អាជ្ញាធរ​កម្ពុជា​​ឃុំ​ខ្លួន​បុរស​ម្នាក់​ទៀត​ជុំ​វិញ​ការ​សង្ស័យ​ថា​ប្រមាថ​ស្ដេច​តាម​ហ្វេសប៊ុក

រូបភាព៖ លោក បាន សម្ភីរ ជាប់ពីបទប្រមាថព្រះមហាក្សត្រ (បណ្ដាញសង្គម)

មន្ត្រី​តុលាការ​ខេត្ត​សៀមរាប បាន​សម្រេច​​ឃុំ​ខ្លួន​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​បក្ស​ប្រឆាំង​​នៅ​ស្រុក​ជីក្រែង​ជា​បណ្ដោះ​អាសន្ន កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្រោម​ការ​សង្ស័យ​ថា បាន​ប្រមាថ​ព្រះ​មហាក្សត្រ ដែល​គឺ​ជា​ករណី​ចាប់​ខ្លួន​មនុស្ស​លើក​ទី​ពីរ​ហើយ ក្រោយ​ពី​ការ​កែ​ច្បាប់​ដាក់​ទោស​ចំពោះ​អ្នក​ប្រមាថ​ព្រះមហាក្សត្រ។

ក្នុង​ដី​កា​បង្គាប់មួយ​ចេញ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​ខេត្ត​សៀមរាប លោក ងួន ណារ៉ា បាន​សម្រេច​ឃុំ​ខ្លួន​លោក បាន សម្ភីរ ជា​បណ្ដោះ​អាសន្ន ក្រោម​ការ​សង្ស័យ​ថា បាន​ប្រមាថ​ព្រះ​មហាក្សត្រ ទៅ​តាម​មាត្រា ៤៣៧​ស្ទួន​នៃ​ច្បាប់​ស្ដី​ពី​វិសោធនកម្ម​ក្រម​ព្រហ្ម​ទណ្ឌ។

​ដី​កា​បង្គាប់​ដដែល​នោះ បាន​ឲ្យ​ដឹង​ថា លោក បាន សម្ភីរ អាយុ ៧០​ឆ្នាំ គឺ​ជា​ជាង​កាត់​សក់​នៅ​ភូមិពន្លឺព្រះផុស ស្ថិត​ក្នុង​ឃុំ​កំពង់ក្ដី។

នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក គណនី​ឈ្មោះ បាន សម្ភីរ និង​មាន​រូបថត​លោក​នោះ មាន​យ៉ាង​តិច​ណាស់​ក៏ ៥​គណនី​ដែរ ដែល​បញ្ជាក់​ថា លោក​គឺ​ជា​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​កំពង់ក្ដី មក​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។

គណនី​មួយ​​ឈ្មោះ បាន សម្ភីរ ដែល​មាន​ភ្ជាប់​ជាមួយ​នូវ​រូបថត​របស់​លោក​ផង​នោះ បាន​ចែក​រំលែក​បន្ត​នូវ​សារ​របស់​គណនី​ឈ្មោះ Khmer Thatcher ដែល​សរសេរ​ថា «នេះ​គឺ​ជា​លទ្ធផល​របស់​ភេរវជន ហ៊ុន សែន និង​ស្ដេច​ក្លែង​ក្លាយ ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ» ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​រូបថត​ព្រះ​មហាក្សត្រ នរោត្ដម សីហមុនី ដែល​ត្រូវ​បាន​កាត់​ត​ភ្ជាប់​ជាមួយ​រូបថត​ត្រឹម​ក​របស់​អតីត​មេដឹកនាំ​វៀតណាម ហូ ជីមិញ។

អ្នកជំនាញច្បាប់ លោកមេធាវី សុក សំអឿន ​មានប្រសាសន៍ថា ប្រសិនបើការផុស ឬ​ចែក​រំលែក​ពាក្យ​សម្ដី​នៅ​តាម​បណ្ដាញ​សង្គម​ដែល​ធ្ចើ​ឲ្យ​ប៉ះពាល់ដល់ព្រះមហាក្សត្រ គឺខុស​ទៅនឹងច្បាប់។

បើអ្វីដែលយើងផុសវាមានលក្ខណៈប្រមាថព្រះមហាក្សត្រ អាហ្នឹងខុស។ រឿងផ្សព្វផ្សាយ មិនមែនតាមហ្វេសប៊ុក បានហៅថា ផ្សព្វផ្សាយឯងណា

លោកមេធាវី សុក សំអឿន អ្នកជំនាញច្បាប់

មន្រ្តីស៊ើបអង្កេតនៃសមាគមអាដហុក លោក ស៊ឹង សែនករុណា បាន​ជំរុញ​ទៅ​រដ្ឋាភិបាល​ឲ្យ​ផ្សព្វផ្សាយ​អំពី​មាត្រា​ថ្មី​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​នេះ ដោយ​លោក​ថា ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​យល់​ដឹង​ជុំ​វិញ​​មាតិការ​បង្ហោះ ឬ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម។

ទស្សនៈរបស់ខ្ញុំផ្ទាល់ គួរតែពិចារណា ធ្វើការពន្យល់គាត់ អាចថា ធ្វើជាកិច្ចសន្យា ឬអាចឲ្យគាត់ដឹងពីផ្លូវច្បាប់ហ្នឹង ពី​ផល​ប៉ះ​ពាល់​ហ្នឹង ឲ្យគាត់បញ្ឈប់អំពើហ្នឹង ជៀសវាងគាត់មិនធ្វើដោយចេតនា  ដោយមិនដឹង ដោយមិនយល់

លោក ស៊ឹង សែនករុណា មន្រ្តីស៊ើបអង្កេតនៃសមាគមអាដហុក

ពលរដ្ឋ​កម្ពុជា ២​នាក់​ហើយ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​​ក្រោម​ការ​សង្ស័យ​ថា​បាន​ប្រមាថ​ព្រះ​មហាក្សត្រ បន្ទាប់​ពី​កម្ពុជា​បាន​អនុម័ត​​កាល​ពី​ខែ​មីនា​កន្លង​មក​នូវ​មាត្រា​​ថ្មី​មួយ​ទៀត​នៅ​ក្នុង​ក្រម​ព្រហ្ម​ទណ្ឌ ដែល​ដាក់​ទោស​ចំពោះ​បុគ្គល​ប្រមាថ​ព្រះ​មហាក្សត្រ។

កាលពីថ្ងៃទី​១២ ខែឧសភា ឆ្នាំ២០១៨ នាយក​សាលា​បឋម​សិក្សា​ព្រៃតាហ៊ូម្នាក់ ​នៅ​ក្នុង​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ដោយ​ជាប់​សង្ស័យ​ថា បាន​ប្រមាថ​ព្រះមហាក្សត្រនៅ​លើ​បណ្ដាញ​សង្គម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ