មេ​នគរបាល​រាជ​ធានី​ដក​បញ្ឈរ​​នគរបាល​ទះ​កំផ្លៀង​លើ​ស្ត្រី​អ្នក​ដំណើរ

លោក កៅ សំអុល (បណ្ដាញសង្គម)

មេ​នគរបាល​រាជ​ធានី​ភ្នំពេញ បាន​សម្រេចដក​បញ្ឈរ​ជើង​មន្រ្តីនគរបាលម្នាក់ បន្ទាប់ពីនគរបាលរូបនោះ បាន​ប្រើអំពើ​ហិង្សាទៅលើស្រ្តី​ម្នាក់​​ ដែល​នគរបាល​រូប​នោះ​ចោទ​ថា បានបើកបរ​ម៉ូតូ​​បញ្ច្រាស​ផ្លូវកាលពីម្សិលមិញ។

វីដេអូឃ្លីបមួយដែលត្រូវ​បាន​ចែកចាយតាមបណ្តាញសង្គមកាលពីថ្ងៃ​ម្សិល​មិញ​នេះ បង្ហាញ​មន្ត្រី​នគរបាល លោក កៅ សំអុល បាន​ទះ​កំផ្លៀងទៅ​លើ​ផ្ទៃ​មុខ​ស្ត្រី​ម្នាក់ ដែល​មន្ត្រី​នគរបាល​ចរាចរណ៍​រូប​នេះ​ចោទ​ថា បាន​បើក​បរ​ម៉ូតូ​បញ្ច្រាស​ទិស និង​អត់​ពាក់​មួក​សុវត្ថិភាព។

ក្នុងលិខិតបង្គាប់ការចុះថ្ងៃទី២២ឧសភានេះ ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ លោក ជួន សុវណ្ណ បានសម្រេច​ផ្អាក​ការងារ​លោក កៅ សំអុល ជា​បណ្ដោះ​អាសន្ន និង​បង្គាប់​ឲ្យ​មន្ត្រី​នគរបាល​រូបនេះ​បង្ហាញ​ខ្លួន​នៅ​ការិយាល័យ​បុគ្គលិក​រៀង​រាល់​ម៉ោង​ធ្វើការ។

បើ​តាម​លិខិត​បង្គាប់​ការ លោក ជួន សុវណ្ណ បាន​ហៅ​ទង្វើ​មន្ត្រី​នគរបាល​ចរាចរណ៍​រូបនេះ​ថា «គ្មាន​សីលធម៌ និង​ខ្វះ​សុជីវធម៌» និង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កិត្តិយស​នគរបាល​ជាតិ។

ទោះជាយ៉ាង​ណា មន្ត្រី​នគរបាល​រូប​ មិន​ត្រូវ​បាន​ឃាត់​ខ្លួន​នោះ​ឡើយ ខណៈ​ដែល​មន្ត្រី​សង្គម​ស៊ីវិល​ថ្កោល​ទោស​ចំពោះ​ទង្វើ​មន្ត្រី​សាធារណៈ​បែប​នេះ និង​ទាម​ទារ​ឲ្យ​ផ្ដន្ទា​ទោស​ទៅ​តាម​ច្បាប់។

នាយិកា​អង្គការសីលការ លោកស្រី ធីតា ឃឹះ បាន​ឲ្យ​ដឹង​ថា មន្រ្តីនគរបាលរូបនោះ បាន​ធ្វើខុសច្បាប់រដ្ឋបាលរបស់នគរបាល និងមានកំហុសផ្នែក​ព្រហ្មទណ្ឌ។

ទោះបីមិនមែនស្រ្តី ចំពោះបុរស ឬពលរដ្ឋធម្មតាក៏ដោយ សមត្ថកិច្ចអត់មានសិទ្ធិទៅធ្វើអញ្ចឹងដែរ។ អញ្ចឹង អ្វីដែលនគរបាលនោះ គឺធ្វើខុសបទបញ្ជាផ្ទៃក្នុងរបស់ប៉ូលីសរួចទៅហើយ។ ដូច្នេះ ត្រូវតែមានវិធានការទៅលើនគរបាលហ្នឹងតាមផ្នែករដ្ឋបាល។ បន្ថែមទៅលើហ្នឹង គាត់មានកំហុសមួយជាន់ទៀត ដោយគាត់បានប្រើអំពើហិង្សាលើស្រ្តី ដែលបង្ហាញ​ឲ្យឃើញអំពីការរើសអើងលើស្រ្តី និងបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ

លោកស្រី ធីតា ឃឹះ នាយិកា​អង្គការសីលការ

លោកស្រី ធីតា ឃឹះ ឲ្យដឹងថា នេះមិនមែនជាលើកទី១ទេ ដែលមន្រ្តីអាជ្ញាធរនគរបាល ទាហ៊ាន និងប៉េអឹម ប្រើហិង្សាលើស្ត្រីនោះ កន្លងមកមានមន្រ្តីទាំងនោះច្រើនណាស់បានប្រើហិង្សាលើស្រ្តីដូចជាស្រ្តីអាជីវករ ស្រ្តីសហជីព កម្មការិនី និងអ្នកមានជម្លោះដីធ្លីជាដើម ដោយមន្រ្តីអាជ្ញាធរទាំងនោះមិនត្រូវបានដាក់ទោសទណ្ឌនោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ