នាវាមួយគ្រឿងដែលលិចនៅបាតសមុទ្រក្នុងខេត្តកោះកុង ត្រូវបានក្រុមអ្នកស្រាវជ្រាវរកឃើញកាលពីដើមខែមេសារនេះ ខណៈនាវានេះត្រូវបានអ្នកជំនាញអះអាងថា វាមានអាយុកាលច្រើនឆ្នាំមកហើយ។
ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ហៅកាត់ថា AKP បានដកស្រង់ព័ត៌មានពីសាលាខេត្តកោះកុង ចុះផ្សាយនៅថ្ងៃនេះថា ក្រុមអ្នកជំនាញនៃគណៈកម្មាធិការជាតិសន្តិសុខលំហរសមុទ្រ បានបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេតអំពីប្រវត្តិនាវាមួយគ្រឿង ដែលបានលិចនៅក្នុងបាតសមុទ្រកម្ពុជា ត្រង់ចំណុចកោះឆ្លាម ស្ថិតក្នុងខេត្តកោះកុង។ នាវានេះ ត្រូវបានប្រទះឃើញដោយក្រុមអ្នកមុជទឹកស្ម័គ្រចិត្តកម្ពុជា កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនេះ។
ប៉ុន្តែ ក្រុមអ្នកជំនាញនៅមិនទាន់បញ្ជាក់ច្បាស់ថា នាវានេះជាប្រភេទនាវាអ្វី ហើយបានលិចក្នុងសម័យកាលណានោះទេ ព្រោះនាវានេះត្រូវបានផ្កាថ្មដុះពីលើ និងខាងក្នុងមានហ្វូងមច្ឆា និងជីវៈចម្រុះជាច្រើន។
មន្រ្ដីរដ្ឋបាលសាលាខេត្ដកោះកុងបានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានដដែលនេះថា នៅចំណុចដែលលិចនាវានោះ គឺមានលេចចេញនូវផ្កាថ្មប្លែកៗជាច្រើន និងជាជម្រកត្រីយ៉ាងច្រើន ដែលធ្វើឱ្យទេសភាពនៅក្នុងសមុទ្រត្រង់ចំណុចនេះ មានភាពស្រស់ល្អឯកគ្មានពីរផងដែរ៕