ម្ចាស់​ថ្មី​ភ្នំពេញ​ប៉ុស្តិ៍ អះ​អាង​ថា​លោក​ទិញស្ថាប័ន​​នេះ​ព្រោះ​បារម្ភ​ពី​វាសនា​របស់​បុគ្គលិក

រូបភាពទីស្នាក់ការកាសែតភ្នំពេញប៉ុស្តិ៍ ដោយ ជន ចាន់រ៉ែន

ម្ចាស់​ថ្មី​នៃ​កាសែត​ភ្នំពេញប៉ុស្តិ៍​បាន​ប្រកាស​ថា​លោក​ទិញ​ស្ថាប័ន​នេះ​ ​ព្រោះ​តែ​លោក​បារម្ភពី​វាសនា​របស់​បុគ្គលិកជាង​១០០នាក់​​ ដោយសារតែស្ថាប័នជួបបញ្ហាហិរញ្ញវត្ថុ។​

ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​របស់​ម្ចាស់​ថ្មី​នៃ​ភ្នំពេញប៉ុស្តិ៍​លោក SIVA KUMAR នៅ​ថ្ងៃ​នេះ​បាន​បញ្ជាក់​ថាការ​ទិញ​ក្រុម​ហ៊ុន Post media co Ltd ពី​លោក Bill Clough គឺ​ជា​ការ​ព្រម​ព្រៀង​ជា​មួយ​គ្នា​​សុទ្ធសាធ មិនមានហេតុផលអ្វីផ្សេងនោះទេ។​

លោក​បានបញ្ជាក់​បន្ថែមថា ការ​យល់​ច្រលំ​រវាង​បុគ្គលិក​ភ្នំពេញ​ប៉ុស្តិ​ និង​លោក​បាន​ធ្វើឲ្យ​លោក​ជួប​ការ​ពិបាក​ជា​ខ្លាំង​ក្នុង​ការ​ចាប់​ផ្តើមការ​ងារ​របស់​លោក​ជា​មួយ​ការ​សែតមួយ​នេះ​ដែល​ផ្តើម​ចេញពីការ​យល់​ច្រឡំ​ និង​ការ​បំផ្លើស​បំប៉ោង​ដោយសារ​តែ​បុគ្គលិក​ព័ត៌មាន។​

លោក​បាន​បញ្ជាក់​ថា​ ការ​ទិញ​ភ្នំពេញគឺព្រោះតែ​លោក​បារម្ភពី​វាសនា​របស់​បុគ្គលិក​១៦០​នាក់​នៃ​ស្ថាប័ននេះ ដែល​នឹង​អាច​មាន​បញ្ហា​នោះ។

ខ្ញុំសូមបញ្ចាក់ថាបើ​ខ្ញុំមិន​បានទិញ​ភ្នំពេញ​ប៉ុស្តិ៍ កាសែតមួយ​នេះនឹង​ត្រូវបិទទ្វារ​ដោយសារ​តែស្ថានភាព​ហិរ​ញ្ញ​វត្ថុ​របស់ខ្លួន​ និងជម្លោះដែលមិនទាន់រួច​រាល់​ជាមួយនាយកប្រតិបត្តិពីមុន។ ជា​ការ​ពិត​គឺ​ជា​ការ​ព្រួយបារ​ម្ភ​ចំពោះ​ជោគ​វាសនា​របស់បុគ្គលិក ១៦០​ នាក់ ដែល​នឹងត្រូវជួប​បញ្ហា ពេល​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ត្រូវ​បិទ​ទ្វារ

លោក SIVA KUMAR ​ម្ចាស់​ថ្មី​នៃ​ភ្នំពេញប៉ុស្តិ៍

កាសែតភ្នំពេញប៉ុស្ដិ៍ បាន​​ស្ថិត​ក្នុង​ស្ថានភាព​ចម្រូង​ចម្រាស់​នៃ​បញ្ហា​ពន្ធ និង​វិវាទ​ការងារ  ប្រហែល​ជា៦​ខែ​ប៉ុណ្ណោះបន្ទាប់​ពី​កាសែត​ភាសា​អង់គ្លេស ឌឹ ខេមបូឌា ដេលី បាន​ប្រកាស​បិទ​ដំណើរការ​របស់​ខ្លួន ​កាល​ពី​ដើម​ខែ​កញ្ញាឆ្នាំមុន ជុំ​វិញ​អ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា​ចោទ​ថា ជំពាក់ពន្ធរដ្ឋចំនួន ៦,៣​លាន​ដុល្លារ​ នៅ​ក្នុង​រយៈ​ពេល ១០​ឆ្នាំ​ចុង​ក្រោយ។

ប៉ុន្តែ ក្រុម​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ បាន​ចាត់​ទុក​វិធានការ​រដ្ឋាភិបាល​កម្ពុជា​ថា បាន​គំរាម​កំហែង​ដល់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ខណៈ​ដែល​ថា មាន​សារព័ត៌មាន​ឯករាជ្យ​តិច​តួច​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ