មេដឹកនាំចិន ជប៉ុន និងកូរ៉េខាងត្បូង នឹងជួបជុំគ្នានៅក្នុងប្រទេសជប៉ុននៅថ្ងៃទី៩ខែឧសភា ខាងមុខដែលជំនួបត្រីភាគីនេះ បានធ្វើឡើងកាលពី២០១៥ ហើយឆ្នាំ២០១៦ និង ២០១៧មិនមានទេ។
ជំនួបនេះធ្វើឡើងខណៈស្ថានការណ៍នយោបាយនៅក្នុងតំបន់មានភាពធូរស្រាលគឺមេដឹកនាំកូរ៉េខាងជើង និងកូរ៉េខាងត្បូងជួបគ្នា ហើយមេដឹកនាំកូរ៉េខាងជើងគ្រោងជួបមេដឹកនាំអាមេរិក នៅពេលខាងមុខនេះ។
លោក ហ្ស៊ីនហ្សូអាបេ នឹងដឹកនាំការប្រជុំមានការចូលរួមពី ប្រធានាធិបតី កូរ៉េខាង ត្បូងលោកមូន ជែអ៊ីន និង លោក លី ឃឹះឈាង នាយករដ្ឋមន្ត្រីចិន។
ជំនួបត្រីភាគីនេះ ត្រូវបានCNNចុះផ្សាយថា អាចនឹងមានការជជែកពីលទ្ធផលនៃជំនួបរវាង លោក មូន ជែអ៊ីន និង លោក គីម ជុងអ៊ុន កាលពីថ្ងៃទី២៧ខែមេសា ហើយប្រទេសទាំងនេះ ក៏នឹងជជែកផងដែរពីការប៉ះពាល់សេដ្ឋកិច្ចដោយសារចំណាត់ការដំឡើងពន្ធរបស់អាមេរិកផងដែរ។
ការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងនេះក៏ជាផ្នែកមួយសំខាន់នៃជំនួប ស្របពេលដែលចិន និងជប៉ុនធ្លាក់ចុះការទំនាក់ទំនងគ្នាយ៉ាងខ្លាំងតាំងពីឆ្នាំ២០១២មក ដោយសារតែការ ដណ្តើម គ្នាកាន់កាប់ដែនកោះនៅសមុទ្រខាងកើត។
ជំនួបនេះនឹងចាប់ពីថ្ងៃទី៨ដល់ថ្ងៃ១១ខែឧសភា ហើយនឹងមានការជួបជាមួយព្រះចៅ អធិរាជ ជប៉ុនផងដែរ។
កាលពីឆ្នាំ២០១៥ជំនួបមេដឹកនាំប្រទេសទាំងបី រួមមានលោក អាបេ លោក លី និងលោកស្រី ប៉ាក ឃឿនហេ អតីតប្រធានាធិបតីកូរ៉េខាងត្បូងធ្វើឡើងនៅក្នុងទីក្រុងសេអ៊ូល។