សម្ព័ន្ធមិត្តបោះបង់តៃវ៉ាន់ចាប់ចិនដោយសារសេដ្ឋកិច្ច

សាធារណរដ្ឋដូមីនីខេន ប្រកាសផ្តាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ហើយចាប់យកចិនវិញ ដោយបញ្ជាក់ថា តម្រូវការផ្នែកសេដ្ឋកិច្ច។​

តៃវ៉ាន់បានថ្លែងថា នេះជារឿងគួរឲ្យសោកស្តាយខ្លាំងបំផុត ដែលប្រទេសនៅក្នុងតំបន់ការីបបេនមួយនេះផ្តាច់ទំនាក់ទំនង។​ សាធារណរដ្ឋដូមីនីខេនស្ថិតនៅលើកោះតូចៗចំនួន៥ ហើយកោះខ្លះរួមគ្នាជាមួយប្រទេសហៃទីផងដែរ ប្រទេសនេះមានប្រជាជនចំនួន១០លាននាក់។​

រដ្ឋអំណាចទីក្រុងប៉េកាំងនិងតៃវ៉ាន់គឺរត់ប្រណាំងគ្នាផ្នែកការទូតគឺប្រទេសមួយមិនអាចមានទំនាក់ទំនងជាមួយប្រទេសទាំងពីរបានទេគឺមានមួយត្រូវអត់មួយ។​

ប្រទេសជាសម្ព័ន្ធមិត្តរបស់តៃវ៉ាន់ភាគច្រើនជាប្រទេសនៅលើដែនកោះតូចៗ ហើយមិនសូវមានទំនាក់ទំនងជាមួយប្រទេសចិន។

ពេលនេះតៃវ៉ាន់បាត់បង់សម្ព័ន្ធមិត្តរបស់ខ្លួនមួយទៀត ក្នុងចំណោមសម្ព័ន្ធចំនួន១៩។ ប្រទេសទាំងនោះមាននៅ អាមេរិកឡាទីននិងការីបបេន, នៅអាហ្រ្វិក, អឺរ៉ុប, និងប៉ាស៊ីហ្វិកជាដើម។ កាលពីឆ្នាំ២០១៦ប្រទេសPanama នៅអាហ្រ្វិកកណ្តា​លប្រកាសផ្តាច់ទំនាក់ទំនងការទូត ជាមួយតៃវ៉ាន់ដែរ។​

ទីប្រឹក្សាច្បាប់របស់ប្រធានាធិបតីដូមីនីខេន លោក Flavio Dario Espinal ថ្លែងក្នុងសន្និសីទ សារព័ត៌មានថា ការទំនាក់ទំនងជាមួយតៃវ៉ាន់កន្លងទៅមានភាពប្រសើរណាស់ ប៉ុន្តែអ្វីដែលនាំ ឲ្យមានការសម្រេចចិត្តផ្លាស់ប្តូរនេះ ដោយសារហេតុផលតម្រូវការសេដ្ឋកិច្ច។

ចិន និងតៃវ៉ាន់បានផ្តាច់ខ្លួនចេញពីគ្នាកាលពីឆ្នាំ១៩៤៩ ក្រោយពេលសង្គ្រាមស៊ីវិលបានបញ្ចប់ ប៉ុន្តែបច្ចុប្បន្នចិននៅតែចាត់ទុកថា​តៃវ៉ាន់គឺជាខេត្តមួយរបស់ខ្លួន។​

ការទំនាក់ទំនងរវាងរដ្ឋអំណាចទីក្រុងប៉េកាំង និងតៃវ៉ាន់ កាន់តែតានតឹងខ្លាំងក្រោយពេល លោកស្រី សៃ អ៊ឹងវេន ជាប់ឆ្នោតជាប្រធានាធិបតីតៃវ៉ាន់កាលពីឆ្នាំ២០១៦ ដោយសារ លោកស្រី មិនទទួលស្គាល់គោលនយោបាយចិនតែមួយ។ បញ្ហានេះ ចិនបារម្ភថា លោកស្រីសៃ កំពុងតែត្រៀមខ្លួនប្រកាសឯករាជ្យ ប៉ុន្តែលោកស្រីសៃថ្លែងថា ជំហរនយោបាយ របស់លោកស្រីគឺគ្រាន់តែចង់រក្សាស្ថានភាពបច្ចុប្បន្នតែប៉ុណ្ណោះ។​

បច្ចុប្បន្នចិនកំពុងតែរីកចម្រើនជាលំដាប់ ធ្វើឲ្យប្រទេសកាន់តែច្រើនដែលសម្រេច ដកខ្លួនពី តៃវ៉ាន់ ដើម្បីបង្កភាពស្និទ្ធស្នាលជាមួយចិន។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ