គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានអំពាវនាវឲ្យពលរដ្ឋរស់នៅ និងធ្វើការនៅក្រៅប្រទេសឲ្យវិលត្រឡប់មកបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦ ខាងមុខ។
ក្នុងសេចក្ដីអំពាវនាវមួយចុះថ្ងៃទី១៤ ខែ ឧសភា ដែលវីអូឌីទើបតែទទួលបាន គ.ជ.ប បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និង ធ្វើការនៅក្រៅប្រទេសឲ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦ នាថ្ងៃទី ២៩ ខែកក្ដដាខាងមុខ។
ក្នុងសេចក្ដីអំពាវនាវនោះ គ.ជ.ប ក៏ជំរុញឲ្យមានការសហការពីស្ថានទូតខ្មែរនៅក្រៅប្រទេសទាំងអស់ជួយផ្សព្វផ្សាយសេចក្ដីអំពាវនាវនេះឲ្យបានដឹងដល់ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និង ធ្វើការនៅក្រៅប្រទេសផងដែរ។
ទោះបីជាយ៉ាងណាក្នុងសេចក្ដីអំពាវនាវរបស់ គ.ជ.ប ក៏លើកឡើងដែរថាដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋខ្មែរត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងត្រូវមានអត្តសញ្ញាណប័ណ្ណ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត ហើយបើករណីពលរដ្ឋមានឈ្មោះ តែពុំមានអត្តសញ្ញាណប័ណ្ណ នោះពលរដ្ឋប្រើឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណ ដែលនឹងត្រូវធ្វើជូនចាប់ពីថ្ងៃទី ២៨ ខែ មិថុនា ដល់ថ្ងៃទី ២៧ ខែកក្ដដាខាងមុខ។
កាលពីខែសីហាឆ្នាំ ២០១៧ កន្លងទៅអតីតតំណាងរាស្រ្តបក្សប្រឆាំងធ្លាប់ដាក់សំណើរទៅកាន់សភាឲ្យធ្វើវិសោធនកម្មច្បាប់ ឲ្យពលរដ្ឋខ្មែររស់នៅក្រៅប្រទេសអាចបោះឆ្នោតបាននៅតាមបណ្ដាស្ថានទូតនានាប៉ុន្តែសំណើរនោះត្រូវបានតំណាងរាស្ត្រគណបក្សកាន់អំណាចច្រានចោល។ ចំណែកឯ គ.ជ.ប លើកឡើងថាការរៀបចំឲ្យមានការបោះឆ្នោតនៅតាមស្ថានទូតសម្រាប់ពលរដ្ឋនៅក្រៅប្រទេសនេះ អាចធ្វើទៅបាន លុះត្រាតែមានការធ្វើវិសោនកម្មច្បាប់ជាមុនសិន។
តាមរបាយការណ៍របស់រដ្ឋាភិបាលឲ្យដឹងថា ពលករខ្មែរ ទៅធ្វើការនៅក្រៅប្រទេសមានចំនួនជាង ១លាន៥សែននាក់ ប៉ុន្តែរបាយការណ៍របស់សង្គមស៊ីវិលថាមពលករចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសមានរហូតដល់ជិត ២លាននាក់៕