ស្ថិតនៅចំកណ្ដាលទន្លេមេគង្គ និងអាចឲ្យយើងមើលឃើញអគារខ្ពស់ៗរាជធានីភ្នំពេញ កោះឧកញ៉ាតី ដែលជាផ្នែកមួយនៃដែនដីរដ្ឋបាលស្រុកខ្សាច់កណ្ដាលស្ថិតក្នុងខេត្តកណ្ដាលនោះ បានក្លាយជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិតាមនាវាតូចៗដែលបើកបរឡើងបញ្ច្រាសទឹកទន្លេមេគង្គដ៏ថ្លាយង់។
ក្រៅពីដំណាំបន្លែ និងផ្លែឈើហូបផ្លែដ៏ស្រស់បៃតង រមណីយដ្ឋានកែច្នៃ «ចម្ការស្នេហ៍»នៅលើកោះនេះ បានស្រូបទាញមនុស្សចូលទៅលេងកម្សាន្តនៅទីនោះជាប្រចាំផងដែរ ប៉ុន្តែ តម្បាញហូលផាមួងលក្ខណៈប្រពៃណីនៅលើកោះនេះ បានផ្ដល់សម្រស់មួយផ្នែកទៀតសម្រាប់ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ឲ្យចូលទៅទស្សនាទីនោះ។
អង្គុយត្បាញក្រម៉ាសូត្រនៅលើកោះឧកញ៉ាតី នៅក្នុង «រមណីយដ្ឋានចម្ការស្នេហ៍» អ្នកស្រី ព្រីង ចន្ធី បានរៀបរាប់ថា បុគ្គលិកត្បាញផាមួង និងក្រម៉ាសូត្រ មានចំនួន ១២នាក់ ដោយអ្នកស្រីថា ក្នុងមួយខែបុគ្គលិកម្នាក់ អាចផលិតបានក្រម៉ាសូត្រប្រហែល ២០ និងផាមួងប្រហែលជាចំនួន ៤ សម្រាប់ដាក់លក់ឲ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ប៉ុន្តែ អ្នកស្រីថា ផលិតស្ទើរតែមិនគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការភ្ញៀវនោះឡើយ។
អ្នកត្បាញក្រម៉ាសូត្រនៅលើកោះឧកញ៉ាតី នៅក្នុង «រមណីយដ្ឋានចម្ការស្នេហ៍» អ្នកស្រី ព្រីង ចន្ធី
ស្ត្រីអ្នកតម្បាញបែបប្រពៃណីរូបនេះ បានឲ្យដឹងថា ក្រម៉ាសូត្រមួយ ត្រូវបានលក់ចេញក្នុងតម្លៃ ៣០ដុល្លារ រីឯផាមួង១ ត្រូវបានលក់ចេញក្នុងតម្លៃ ២០០ដុល្លារ។ អ្នកស្រីឲ្យដឹងបន្ថែមថា ក្រម៉ា និងផាមួងផលិតចេញដោយដៃអ្នកស្រុកនៅទីនោះ បានក្លាយជាផលិតផលដ៏ពេញនិយមសម្រាប់អតិថិជនមានជីវភាពធូធារ។
ថ្វីបើផលិតផលនេះមានតម្រូវការទីផ្សារល្អ ប៉ុន្តែ វាមិនបានទាក់ទាញមនុស្សជំនាន់ក្រោយឲ្យចាប់យករបរប្រពៃណីមួយនេះនោះទេ ដោយអ្នកតម្បាញភាគច្រើននៅក្នុងសហគមន៍នោះ សុទ្ធតែមនុស្សមានវ័យចំណាស់។
អង្គុយត្បាញផាមួង អ្នកស្រី សាយ សុខ បានអះអាងថា បច្ចុប្បន្ននេះ នៅលើកោះឧកញ៉ាតី អ្នកត្បាញភាគច្រើន សុទ្ធតែមនុស្សវ័យចំណាស់ចាប់ពី ៤០ឆ្នាំឡើងទៅ ដោយមិនសូវមានក្មេងជំនាន់ក្រោយនោះទេ។ ករណីនេះ អ្នកស្រីបង្ហាញការព្រួយបារម្ភបាត់បង់អ្នកជំនាញធ្វើសិប្បកម្មដោយដៃនៅថ្ងៃអនាគត។
អ្នកត្បាញផាមួង អ្នកស្រី សាយ សុខ
មិនត្រឹមតែបាត់បង់អត្តសញ្ញាណតំបន់នោះទេ ការបាត់បង់របរប្រពៃណីមួយនេះ ក៏នឹងអាចប៉ះពាល់ដល់ភាពទាក់ទាញខាងផ្នែកទេសចរណ៍ទៅកាន់ដីកោះមួយនេះផងដែរ។
អ្នកគ្រប់គ្រងតម្បាញនៅក្នុង«រមណីយដ្ឋានចម្ការស្នេហ៍» ស្ថិតនៅកោះឧកញ៉ាតី លោក ហឺ សំអាត មានប្រសាសន៍ថា រៀងរាល់ថ្ងៃមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទៅលេងកំសាន្តនៅក្នុង «រមណីយដ្ឋានចម្ការស្នេហ៍» នោះ ដោយសារភាពទាក់ទាញមួយផ្នែកបានមកពីការទស្សនាតម្បាញក្រម៉ា និងផាមួងដោយផ្ទាល់នៅទីនោះ។
លោក សំអាត អំពាវនាវទៅភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យជួយគាំទ្រផលិតផលអ្នកស្រុកនៅទីនោះ ដោយមិនត្រឹមតែទទួលបានគុណភាពប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជួយលើកស្ទួយឧស្សាហកម្មទេសចរណ៍មូលដ្ឋានផងដែរ។
អ្នកគ្រប់គ្រងតម្បាញនៅក្នុង«រមណីយដ្ឋានចម្ការស្នេហ៍» ស្ថិតនៅកោះឧកញ៉ាតី លោក ហឺ សំអាត
ស្ថាបនិកកីតម្បាញខ្មែរ លោកស្រី ចេន សុភាព ស្នើទៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ឲ្យជួយលើកម្ពស់សិប្បកម្មដែលធ្វើដោយដៃ និងជើងនេះ ដោយថា ដើម្បីឲ្យភ្ញៀវជាតិ និងអន្តរជាតិគាំទ្រលើផលិតផលរបស់ខ្មែរ។
ស្ថាបនិកកីតម្បាញខ្មែរ លោកស្រី ចេន សុភាព