លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រំឭកឡើងវិញពីវិនាសកម្មនៃសង្គ្រាម និងជំរុញពលរដ្ឋឲ្យចូលរួមថែរក្សាសន្តិភាព ចំថ្ងៃដែលកម្ពុជារៀបចំ «ទិវាជាតិនៃការចងចាំ»។
រដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន បានកំណត់យកថ្ងៃ ២០ ឧសភា ជាទិវាជាតិនៃការចងចាំកាលពីខែកុម្ភៈ និងអនុញ្ញាតឲ្យមានការឈប់សម្រាកជាសាធារណៈ។
នៅចំថ្ងៃនៃការប្រារព្ធទិវាជាតិនៃការចងចាំនេះ លោក ហ៊ុន សែន បានសរសេរនៅក្នុងហ្វេសប៊ុករបស់លោកថា ទិវានៃការចងចាំនេះ ត្រូវបានបង្កើតឡើងដើម្បីរំឭក គោរពវិញ្ញាណក្ខន្ធ និងធ្វើបុណ្យឧទ្ទិសកុសលដល់ជនរងគ្រោះដែលលោកថា បានស្លាប់ជាង ៣លាននាក់នៅក្នុងរបប ប៉ុល ពត។
មេដឹកនាំគណបក្សប្រជាជនកម្ពុជារូបនេះ បានលើកឡើងថា ប្រជាជនកម្ពុជាភាគច្រើនលើសលប់ បានដឹងអំពីសោកនាដកម្ម និងមហន្តរាយនៃសង្គ្រាម។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
ជាមួយគ្នានោះដែរលោក ហ៊ុន សែន ក៏បានលើកឡើងពីភាពសុខសាន្ត ភាពរីកចម្រើន និងសន្តិភាព ក្រោមការដឹកនាំដោយរបបរបស់ខ្លួនក្រោយសង្គ្រាមផងដែរ៕











