ក្រុមហ៊ុនមេនៃកាសែតភ្នំពេញប៉ុស្តិ៍ បានប្រកាសលក់កាសែតមួយនេះទៅឲ្យម្ចាស់ថ្មីហើយនៅថ្ងៃនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែលវីអូឌីទទួលបាននៅល្ងាចថ្ងៃសៅរ៍នេះ។
លោក Bill Clough ប្រធានក្រុមហ៊ុន Post Media Ltd ដែលជាក្រុមហ៊ុនមេនៃកាសែតភ្នំពេញប៉ុស្តិ៍ បាននិយយាក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា ក្រុមហ៊ុនលោកត្រូវបានលក់ទៅឲ្យវិនិយោគិនម៉ាឡេស៊ី លោក Sivakumar G. (Siva)។
លោក Clough បានអះអាងថា លោក Siva គឺជាអ្នកកាសែតមួយរូបដ៏គួរឲ្យគោរព មានប្រវត្តិជាអ្នកកាសែតម្នាក់ដ៏មានបទពិសោធន៍ និងតំណាងឲ្យក្រុមវិនិយោគដ៏រឹងមាំមកពីប្រទេសម៉ាឡេស៊ី។
ដោយមិនបានបង្ហាញនូវមូលហេតុនៃការលក់កាសែតទៅឲ្យវិនិយោគិនម៉ាឡេស៊ីនោះ លោក Clough បានរៀបរាប់ថា លោកសម្រេចចិត្តបែបនេះដោយមានការសោកស្ដាយខ្លះៗដែរ។
ទោះជាយ៉ាងណា ប្រធានក្រុមហ៊ុនកាសែតភ្នំពេញ ប៉ុស្តិ៍ បានសម្រេចចិត្តបែបនេះ បន្ទាប់ពីកាសែតមួយនេះ ប្រឈមនឹងបណ្ដឹងពីសំណាក់អតីតអគ្គនាយក លោក Chris Dawe និងជុំវិញបញ្ហាពន្ធ ដែលត្រូវបានគេទម្លាយថា កាសែតនេះពុំបានរាយការណ៍ប្រាប់ទៅអាជ្ញាធរពន្ធដារកម្ពុជាអំពីការចាក់បញ្ចូលទឹកប្រាក់ ២.៥លានដុល្លារ។
ក្រុមមន្ត្រីមកពីសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅអនុវត្តសាលដីការបស់ខ្លួនកាលដើមខែមេសាកន្លងមកនេះ បន្ទាប់ពីកាសែតនេះចាញ់ក្ដីនៅតុលាការជាន់ទាប នៅក្នុងវិវាទការងារជាមួយអតីតអគ្គនាយក លោក Chris Dawe។
ខណៈដែលកំពុងប្ដឹងបន្តទៅតុលាការកំពូលនោះ លោក Clough បានលើកឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះថា សំណុំរឿងក្ដីនៅតុលាការ មិនបានគំរាមកំហែងដល់ដំណើរការរបស់កាសែតនេះឡើយ ប៉ុន្តែ លោកថា គឺជារឿងខកចិត្តខ្លាំងក្លា ហើយក៏បានឆ្លុះបញ្ចាំងពីភាពទន់ខ្សោយនៅក្នុងប្រព័ន្ធតុលាការកម្ពុជាផងដែរ។
កាសែតមានអាយុកាល ២៦ឆ្នាំមួយនេះ បានធ្លាក់ទៅស្ថិតក្នុងស្ថានភាពចម្រូងចម្រាស់ជុំវិញបញ្ហាពន្ធ និងវិវាទការងារ ប្រហែលជា ៦ខែប៉ុណ្ណោះ បន្ទាប់ពីកាសែតភាសាអង់គ្លេស ឌឹ ខេមបូឌា ដេលី បានប្រកាសបិទដំណើរការរបស់ខ្លួនកាលពីដើមខែកញ្ញា ជុំវិញអ្វីដែលរដ្ឋាភិបាលកម្ពុជាចោទថា កាសែតមួយនេះជំពាក់ពន្ធរដ្ឋចំនួន ៦.៣លានដុល្លារនៅក្នុងរយៈពេល ១០ឆ្នាំចុងក្រោយមកនេះ។
ប៉ុន្តែ ក្រុមសិទ្ធិមនុស្សជាតិ និងអន្តរជាតិ បានចាត់ទុកវិធានការរដ្ឋាភិបាលកម្ពុជាថា បានគំរាមកំហែងដល់សេរីភាពសារព័ត៌មាននៅកម្ពុជា ខណៈដែលសារព័ត៌មានឯករាជ្យមានចំនួនតិចតួចបំផុតនៅក្នុងប្រទេសកម្ពុជា៕









