប។​ លោកបន្តថា ក្រៅពីលក្ខខណ្ឌអនុវត្តទោស គឺគណៈកម្មការក៏ពិនិត្យលើចំណុចអ្នកទោសទាំងនោះខិតខំកែប្រែខ្លួនដែរ។​

លោកថា៖«មិនមែនជាលក្ខខណ្ឌកំណត់តែមួយទេ មិនមែនឲ្យតែបាន ១ ភាគ ៣ បន្ធូរបន្ថយ ទោសទេ ២ភាគ៣លើកលែងទេ គូបផ្សំទៅនឹងការវាយតម្លៃទៅលើការកែប្រែ របស់ទណ្ឌិតមួយទៀត ហើយការវាយ ហ្នឹង គឺមានគណៈកម្មការវាយតម្លៃតាំងពីនៅក្នុងពន្ធនាគារមកម្លេះ រហូតដល់គណៈកម្មការថ្នាក់ខេត្ត ដល់ថ្នាក់ជាតិ វាយតម្លៃ ទៅលើសកម្មភាព អតិចរិក ការកែប្រែខ្លួននៅក្នុងពន្ធនាគារ»។

លោកជីន ម៉ាលីន បញ្ជាក់ថា នៅកម្ពុជាមិនមានអ្នកទោសនយោបាយ ឬ អ្នកទោសមនសិការទេ ដូច្នេះក្នុងចំណោម​៥០នាក់​នោះ មិនមានអ្នកទោសនយោបាយឬ អ្នកទោសមនសិការឡើយ។​

កន្លងមកអង្គការជាតិ និងអន្តរជាតិតែងលើកឡើងថា អ្នកជាប់ទោសជា សកម្មជនធ្លី អ្នកការពារបរិស្ថាន​ និងសកម្មជនគណបក្សនយោបាយជាដើម​ ជាអ្នកទោសមនសិកា និងជាអ្នកទោសនយោបាយ ដែលគួរត្រូវបានលើកលែងដើម្បីផ្សះផ្សាជាតិ។​

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិ​​អាដហុកលោក ស៊ឹង សែនករុណា យល់​ឃើញ​ថាក្រសួងមិនលើកលែងទោសឲ្យសកម្មជនដីធ្លីនិង សកម្មជននយោបាយ ដែលកំពុងជាប់ឃុំនេះ មិនមែនជា រឿង ថ្មីនោះទេ សម្រាប់អនុវត្តប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា។

លោកថា៖«អ្នកទាំងអស់នេះ បើសិនជា​ស្ថានការណ៍នយោបាយធូរស្រាល ស្ថានការណ៍នយោបាយមាន ភាពល្អប្រសើរ ខ្ញុំជឿជាក់ថាមិនចាំបាច់មានពិធីបុណ្យចឹង បានលើកលែងទោសទេ គឺពួកគាត់អាចមានសេរី ភាពបាន អានេះ យើងសម្គាល់កាលពីកន្លងមក។ អញ្ចឹង​ហើយបានយើងគិតថា ករណីរបស់ពួកគាត់ បើសិនជាស្ថានការណ៍នយោបាយ នៅតែតានតឹង ហើយនៅតែមានស្ថានភាពបែបនេះ ខ្ញុំគិតថាពួកគាត់ ពិបាកនឹងមានសេរីភាព ក្នុងការជួបជុំក្រុមគ្រួសារណាស់»។​

​ជាទូទៅព្រះមហាក្សត្រតែងតែ​ធ្វើ​ពិធី​លើកលែងទោស និង​បន្ធូរ​បន្ថយទោស​ដល់​​ទណ្ឌិតក្នុងមួយឆ្នាំចំនួន ៣ដង គឺ​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ម្តង  បុណ្យ​វិសាខ​បូជា​  និង​​ពិធីបុណ្យ​អុំទូក​។

បើតាមរបាយការណ៍​របស់​ក្រសួងមហាផ្ទៃ​ បាន​ឱ្យ​ដឹង​ថា ឆ្នាំ​២០១៧​កន្លងមក  ព្រះមហាក្សត្រ​បាន​បន្ធូរបន្ថយ និង​លើកលែងទោស​ដល់​ទណ្ឌិត​សរុប​ចំនួន ១៥៧​នាក់ ក្នុង​នោះ ស្រី ២០​នាក់ ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរចំនួន ៧២​នាក់ បុណ្យ​ពិសាខបូជា​ចំនួន ៣៥​នាក់ និង​​បុណ្យអុំទូក​​ ៥០​នាក់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ