លោក ហ៊ុន សែន បន្ទោសរដ្ឋមន្ត្រីក្រោមឱវាទ ករណីមិនឲ្យសិស្សនិន្ទេស Dនិង E ប្រឡងពេទ្យ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន​ បាន​ស្តីបន្ទោសមន្ត្រីក្រោមឱវាទថា ​មិនអនុញាតឲ្យសិស្សជាប់បាក់ឌុបប្រឡងចូលសិក្សា​នៅសកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ដោយចាត់ទុកថា នាំការលំបាកដល់រូបលោក ក្រោយពីសិស្សស្នើសុំឲ្យជួយអន្តរាគមន៍ឲ្យ​បានចូលប្រឡង។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ «អគារមិត្តភាពកម្ពុជា-កូរ៉េ» ដែលទើបកែលម្អថ្មី នាព្រឹកថ្ងៃនេះ លោក ហ៊ុន សែន ថ្លែងថា កន្លងមក សិស្ស ប្រឡង បាក់ឌុប បានផ្ញើសារទៅក្នុង ហ្វេសប៊ុក របស់លោកថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងមន្ត្រីមួយចំនួនទៀត ដែល មិន អនុញាត ឲ្យសិស្សជាប់និន្ទេស D និង E ប្រឡង ចូលរៀនសកលវិទ្យា ល័យវិទ្យាសាស្ត្រសុខាភិបាល នោះទេ។ ករណីនេះ លោកបន្ទោសរដ្ឋមន្ត្រីរូប នោះ ថា មានចេតនាទុក្ខបញ្ហា ឲ្យនាយករដ្ឋមន្ត្រីដោះស្រាយ និងបង្កការលំបាកដល់រូបលោក។

លោកថ្លែង បែបនេះថា៖ «ដាក់មក ទាំងអស់មក ឲ្យប្រឡងមក អ្នកណាក៏ដោយ ឲ្យតែជាប់បាក់ឌុប កុំចាំបាច់បែងចែក Aផ្សេង Bផ្សេង… ហើយបិទច្រកពីរផ្សេងទៅ ធ្វើឲ្យនិស្សិតបានមក ដល់ខ្ញុំទៀត រួចហើយ គឺបានបញ្ជាក់មក ថា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ដូចជាមិនសូវ ស្រួល ខ្ញុំចេះតែសង្ស័យ សំខាន់ណាស់ (រុញឲ្យខ្លោច រុញឲ្យឆៅ) ធ្វើឲ្យខ្ញុំលំបាកណាស់ ត្រូវ មើលឡើងវិញ»

VOD មិនអាច សុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ បានទេ ដោយទូរសព្ទចូលច្រើនដងមិនមានអ្នកទទួល។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ផ្តល់ជាអនុសាសន៍ថា ដើម្បីឲ្យសិស្សប្រឡងនៅសកលវិទ្យាល័យ សុខាភិបាលទទួលបានយុត្តិធម៌ រដ្ឋាភិបាលត្រូវ ដាក់មន្ត្រីជំនាញចុះតាមដាន ត្រួតពិនិត្យលើការប្រឡង និង កែវិញ្ញាសារទើបមានប្រសិទ្ធិភាព។

លោក ផ្តល់ជាអនុសាសន៍ថា៖ «រឿង ដែលសំខាន់ គឺការត្រួតពិនិត្យ ដំណើរ ការ នៃការប្រឡង ដើម្បីធានាថា កុំឲ្យមាន អំពើពុករលួយ កុំឲ្យមានការ ស៊ីសំណូក ឬក៏ការអន្តរាគមន៍ពីក្រុមអ្នកមានអំណាច ដើម្បីឲ្យប្រឡងជាប់បានជារឿង សំខាន់ដែរ »

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអន្តរាគមន៍ ជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលនិស្សិតក្នុងវិស័យសុខាភិបាលខណៈដែល វិស័យមួយនេះបានស្ថិត ក្រោមការរិះគន់ថា គ្មានគុណភាពហើយ គ្រូពេទ្យ ភាគច្រើន គ្មាន សីលធម៌ ប៉ុន្តែ លោក នាយករដ្ឋមន្ត្រីបាន ច្រានចោលការរិះគន់នេះកាលពីដើមឆ្នាំ ២០១៦ កន្លងមកដោយថា គ្រូពេទ្យកម្ពុជាមិនអាក្រក់ដល់ថ្នាក់ ៩០ ភាគរយនោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ