អភិបាលស្រុកស្អាងបានឲ្យដឹងថា ស្ថាប័នពាក់ព័ន្ធកំពុងសិក្សាលើកាកសំណល់របស់រោងចក្រដែលបង្ហូរចូលទឹកទន្លេបាសាក់បណ្តាលឲ្យត្រីរាប់សិបក្បាលងាប់ ស្ថិតនៅឃុំសិត្បូ៍ ខេត្តកណ្តាល។
លោក ញឹម វណ្ណឌិន បានប្រាប់ VOD នៅថ្ងៃនេះថា ក្រុមការងាររបស់លោកបានសហការជាមួយមន្ទីរបរិស្ថានខេត្តកណ្តាល រួមទាំងក្រសួងបរិស្ថាន បានដងទឹកស្អុយដែលរោងចក្របោកគក់ខោខៅប៊យ យីហោ ” ហីហ្គៀយាន ឯ.ក ” និងរោងចក្រ៤ផ្សេងទៀត បង្ហូរចូលទឹកទន្លេនៅ ឃុំសិត្បូ៍ ដើម្បីធ្វើការពិសោធន៍ ដោយថាព័ត៌មានបឋមទឹកស្អុយនេះ បណ្តាលឲ្យត្រីប្រជាពលរដ្ឋចិញ្ចឹមរបស់សិបក្បាលងាប់ នៅតំបន់ប្រឡាយបង្ហូរទឹកនោះ។
លោកថ្លែងថា «ក្រុមការងារកំពុងធ្វើការ គេយកទឹកទៅពិសោធន៍សិន នៅក្រសួងបរិស្ថាន ហើយពាក់ព័ន្ធយ៉ាងម៉េចគេធ្វើបន្តទៀត»។
យ៉ាងណាក៏ដោយអភិបាលស្រុករូបនោះ មិនបានបញ្ជាក់ពីរយៈពេលនៃការបង្ហូរទឹកស្អុយនោះចូលទឹកទន្លេបាសាក់ និងចំនូនត្រីដែលងាប់នោះទេ ដោយបង្វែរសំណួរឲ្យទៅសួរមន្ទីរឬក្រសួងបរិស្ថានវិញ។
ទោះជាយ៉ាងណា អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន លោក ហេង ណារ៉េត សុំមិនបំភ្លឺជុំវិញករណីនេះ ដោយលោកថាកំពុងជាប់រវល់ប្រជុំ។
ភ្លាមៗ VOD មិនអាចសុំការបំភ្លឺពីម្ចាស់រោងចក្របោកគក់ខោខៅប៊យ យីហោ ” ហីហ្គៀយាន ឯ.ក ” បានទេនៅថ្ងៃនេះ។
បើតាមបណ្តាញសារព័ត៌មានរស្មីកម្ពុជា CEN បានចុះផ្សាយកាលពីថ្ងៃទី១១ ខែមេសានេះថា ប្រហែលជា៤ខែមកហើយ រោងចក្រ ” ហីហ្គៀយាន ឯ.ក ” និងរោងចក្រ៤ផ្សេងទៀត បានបង្ហូរទឹកស្អុយចូលទន្លេប្រចំនួន៥កន្លែង គឺនៅខាងក្រោយរោងចក្រ និងតាមប្រឡាយ៦៤ជាដើម ដែលបណ្តាលឲ្យប្រជាពលរដ្ឋប្រមាណ២០គ្រួសារ បាត់បង់ត្រីអស់មិនតិចជាង២តោននោះទេ៕