តុលាការខេត្តកំពង់ធំបានសម្រេចចោទប្រកាន់ និងឃុំខ្លួននាយកសាលាដោយថាបានសរសេរសារប្រមាថព្រះមហាក្សត្រនៅលើទំព័រហ្វេសបុក ដែលនេះគឺជាការបង្ក្រាបជាលើកដំបូងទៅលើអ្នករិះគន់ព្រះមហាក្សត្រ បន្ទាប់ពីរដ្ឋាភិបាលបានកែច្បាប់ដាក់ទោសលើអ្នកប្រមាថស្ថាប័នរាជវង្ស។
ក្នុងដីកាបង្គាប់ចុះថ្ងៃទី១៣ ឧសភា ដែលវីអូឌីទើបទទួលបាន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំលោក ឃន សុកល បានសម្រេចឲ្យឃុំខ្លួនលោក ឃាង ណាវី ភេទប្រុស អាយុ៥០ឆ្នាំ ជាបណ្តោះអាសន្ន តាមការចោទប្រកាន់ពីបទប្រមាថអង្គព្រះមហាក្សត្រតាម មាត្រា៤៣៧ស្ទូន នៃវិសោធនកម្មច្បាប់ព្រហ្មទណ្ឌ។
តាមមាត្រា ៤៣៧ ស្ទួន លោកឃាង ណាវី ប្រឈមទោសដាក់ពន្ធនាគារ ពី ១ ឆ្នាំទៅ ៥ ឆ្នាំនិងពិន័យជាប្រាក់ពី ២ លានរៀល ទៅ ១០ លានរៀល។
នេះគឺជាការបង្ក្រាបជាលើកដំបូងហើយទៅលើអ្នករិះគន់ព្រះមហាក្សត្រ បន្ទាប់ពីរដ្ឋាភិបាលបានកែក្រមព្រហ្មទណ្ឌ ដោយកំណត់ការដាក់ទោសអ្នកប្រមាថរាជវង្សកាលពីខែមីនាកន្លងមកនេះ ដែលវិសោធនកម្មច្បាប់នេះ រងការរិះគន់ និងថ្កោលទោសពីក្រុមសិទ្ធិមនុស្ស។
វិសោធនកម្មច្បាប់នេះ ត្រូវបានគណៈកម្មការក្រុមអ្នកច្បាប់អន្តរជាតិ ហៅកាត់ថា ICJ ចាត់ទុកថា ធ្វើឡើងដើម្បីបំបិទសំឡេងរិះគន់ និងក្រុមអ្នកប្រឆាំង៕