ក្រុង​ព្យុងយ៉ាង​​ប្រាប់​អាមេរិក​កុំ​ឲ្យ​បំភាន់​សាធារណៈ​មតិ​ជុំ​វិញ​ការ​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ

កូរ៉េ​ខាង​ជើង​បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា បំណង​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ដែល​ត្រូវ​បាន​លាត​ត្រដាង​ឲ្យ​ដឹង​នៅ​អំឡុង​ជំនួប​កំពូល​កូរ៉េ​ទាំង​ពីរ​កន្លង​មក​នោះ មិន​មែន​​បណ្ដាល​មក​ពី​ទណ្ឌកម្ម​ និង​សម្ពាធ​របស់​​អាមេរិក​នោះ​ឡើយ ដោយ​ព្រមាន​ទៅ​អាមេរិក​កុំ​ឲ្យ​បំភាន់​សាធារណៈមតិ។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ។

រ៉យទ័រ​បាន​ចុះ​ផ្សាយ​បែប​នេះ ដោយ​បាន​ដក​ស្រង់​​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េ​ខាង​ជើង KCNA ដែល​ចុះ​ផ្សាយ​ថា ក្រុង​វ៉ាស៊ីងតោន​បាន​បំភាន់​សាធារណៈ​មតិ ដោយ​អះ​អាង​ថា ការ​សន្យា​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ គឺ​ជា​លទ្ធ​ផល​នៃ​ទណ្ឌកម្ម និង​សម្ពាធ។

បើ​តាម​រ៉យទ័រ ទីភ្នាក់ងារ​ព័ត៌មាន​ KCNA បាន​ចុះ​ផ្សាយ​បែប​នេះ ដោយ​បាន​ដក​ស្រង់​សម្ដី​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កូរ៉េ​ខាង​ជើង ដែល​និយាយ​ថា អាមេរិក​មិន​គួរ​បង្ក​ហេតុ​ដាក់​កូរ៉េ​ខាង​ជើង តាម​រយៈ​ការ​ដាក់​ពង្រាយ​​សម្ភារៈ​យុទ្ធសាស្ត្រ​នៅ​កូរ៉េ​ខាង​ត្បូង និង​លើក​ឡើង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នោះ​ឡើយ។

កូរ៉េ​ខាង​ជើង​បាន​រង​ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់​ពី​អង្គការ​សហ​ប្រជាជាតិ បន្ទាប់​ពី​រដ្ឋ​ឯកោ​មួយ​នេះ​បាន​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ និង​គ្រាប់​មីស៊ីល​ជាច្រើន​លើក​ច្រើន​សារ​មក​នោះ។

ប៉ុន្តែ មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន នៅ​អំឡុង​ជំនួប​ជាមួយ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លោក មូន ជែអ៊ីន កាល​ពី​ចុង​ខែ​មេសា​កន្លង​មក​នេះ បាន​សន្យា​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​ចោល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ