បទ​យក​ការណ៍៖ តំបន់​បឹង​ទំពុន​ទី​២​លិច​ទឹក​រាល់​ឆ្នាំ ពលរដ្ឋ​ស្នើ​សុំ​​ដំណោះ​ស្រាយ​ពី​អាជ្ញាធរ

រូបភាព៖ ទិដ្ឋភាពភូមិត្នោតជ្រុំ ត្រង់ចំណុចផ្លូវ២២BT (០២ កញ្ញា ២០១៧)

ភ្នំពេញ​បាន​ស្ថិត​លើ​ដំណើរ​នៃ​ការ​ភិវឌ្ឍជា​បន្តបន្ទាប់​ ដែល​អាច​មើល​ឃើញតាម​រយៈ​អគារ​ខ្ពស់ៗ សំណង់​ប្រណិត​ៗ​ជាច្រើន ដែល​កំពុង​រីក​ស្គុះ​​​ស្គាយ​នៅ​ក្នុង​ក្រុង​ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​រដ្ឋ​បាល​មួយ​នេះ។ តែ​ជា​មួយ​ភាព​ថ្កុំ​ថ្កើន​ និង​រី​ក​ចម្រើន​នេះ​ ភ្នំពេញ​​ហាក់មិន​ទាន់​អាច​ដោះស្រាយ​បញ្ហា​ដែល​កើត​ឡើង​នៅ​លើ​ដី ​ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ប្រជា​ពល​រដ្ឋ​បាន​នៅ​ឡើយ​ទេ។

ក្រៅពីបញ្ហា​នៃ​ការ​កក​ស្ទះចរាចរណ៍​​ ការ​ប្រើ​ប្រាស់ចិញ្ចើមផ្លូវ​សាធារណៈ​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួនរបស់​អ្នក​លក់​ដូរ​ និង​ជា​ពិសេស​បញ្ហា​លិច​ទឹក​ក្រោយ​ពេល​មេឃភ្លៀង បាន​ធ្វើ​ឲ្យប្រជា​ពល​រដ្ឋនៅ​ភ្នំពេញខាត​បង់​ថវិកា​ជាច្រើន​ទៅ​លើ​បញ្ហាទាំង​នេះ។

តំបន់​វត្តដំបូក​ខ្ពស់​ ក្នុង​សង្កាត់​បឹង​ទំពន់​ទី​២ ជា​ឧទាហរណ៍​មួយ​នៃ​បញ្ហា​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​មិន​ទាន់​ដោះ​ស្រាយ​បាន​នៅ​ឡើយ ដោយ​ពល​រដ្ឋ​រស់​នៅ​តំបន់​នេះ​បញ្ជាក់​ថា​ ជាង​១០​ឆ្នាំ​មក​ហើយ ​ពួក​គេ​រស់​នៅ​ដោយ​ការ​លំបាក​ជា​មួយ​ទឹក​ដែល​ហូរ​​លិច​ផ្លូវ​នានា​នៃតំបន់​នេះ​​ ដែល​ការ​ចំណាយ​ទៅ​លើ​ការ​ខូច​ខាតចំពោះ​ក្រុម​គ្រួសារ​របស់ពួកគេ​ គឺ​​មិន​តិចនោះ​ទេ។

កំពុង​អង្គុយ​ជជែកគ្នា​ជា​មួយអ្នក​ជិត​ខាង​របស់​ខ្លួន​ អ្នក​ស្រី ហួន ងីម បាន​ឲ្យ​អ្នក​សារព័ត៌មាន​ VOD ដឹងថា តំបន់​នេះ​ ក្រៅ​ពី​ទឹក​ភ្លៀង​បាន​ហូរ​មក​ពី​តំបន់​ខ្ពស់​ជាង​ហើយ​នោះ ទឹក​ក្នុង​លូ​ក៏​ផុល​ចេញមក​ក្រៅ​ផង​ដែរ ដែលជម្រៅ​​លិច​ដល់​ភ្លៅ​មនុស្ស​ចាស់ និង​បង្ក​ឲ្យ​មាន​ក្លិន​ស្អុយធ្វើ​ឲ្យ​ពិបាក​​ទ្រាំជាខ្លាំង។

​ខណៈ​​​ចង្អុល​ទៅ​កាន់​រ៉ឺម៉ក់​កង់​បី​របស់​ប្តី​ អ្នក​ស្រីបន្ថែម​ថា ម៉ូតូ​នោះ​ទើប​តែ​ប្តូរ​ប្រេង​ម៉ាស៊ីន​កាល​ពី​ម្សិល​មិញ​ដោយ​សារ​ទឹក​ចូល​ម៉ាស៊ីន​ ខណៈ​អ្នក​ស្រី​ថា ពេល​ខ្លះ​មិន​ហ៊ាន​ឲ្យ​កូន​ដើ​រ​ទៅ​សាលា​នោះ​ទេដោយសារ​ទឹកជ្រៅ​ពេក​។

កន្លែង​នេះ​ក៏​លិច​កន្លែង​នោះ​ក៏​លិច បើ​មិន​ជឿ​បង​ឯង​ទៅ​សម្ភាសន៍ផ្ទះពល​រដ្ឋ​នៅ​ខាង​ក្រោម​នោះ​ទៅថា​ ទឹក​លិច​ទាល់​តែ​ពួកគាត់​អង្គុយ​សំ​កុក​ទាល់​តែ​ទឹក​លិច​វិញ​អស់​បាន​គាត់​គេង

អ្នក​ស្រី ហួន ងីម ពលរដ្ឋរស់នៅម្ដុំវត្តដំបូកខ្ពស់ សង្កាត់​បឹង​ទំពន់​ទី​២

ពល​រដ្ឋ​ម្នាក់​ទៀត ​លោក សុខ គយ បាន​ឲ្យ​ដឹងថា ​ទឹក​លិច​នៅ​តំបន់​នេះ​ត្រូវ​ចំណាយ​ពេល​ពី ១យប់​​ទៅ ២ថ្ងៃ​​ទើប​ស្រកអស់​ ខណៈ​ឥវ៉ាន់ មនុស្ស និង​សត្វ​ត្រូវ​នាំ​គ្នា​ឡើង​លើ​គ្រែ​ទាំង​អស់ ហើយ​ពុំ​បាន​គេ​ងនោះ​ទេ​ដោយ​សារ​ចង្អៀត​ពេក។

អង្គុយ​លើ​កៅ​អីទាំង​អស់គ្នា​អញ្ចឹង​ទៅ ដូច​យប់​មិញ។ វា​មិន​ដល់​លិច​គ្រែ​ទេ​តែ​ត្រឹមៗ​ជង្គង់​អី​វិន តែ​វា​ហូរ​ចូល​ក្នុង​បន្ទប់

ពល​រដ្ឋ​ម្នាក់​ទៀត ​លោក សុខ គយ

ពល​រដ្ឋ​ម្នាក់ទៀត អ្នក​ស្រីតួ ស្រី​ម៉ៅ ថា​ ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​តំបន់​នេះ​ មាន​ការ​លំបាក​ជាខ្លាំងដោយ​ពេល​ទឹក​លិច​មិន​អាចចេញ​ទៅ​រក​ស៊ី​បាន ហើយពិបាក​កន្លែង​គេង​។

និយាយ​រួម​ពិបាក​មួយ​ចប់​ អត់​កន្លែង​សម្រាន​អី​អញ្ចឹង ទាល់​តែ​មាន​គ្រែ​បាន​ស្រួល​ដេក បើ​យើង​មាន​អត់​អី​ទេ។ បើយើងមាន​ច្រើន​គ្នាត្រូវ​ពិបាក​អ្នក​ដេក​អ្នក​អីអញ្ចឹង

ពល​រដ្ឋ​ម្នាក់ទៀត អ្នក​ស្រីតួ ស្រី​ម៉ៅ

ជា​អ្នក​ប្រកប​របរ​លក់​ខោ​អាវ ខ្សែក្រវ៉ាត់ កាបូប​តាម​ម៉ូតូ លោក ​ឈុន ពីង ប្រាប់​ថា​ នៅរដូវ​ភ្លៀង​នេះ​ ក្នុង​មួយ​សប្តាហ៍​លោក​អាច​ចេញ​ទៅ​លក់​ដូរ​បាន​តែ ​៥ថ្ងៃ​ប៉ុណ្ណោះដោយ​សារ​តែ​ថ្ងៃ​ខ្លះ​ភ្លៀង​សាចសម្ភារៈ និង​ទឹក​ចូល​ម៉ាស៊ី​ន​ម៉ូតូ។ លោក​ចង់​ឲ្យ​អាជ្ញាធរ​ស្តារ​លូរ​ទឹក​ក្នុង​តំបន់​លោក​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​នេះ។

[…] ប៉ះពាល់​ណាស់ រម៉ាស់​ជើង ហើយ​សុទ្ធតែ​ភក់​នៅ​មុខ​បន្ទប់ ឲ្យ​តែ​ពេល​រាំង​ភ្លៀង​បើក​ទឹក​លាង​ហើយ​មុខ​បន្ទប់​ហ្នឹង បើ​គិត​ទៅ​ ក្នុង​មួយ​ខែ​យ៉ាង​ហោច​ណាស់ ​២គីប​ដែរលាង​មុខ​បន្ទប់

ជា​អ្នក​ប្រកប​របរ​លក់​ខោ​អាវ ខ្សែក្រវ៉ាត់ កាបូប​តាម​ម៉ូតូ លោក ​ឈុន ពីង

ចៅសង្កាត់បឹង​ទំពន់​ទី​២ លោក លុក ជ័យ មាន​ប្រសាសន៍​ថា បញ្ហា​នៅ​តំបន់​វត្ត​ដំបូក​ខ្ពស់ ​លោក​បាន​ស្នើសុំទៅ​កាន់​សាលា​ខណ្ឌមាន​ជ័យ​​​រក​ដំណោះស្រាយ​រួច​រាល់​ហើយ ដោយ​ថា ​នា​ពេល​ខាង​មុខ​ នឹង​មាន​ក្រុម​ការ​ងារ​បច្ចេក​ទេស​នឹង​ចុះ​មក​ពិនិត្យ​ទីតាំង និង​ស្តារ​លូ​ជូនប្រជាពល​រដ្ឋ​ តែ​​លោក​មិនទាន់​អាច​បញ្ជាក់​ពេល​វេលា​បាន​នៅ​ឡើយ​ទេ។

តែ​អត់​អី​ទេ​ក្មួយ​ ពេល​នេះ​គេ​រៀប​ចំស្តារ​ហើយ​ផ្លូវ​៦៩​ហ្នឹង​ស្តារ​ហើយ។ ខ្ញុំ​បាន​រាយការណ៍​​ទៅ​សាលា​ខណ្ឌ​ហើយ​ គេ​បាន​ចុះ​មក​ពិនិត្យ​រួច​អស់​ហើយ។ តែ​មិន​ទាន់​ដឹង​ថ្ងៃ​ទេ​ក្មួយ​​ចាំ​មើលៗ​តែ​នៅមុន​រដូវ​ភ្លៀង​ធ្លាក់​ខ្លាំង​ហ្នឹងគេ​មក​ធ្វើ​ហើយ

លោក លុក ជ័យ ចៅសង្កាត់បឹង​ទំពន់​ទី​២

នាយក​ប្រតិ​បត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​លោក សន ជ័យ មាន​ប្រសាសន៍​ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​ការ​ជន់​លិចនេះ​មក​ពី​ការ​រៀប​ចំ​ប្រ​ព័ន្ធ​លូ​ មិន​បាន​ត្រឹម​ត្រូវ ជា​ពិសេស​ការ​ចាក់​លុបប្រលាយ​មេ​ដែល​ធ្វើ​ឲ្យ​ទឹកហូរ​​យឺតពេល​ភ្លៀង។ លោកបន្ថែម​ថា រដ្ឋបាល​រាជ​ធានី ​គួរ​តែ​លើកយក​​ការ​រៀប​ចំ​ប្រព័ន្ធ​លូជា​វិស័យ​អាទិភាពក្នុង​ការ​អភិវឌ្ឍសម្រាប់​ឆ្នាំ​២០១៨​នេះ។

បាត់​ប្រលាយ​អស់​ហើយ​ហ្នឹង! ចឹង​ប្រលាយ​មេ គឺ​ដើរ​តួ​សំខាន់​ណាស់​ក្នុង​ការ​បង្ហូរចេញពី​កន្លែង​មួយ​ទៅកន្លែង​មួយ។ ចឹង​ខ្ញុំ​យល់​ថា​ គួរ​តែ​ដោះស្រាយ​ជា​ប្រព័ន្ធ យក​ល្អរាជ​ធានីភ្នំពេញគួរតែ​លើក​ផែន​ការ​អាទិភាព​របស់​ខ្លួន​ក្នុង​ការ​ស្តារ​លូ​ និង​ប្រលាយ​ទាំង​អស់​ហ្នឹង​ជា​អាទិភាព​សម្រាប់​ឆ្នាំ​២០១៨​ហ្នឹង​ទៅ ដើម្បី​កុំ​ឲ្យ​រឿង​ហ្នឹង​នៅ​តែ​មន្ទិល​ ឬ​ក៏នៅ​កើត​ជា​រឿង​សៅ​ហ្មង​តទៅ​ទៀត

​លោក សន ជ័យ នាយក​ប្រតិ​បត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម

ជាច្រើ​ន​ឆ្នាំ​មក​ហើយ តំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ តែងតែជន់លិចដោយសារជំនន់ទឹកភ្លៀង ខណៈ​អ្នក​ជំនាញ​រិះ​គន់​ថា​ ការជន់លិចនេះ គឺបណ្តាលមកពីការលុបបឹងនានាក្នុងរាជធានីដែលជាកន្លែងស្តុកទឹកបណ្តោះអាសន្ន។

ទោះជា​យ៉ាង​ណា រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ​តែ​ងតែ​អះ​អាង​ថា​ ជំនន់​ទឹក​ភ្លៀងនេះ​​ត្រូវ​បាន​កាត់​បន្ថយជា​បណ្តើរៗ​ហើយ តាម​រយៈ​ការ​បង្កើន​ស្ថានីយ​បូម​ទឹក និង​បង្កើន​សមត្ថភាព​បូម​របស់​វា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ