មេដឹកនាំអាមេរិក បានថ្លែងកាលពីថ្ងៃម្សិលមិញថា ផ្លូវនៅវែងឆ្ងាយសម្រាប់ដោះស្រាយវិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង បើទោះបីជាមេដឹកនាំប្រទេសទាំងពីរនេះបានយល់ព្រមជួបជជែកគ្នានាពេលខាងមុខក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
រ៉យទ័របានចុះផ្សាយបន្តថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងបែបប្រុងប្រយ័ត្នបែបនេះកាលពីថ្ងៃម្សិលមិញនេះ ពោលគឺមួយថ្ងៃក្រោយពីកូរ៉េខាងជើងបានសន្យាបញ្ឈប់ការធ្វើតេស្តសាកល្បងគ្រាប់បែកនុយក្លេអ៊ែររបស់ខ្លួន ដែលនាំឲ្យមានក្ដីសង្ឃឹមខ្ពស់សម្រាប់ជំនួបកំពូលមេដឹកនាំកូរ៉េខាងជើង អាមេរិក និងកូរ៉េខាងត្បូង។
បើតាមរ៉យទ័រ កូរ៉េខាងជើង បាននិយាយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុនថា ខ្លួននឹងផ្អាកការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលរបស់ខ្លួន ព្រមទាំងរំសាយទីតាំងសាកល្បងនុយក្លេអ៊ែររបស់ខ្លួនផងដែរ ដោយងាកមកចាប់យកសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចវិញ។
បើទោះបីជាកូរ៉េខាងជើងបញ្ជាក់បែបនេះក្ដី ប៉ុន្តែ លោក ត្រាំ បានសរសេរនៅលើគណនី Twitter របស់លោកថា ការបញ្ចប់វិបត្តិនៅកូរ៉េខាងជើង ស្ថិតលើផ្លូវវែងឆ្ងាយ ដោយរឿងរ៉ាវនេះអាចដំណើរការបាន និងមិនអាចដំណើរការបាន ហើយលោកថា មានតែពេលវេលាទេទើបបញ្ជាក់ប្រាប់រឿងនេះ៕









