បទយកការណ៍៖ រដ្ឋាភិបាល​ដាក់​ឲ្យ​ដំណើរ​ការ​ខ្សែ​រថភ្លើង​ថ្មី អ្នក​ដំណើរ​ស្នើ​ឲ្យ​អភិវឌ្ឍ​បន្ថែម​ទៀត

ស្ថានីយ៍​អយស្ម័យ​យាន​កម្ពុជា

នៅ​វេលា​ម៉ោង ៩​កន្លះ​ព្រឹក​ សំឡេង​តឺតៗ បាន​បន្លើ​ឡើង​ក្នុង​ស្ថានីយ៍​អយស្ម័យ​យាន​កម្ពុជា ជា​សញ្ញា​ប្រាប់​ដំណឹង​ថា យាន​ជំនិះ​ដ៏​វែង​មួយ​ខ្សែ​ចាប់​ផ្ដើម​ចេញ​ដំណើរ បន្ទាប់​ពី​វា​មិន​បាន​ដំណើរការ​អស់​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​មក​ហើយ​នោះ។ ប៉ុន្តែ វា​គ្រាន់​តែ​ជា​ខ្សែ​រថ​ភ្លើង​មួយ​កំណាត់​ដែល​ត​ភ្ជាប់​​កាន់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​តែ​ប៉ុណ្ណោះ បន្ទាប់​ពី​វា​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មេសា​នេះ។

យាន​ជំនិះ​ប្រវែង​មួយ​នេះ ​ត្រូវ​បាន​បំពាក់​ទៅ​ដោយ​ម៉ាស៊ីន​ត្រជាក់ និង​ប្រព័ន្ធ​អ៊ីនថឹណីត ​WiFi សម្រាប់​អ្នក​ដំណើរ​ប្រើ​ប្រាស់​ដោយ​សេរី ខណៈ​នៅ​ចុង​​ម្ខាងនៃ​ទូរ​រថភ្លើង ក៏​មាន​ហ្វ្រី​ភ្លើង​សម្រាប់​សាក​ថ្មទូរស័ព្ទ​ផង។​ ដោយ​​រត់​នៅ​លើ​ផ្លូវ​ដែក​ក៏​ដោយ រថ​ភ្លើង​មួយ​ខ្សែ​នេះ បាន​ចេញ​ដំណើរ​ទៅ​មុខ​ជាមួយ​សភាព​ឃ្លេងឃ្លោង​។

ជាមួយ​នឹង​កំណាត់​ខ្សែ​រថភ្លើង​ប្រវែង​ជិត ១០​គីឡូ​ម៉ែត្រ​​នេះ រដ្ឋាភិបាល​បានបង្ហាញ​ក្ដី​សង្ឃឹម​ថា កំណាត់​ខ្សែ​រថភ្លើង​នេះ នឹង​ជួយ​សម្រួល​ដល់​អ្នក​ដំណើរ និង​ដោះ​ស្រាយ​បញ្ហា​កក​ស្ទះ​ចរាចរណ៍​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​បាន​មួយ​ផ្នែក។

ចំ​ថ្ងៃ​នៃ​ការ​បើក​ឲ្យ​ដំណើរការ​នោះ សាធារណជន​មិន​ជាច្រើន​កុះករ​ទេ​បាន​ឡើង​ជិះ​សាក​ល្បង​នូវ​កំណាត់​ខ្សែ​រថភ្លើងនោះ ហើយ​បន្ទាប់​មក ពួកគេ​ក៏​បង្ហាញ​នូវ​ការ​យល់​ឃើញ​ថា រដ្ឋាភិបាល​គួរ​តែ​អភិវឌ្ឍ​ប្រព័ន្ធ​ដឹក​ជញ្ជូន​តាម​យាន​យន្ត​វែងៗ​បែប​នេះ​បន្ថែម​ទៀត ខណៈ​ដែល​ប្រទេស​ជិត​ខាង​កម្ពុជា បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ​បែប​នេះ ដើម្បីកាត់​បន្ថយ​ការ​ប្រើ​ប្រាស់​យាន​ជំនិះ​ផ្ទាល់​ខ្លួន​នៅ​ក្នុងទីក្រុង។

ស្ថិត​ក្នុង​ទឹកមុខញញឹម​ញញែម កំពុង​ផ្ដិត​យក​ទិដ្ឋភាព​តាម​ដង​ផ្លូវ និង​ផ្ញើ​សារ​ប្រាប់​មិត្តភ័កិ្តពី​ការ​ប្រើ​ប្រាស់​សេវា​រថភ្លើង​នេះ​ សិស្ស​​​វិទ្យាល័យ​ជាស៊ីមសន្ធរម៉ុកម្នាក់ ​យុវជន​ ហ៊ឹង​ គឹម​ហេង ប្រាប់​ថា ​នេះ​ជា​លើក​ទី​មួយ​ដែល​រូប​គេ​​បាន​ជិះ​រថ​ភ្លើង​សារធារណៈ​។

យុវ​សិស្ស​រូប​នេះ បង្ហាញ​ការ​យល់​ឃើញ​ថា ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង​​លឿន​រហ័ស​ និង​សុវត្ថិភាព​ជាង​ការ​ធ្វើ​ដំណើរ​តាម​យាន​យន្ត​តាមដង​ផ្លូវដែល​ពោរ​ពេញ​ទៅ​ដោយ​យាន​យន្ត​ដ៏​ណែន​ណាន់​តាន់​តាប់។ លោក​បន្ថែម​ថា​ បន្ទាប់​ពី​ចុះ​ពី​រថភ្លើង​នេះ លោក​នឹង​បន្ត​ដំណើរ​តាម​ឡាន​ក្រុង​សាធារណៈ​ទៅ​ផ្ទះបន្ត​ទៀត។

ផ្ទះ​ខ្ញុំ​នៅ​រង្វង់​មូល​ចោម​ចៅ​ ហើយ​ពេល​ជិះ​មក​រៀន​ ឃើញ​គេ​ដាក់​ផ្លាក​(​ដំណើរ​ការ​សាក​ល្បង​រថភ្លើង) ហើយ​ថ្ងៃហ្នឹង​គេអត់​រៀន​ក៏​សាក​ជិះ​។ មាន​អារម្មណ៍​ថា ​វា​លឿនជាង​យើង​ជិះ​ឡាន​ជិះ​ម៉ូតូ ហើយ​វា​មាន​សុវត្ថិភាព

សិស្ស​​​វិទ្យាល័យ​ជាស៊ីមសន្ធរម៉ុកម្នាក់ ​យុវជន​ ហ៊ឹង​ គឹម​ហេង

ស្ថិត​នៅ​លើ​កំណាត់​ផ្លូវ​ដែក​ដែលឆ្លង​កាត់​តាម​ទីប្រជុំ​ជន ៣​កន្លែង​នោះ អ្នក​ដំណើរ​អាច​មើល​ឃើញ​សំណង់​ធំ​តូច និង​ថ្មី​ចាស់ ទេសភាព​បឹង​តូចៗ និង​ភាព​រាយ​ប៉ាយ​នៃ​សំរាម ព្រម​ទាំង​ផ្ទះ​សម្បែង​រដេប​រដុប​របស់​ប្រជាជន​នៅ​សង​ខាង​ផ្លូវ​ដែក មុន​នឹង​ចូល​ទៅ​ចំណត​ចុង​ក្រោយ​របស់​វា​ស្ថិត​នៅ​ក្នុង​ព្រលាន​យន្តហោះ។

អ្នក​ជិះ​រថ​ភ្លើងពី​ព្រលាន​មក​កាន់​ស្ថានីយ​អយ​ស្ម័យយាន​វិញ ​អ្នក​ស្រី សំណាង ដែល​បាន​នាំ​កូន​ក្មួយ ​និង​ប្អូន​ ៦នាក់​ទៅ​ជិះ​សាក​ល្បង​សេវា​រថភ្លើង​សាធារណៈ បាន​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា អ្នក​ស្រី​ និង​ក្រុមគ្រួសារ​សប្បាយ​ចិត្ត ដោយ​ថា​ ការ​ដាក់​ដំណើរ​​ការខ្សែរថភ្លើង​នេះ​ បាន​ជួយ​កាត់​បន្ថយការ​ចំណាយ និង​ជួយ​សម្រួល​ចរា​ចរ​ណ៍​បាន​ច្រើន​។

ខ្ញុំ​ជឿ​ជាក់​ថា​ មាន​អ្នក​គាំទ្រ​ច្រើន​! ណាមួយ​អ្នក​ធ្វើ​ដំណើរ​ស្រួល​ ហើយ​អត់​អស់​លុយ​ សំខាន់​បំផុត​មាន​ម៉ាស៊ីន​ត្រជាក់ free wifi សំខាន់​បំផុត​សម្រាប់​យើង​អ្នក​ប្រើ​ទូរស័ព្ទ(សើច)

អ្នក​ជិះ​រថ​ភ្លើងពី​ព្រលាន​មក​កាន់​ស្ថានីយ​អយ​ស្ម័យយាន​វិញ ​អ្នក​ស្រី សំណាង

ទោះ​ជាយ៉ាង​ណា​ សម្រាប់​អ្នក​ទេសចរណ៍​បរទេស​ដែល​បាន​សាក​ល្បង​រថភ្លើង​នេះ​ ពួកគេ​យល់​ថា រថ​ភ្លើង​នេះ​នៅ​មាន​ចំណុច​ខ្វះខាត​ច្រើន ទាក់​ទង​នឹង​ស្ថានភាព​ផ្លូវ ល្បឿន​របស់​រថភ្លើង និង​ភាពទៀង​ទាត់​នៃ​ការ​ធ្វើ​ដំណើរ​។

ទើប​តែ​មក​ពី​ជូន​មិត្ត​ភ័ក្រ​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ ​យុវជន​ជន​ជាតិ​ចិន​ម្នាក់អាយុ​ប្រមាណ ​២៨​ឆ្នាំ ​លោក ខេវិន ដែល​មក​ពី​ខេត្ត​ហ្កួយចូវ(Guizhou) ថា ​ស្ថានភាព​ខាង​ក្នុង​រថ​ភ្លើង​មាន​ផាសុកភាព​ដែល​អាច​ទទួល​យក​បាន តែ​លោក​ថា​ ប្រសិន​បើ​ប្រៀប​ធៀប​ជា​មួយ​រថភ្លើង​ដែល​លោក​ធ្លាប់​ជិះ​នៅ​ប្រទេស​របស់​លោក លោកថា​ រថ​ភ្លើង​សាធារណៈ​នៅ​កម្ពុជា​ ត្រូវ​ការ​ពេល​វេលា​បន្ថែមទៀត​ក្នុង​ការ​អភិវឌ្ឍ​សេវា​រថ​ភ្លើង​សាធារណៈ​នេះ។

ខ្ញុំ​គិត​ថា​ គួរ​បង្កើន​ល្បឿន​បន្តិច។ ចំពោះ​ស្ថានភាព​ផ្លូវ ​ខ្ញុំគិត​ថា​ មិន​ទាន់​នឹង​នៅ​ឡើយ តែ​សម្រាប់ជន​បរទេស​ គឺ​មិន​អី​ទេ! ប្រទេស​អ្នក​ទើប​តែ​ចាប់​ផ្តើមដែល​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត ព្រោះ​សេវា​នេះ​ទើប​តែ​ចាប់​ផ្តើម

យុវជន​ជន​ជាតិ​ចិន​ម្នាក់អាយុ​ប្រមាណ ​២៨​ឆ្នាំ ​លោក ខេវិន

បន្ទាប់​ពី​ជិះ​រថ​ភ្លើង​សាធារណៈនេះ​ អ្នក​ស្រី Linda និង​ស្វាមី​ដែល​មក​ពី​ទីក្រុង​ហុងកុង​ប្រទេស​ចិន បាន​ប្រាប់​ថា រថ​ភ្លើង​សាធារណៈ​នេះ​ គួរតែ​ផ្ទៀង​ផ្ទាត់​​ទៅ​នឹង​ពេល​វេលា និង​ការ​ធ្វើ​ដំណើរ ខណៈ​អ្នកទាំង​ពីរ​ថា ​ពួកគេ​ត្រូវ​រង់​ចាំ​អស់​ពេល​ ៣០​នាទី ហើយ​នឹង​ធ្វើ​ដំណើរ​អស់​ពេល​ជិត ​១​ម៉ោង​ទៀត​ទើប​មក​ដល់​ចំណត​ស្ថានីយ​ភ្នំពេញ។

ខ្ញុំ​គិត​ថា ​ល្បឿន​យីត (៣០គីឡូម៉ែត្រក្នុង ១​ម៉ោង​)វា​ល្អហើយ​ ដែល​អាច​មាន​ពេល​ទេស​ភាព​តាម​ផ្លូវ​បាន​ តែ​ខ្ញុំ​គិត​ថាអ្វីដែល​សំខាន់​នោះ​គួរតែ​ពិនិត្យ​ទៅ​លើ​ពេល​វេលា​វិញ គួរ​តែ​ចំណាយ​ពេល​ត្រឹម​តែ​កន្លះ​ម៉ោង​បាន​ហើយ។ ខ្ញុំ​គិត​ថា​ទៀងទាត់​ពេល​វេលា​វា​ប្រសើរ​សម្រាប់​អ្នក​ធ្វើ​ដំណើរ ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ទី​កន្លែង​ផ្សេង ព្រោះថាពួក​ខ្ញុំ​ត្រូវ​ទៅ​ផ្សារ​ចាស់​ម៉ោង​១១កន្លះ តែ​ឥឡូវ​មិន​អាច​ទៅ​ដល់​ទេ។ តែ​ខ្ញុំ​គិត​គិត​ថា​ក្នុង​ទូររថភ្លើង មាន​បរិយាកាស​ល្អ​ដែល​អាច​ទទួល​យក​បាន

អ្នក​ស្រី Linda ​មក​ពី​ទីក្រុង​ហុងកុង​ប្រទេស​ចិន

​ការ​ចំណាយ​ពេល​ដល់​ទៅ​ជិត​មួយ​ម៉ោង​ក្នុង​ការ​ត្រឡប់​មក​វិញ​នេះ​ដោយ​សារ​តែ​រថ​ភ្លើង​ត្រូវ​ឈប់​សំ​ចត​នៅ​ស្នាក់​ការសំ​ចត​​បណ្តោះ​​អាសន្ន ដើម្បី​រង់​ចាំ​រថ​ភ្លើង​ទៅកាន់​ព្រលាន​ឆ្លង​កាត់​ ដោយសារ​រថ​ភ្លើង២​​កំពុង​ប្រើ​ប្រាស់​ផ្លូវ​តែ​មួយ​ក្នុង​ការ​ធ្វើ​ដំណើរ។

នៅ​អំឡុង​ពេល​បើក​ដំណើរការ​កំណាត់​រថភ្លើង​នេះ រដ្ឋ​មន្ត្រី​ក្រសួងសាធារណៈការ និង​ដឹកជញ្ជូន ​លោក​ ស៊ុន ចាន់​ថុល​ បាន​​សន្យា​ថា ​ក្រសួងនឹង​​អភិវឌ្ឍ​បន្ថែម​ទៀត​ចំពោះការ​រៀប​ចំ​ខ្សែរ​រថ​​ភ្លើង​នេះ ឲ្យ​កាន់តែ​ប្រសើរ​នាពេល​ខាង​មុខ ខណៈ​កំពុង​រង់​ចាំ​ទូររថភ្លើង​ទំនើប​ចំនួន ​៣​ទៀ​ត​​មក​ពី​ប្រទេស​ម៉ិចសិចកូ។

សុំ​ជម្រាប​ផង​ដែរ​ថា​ រទេះ​ភ្លើង​ស្រាល​នេះ ​អាច​យក​ប្រើ​ប្រាស់​ពីភ្នំពេញ​ដល់​ក្រុង​ព្រះ​សីហនុ អាច​ប្រើ​ប្រាស់​បាន ជិះបាន​អង្គុយ​បាន ​៥៦​នាក់ ឈរ​បាន​ប្រហែល​ជា​ ៤៥ ទៅ​ ៥០​នាក់ មាន​កន្លែង​ដាក់​ឥវ៉ាន់​របស់​យើង ហើយ​មានម៉ាស៊ីន​ត្រជាក់។ រទេះភ្លើង​ចាស់​របស់​យើង​ក៏​មានម៉ាស៊ីន​ត្រជាក់​ដែរ។ វា​ស្រាល​បើក​លឿន​បាន​អាច​បើក​ ៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​បាន​រទេះភ្លើង​ថ្មីរបស់​យើង

រដ្ឋ​មន្ត្រី​ក្រសួងសាធារណៈការ និង​ដឹកជញ្ជូន ​លោក​ ស៊ុន ចាន់​ថុល

បើ​តាម​ក្រសួង​សាធាណៈការ ប្រជាពល​រដ្ឋ​​ដែល​ចង់​ជិះ​សាក​ល្បង​សេវា​រថភ្លើង​សាធារណៈនេះ​ អាច​ចូល​រួម​ធ្វើ​ដំណើរ​បាន​ដោយ​ឥត​គិត​ថ្លៃ​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ទី៣១​ កក្កដា​ខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered