អតីតគណបក្សសង្គ្រោះជាតិ បានចេញថ្លែងការណ៍មួយថ្កោលទោសរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រោយពីស្ថាប័ន គ.ជ.ប. បិទការចុះបញ្ជីគណបក្សនយោបាយដោយពុំមានបក្សប្រឆាំងដ៏ធំមួយនេះចូលរួម។
ដំណើរការចុះឈ្មោះគណបក្សនយោបាយចូលរួមក្នុងការបោះឆ្នោតជាតិនៅឆ្នាំនេះ ត្រូវបាន គ.ជ.ប. បិទបញ្ចប់ទៅហើយកាលពីថ្ងៃម្សិលមិញនេះ ដោយមានគណបក្សចំនួន ៤ បានចុះឈ្មោះចូលរួមប្រកួតប្រជែងជាផ្លូវការ ខណៈសំណើរបស់គណបក្ស ១៦ទៀត ត្រូវបាន គ.ជ.ប. អះអាងថា កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យ ប៉ុន្តែ គ្មានទេអតីតគណបក្សសង្គ្រោះជាតិ។
ក្នុងសេចក្តីថ្លែងការណ៍កាលពីល្ងាចថ្ងៃម្សិលមិញនេះ អតីតបក្សប្រឆាំងដ៏ធំមួយនេះ បន្តអំពាវនាវទៅប្រជាពលរដ្ឋកុំឲ្យចូលរួមការបោះឆ្នោតខាងមុខនេះ ដោយបក្សនេះចាត់ទុកថា ការបោះឆ្នោតដែលពុំឲ្យគណបក្សប្រឆាំងមានពលរដ្ឋគាំទ្រកន្លះប្រទេសចូលរួមនោះ គឺជាការបោះឆ្នោតក្លែងក្លាយ មិនឆ្លុះបញ្ជាំងឆន្ទៈពលរដ្ឋ និងថា ជាការបោះឆ្នោតសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
អតីតគណបក្សសង្គ្រោះជាតិ
អតីតបក្សប្រឆាំងមួយនេះក៏បានអំពាវនាវទៅដល់សហគមន៍អន្តរជាតិ កុំឲ្យទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតខាងមុខនេះផងដែរ ដោយចាត់ទុកថា ការបោះឆ្នោតនោះមិនត្រឹមត្រូវ និងមិនស្របច្បាប់។
អ្នកនាំពាក្យ គ.ជ.ប. លោក ហង្ស ពុទ្ធា អះអាងថា អ្វីដែល គ.ជ.ប.កំពុងធ្វើ គឺស្របតាមច្បាប់ ហើយអ្វីដែលអតីតបក្សប្រឆាំងលើកឡើង គឺជាសិទ្ធិរបស់បក្សនេះតែប៉ុណ្ណោះ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណកម្មាធិការជាតិរៀបចំការបោះឆ្នោះ (គ.ជ.ប)
អតីតគណបក្សសង្គ្រោះជាតិ ក៏បានអំពាវនាវទៅប្រទេសជប៉ុនឲ្យបញ្ឈប់ផ្តល់ជំនួយទៅ គ.ជ.ប. ដែរ ដោយថា ពេលនេះ ស្ថាប័នមួយនេះ មិនអាចរៀបចំដំណើរការបោះឆ្នោតឲ្យប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវ និងយុត្តិធម៌នោះទេ។
ខណៈដែលគ្មានវត្តមានបក្សប្រឆាំងនោះ ប្រទេសជប៉ុន បានជំរុញកម្ពុជាឲ្យរៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយថា ដើម្បីឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋ ហើយក៏បញ្ជាក់ថា ជប៉ុននឹងបន្តតាមដានស្ថានការណ៍វិវត្តន៍នៅកម្ពុជា។
គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីខែវិច្ឆិកាឆ្នាំមុន ហើយមេដឹកនាំជាន់ខ្ពស់ ១១៨រូបរបស់បក្សនេះ ក៏ត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំផងដែរ ក្រោយពីមេបក្សប្រឆាំងលោក កឹម សុខា ត្រូវបានចាប់ខ្លួន៕