អភិបាលខេត្តក្រចេះ និងប៉ៃលិន ត្រូវបានរដ្ឋាភិបាលសម្រេចដកតំណែង ហើយអភិបាលរងខេត្តទាំងពីរនេះ ត្រូវបានតែងតាំងជំនួសវិញ។ នេះបើតាមលិខិតមួយច្បាប់ដែលវីអូឌីទទួលបាននៅថ្ងៃនេះ។
លិខិតអញ្ចើញចូលរួមពិធីប្រកាសផ្ទេរតំណែង និងភារកិច្ចចុះថ្ងៃទី២០ ខែមេសា បានឲ្យដឹងថា អភិបាលខេត្តក្រចេះ លោក សរ ចំរុង នឹងត្រូវផ្ទេរតំណែង និងភារកិច្ចទៅឲ្យអភិបាលខេត្តថ្មី នៅក្នុងពិធីផ្លូវការមួយនៅថ្ងៃទី២៦ ខែមេសានេះ។
បើតាមសារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាល Fresh News ក្រៅពីអភិបាលខេត្តក្រចេះ អភិបាលខេត្តប៉ៃលិន លោក កើត សុធា ក៏ត្រូវបានរដ្ឋាភិបាលសម្រេចផ្ទេរតំណែងផងដែរ។
បើតាមសារព័ត៌មានដដែលនេះ អភិបាលរងខេត្តក្រចេះ លោក វ៉ា ថន និងអភិបាលរងខេត្តប៉ៃលិន លោក ផាន់ ចាន់ធុល ត្រូវបានរដ្ឋាភិបាលសម្រេចតែងតាំងជំនួសអភិបាលខេត្តទាំងពីរ។
លោក សរ ចំរុង ត្រូវបានរដ្ឋាភិបាលតែងតាំងជាអភិបាលខេត្តក្រចេះចាប់តាំងពីខែឧសភាឆ្នាំ២០១២មកម៉េះ ហើយលោក កើត សុធា ត្រូវបានតែងតាំងជាអភិបាលខេត្តប៉ៃលិនកាលពីខែឧសភា ឆ្នាំ២០១៤កន្លងមក៕