របាយការណ៍មួយបង្ហាញថា ចិនបានរៀបចំដំឡើងប្រព័ន្ធមីស៊ីលប្រឆាំងនាវាមុជទឹក និងអាចបាញ់ទប់ទល់ការវាយប្រហារតាមអាកាសទៀតផង នៅលើកោះកំពុងមានជម្លោះនៅសមុទ្រចិនខាងត្បូង។
រដ្ឋអំណាចទីក្រុងវ៉ាស៊ីនតោនបានព្រមានថា ទីក្រុងប៉េកាំង កំពុងតែបង្កបញ្ហាកើតឡើងដោយសារតែការបង្កើតភាពមិនច្បាស់លាស់ក្នុងការរៀបចំមូលដ្ឋានទ័ពនៅកន្លែងមានជម្លោះ។
បណ្តាញព័ត៌មានរបស់អាមេរិក CNBC បានផ្សព្វផ្សាយកាលពីថ្ងៃពុធថា ចិនកំពុងតែរៀបចំដំឡើងមីស៊ីលនៅកោះស្ព្រាតលី។ ព័ត៌មាននេះក៏មានការបញ្ជាក់រដ្ឋាភិបាលរបស់វៀតណាម និងហ្វីលីពីនផងដែរ។
បញ្ហាដែលកំពុងធ្វើឲ្យមានការព្រួយបារម្ភនោះគឺថា បើសិននេះជាព័ត៌មានពិតនោះ នឹងធ្វើឲ្យមានភាពតឹង ឬជាចំណុចចាប់ផ្តើមនៃជម្លោះជាថ្មីទៀត។
ទោះយ៉ាងណាអ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying ថ្លែងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា នោះជាព័ត៌មានមិនពិតទេ។
លោកស្រីថ្លែងថា ចិនកំពុងតែរៀបចំសំណង់នៅទីនោះ គឺធ្វើឡើងដោយសន្តិភាពក្នុងគោលបំណងដើម្បីការពារបូរណភាពទឹកដីតែប៉ុណ្ណោះមិនចង់បង្កភាពតានតឹងនោះទេ។
ប្រទេសកំពុងតែមានជម្លោះលេចធ្លោរជាមួយចិននៅសមុទ្រចិនខាងត្បូងរួមមានដូចជា ហ្វីលីពីន ប្រុយណេ ម៉ាឡេស៊ី និង វៀតណាម។ ក្នុងនោះវៀតណាម និង ហ្វីលីពីនចេញមុខខ្លាំងជាងគេក្នុងការប្រឈមជាមួយចិន។