ក្រសួងធនធានទឹកនិងឧតុនិយម ឲ្យដឹងថា កម្ពុជាអាចប្រឈមនឹងជំនន់ទឹកភ្លៀងខ្ពស់ជាង២០១៧ ជាពិសេស នៅខែសីហានិងខែកញ្ញា ដោយសារ នៅក្នុងខែទាំងពីរនេះ អាចមានបាតុភូតធម្មជាតិកើតឡើងបណ្ដាលឲ្យមានភ្លៀងធ្លាក់ច្រើន។
ក្នុងសេក្ដីជូនដំណឹងកាលថ្ងៃទី២៦ខែមេសាឆ្នាំ២០៨ ក្រសួងធនធានទឹក ឲ្យដឹងថា នៅខែឧសភា និងខែមិថុនាឆ្នាំ២០១៨ កម្ពុជាអាចនឹងមានបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់កើតឡើងច្រើន ជាពិសេសនៅតំបន់ទំនាបកណ្ដាល ហើយចាប់ពីចុងខែកក្កដាដល់ដើមខែសីហា អាចនឹងមានកូនរដូវប្រាំង ដែលធ្វើឲ្យបរិមាណទឹកភ្លៀងនឹងថយចុះមកនៅ ក្នុងកម្រិតពីតិចទៅមធ្យម។
ដោយឡែក នៅអំឡុងខែសីហានិងខែកញ្ញា ខាងមុខនេះ កម្ពុជានឹងប្រឈមនឹងជំនន់ទឹកភ្លៀងដែលខ្ពស់ជាងឆ្នាំ២០១៧ កន្លងមក ដោយសារ ចំនួនព្យុះដែលអាចកើតលើមហាសមុទ្រប៉ាស៊ីហ្វិក និងសមុទ្រចិនខាងត្បូង អាចមានពី២៤-២៦ព្យុះ៕