អ្នកគាំទ្រអតីតបក្សប្រឆាំងគ្រោងធ្វើបាតុកម្មស្នើជប៉ុនផ្ដាច់ជំនួយបោះឆ្នោត

លោក អ៊ុង ឫទ្ធី (រូបកាន់មេក្រូនិយាយ) ចូលរួមបាតុកម្មតវ៉ាឲ្យដោះលែងលោក កឹម សុខា នៅមុខក្រសួងការបរទេសអាមេរិក នៅថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៧។ រូបភាព៖ RFA

ក្រុមអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិប្រចាំនៅសហរដ្ឋអាមេរិក គ្រោងធ្វើបាតុកម្មដើម្បីសុំឲ្យជប៉ុនដកខ្លួន និងផ្ដាច់ជំនួយបោះឆ្នោតដល់កម្ពុជា ប៉ុន្ដែ អ្នកនាំពាក្យ​ គ.ជ.ប ឆ្លើយតបថា ក្រុមនេះកំពុងបង្កការរំខានដល់ការបោះឆ្នោតជាតិ ដែលនឹងប្រព្រឹត្តទៅនៅចុងខែកក្កដាឆ្នាំ២០១៨ខាងមុខនេះ។​

ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីម្សិលមិញ  ក្រុមអ្នកគាំទ្រអតីតគណបក្សប្រឆាំងប្រចាំនៅសហរដ្ឋអាមេរិក ថា គ្រោងរៀបចំធ្វើមហាបាតុកម្ម នៅមុខស្ថានបេសកកម្មអចិន្ដ្រៃយ៍ជប៉ុនប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក នាថ្ងៃទី១ខែមិថុនាខាងមុខនេះ។

មន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលនិរទេសខ្លួននៅអាមេរិក លោក​ ហ៊ីង សុខសាន្ដ បញ្ជាក់បន្ថែមប្រាប់ VOD នៅថ្ងៃនេះថា គម្រោងធ្វើបាតុកម្មនេះ គឺមានគោលដៅសំខាន់ ៣យ៉ាង គឺ ស្នើឲ្យជប៉ុនផ្ដាច់ជំនួយបោះឆ្នោតមកកម្ពុជា ស្នើជប៉ុនកុំទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត បើគ្មានវត្តមានអតីតគណបក្សសង្គ្រោះជាតិ និងស្នើជប៉ុន ជំរុញឲ្យកម្ពុជាគោរពតាមកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស។​

យើងស្នើសុំដល់ជ​ប៉ុនឲ្យដកខ្លួនថយ ហើយឈប់ផ្ដល់ជំនួយផ្នែកបោះឆ្នោតដោយឈប់គាំទ្រគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហ្នឹង ដែលការបោះឆ្នោតខាងមុខហ្នឹង វាអត់បានឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋ។ ទី២ យើងស្នើសុំទៅជប៉ុនដែរ កុំទទួលស្គាល់នូវការបោះឆ្នោតក្លែងក្លាយ ពីព្រោះការបោះឆ្នោតនេះ វាអត់មានលក្ខណៈប្រជាធិបតេយ្យ

លោក​ ហ៊ីង សុខសាន្ដ មន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលនិរទេសខ្លួននៅអាមេរិក

លោក ហ៊ីង សុខសាន្ដ រំពឹងទៀតថា បាតុកម្មនេះ នឹងមានអ្នកចូលរួមប្រមាណជា ៥០០នាក់ ហើយនឹងបន្ដការតវ៉ាបែបនេះនៅប្រទេសមួយចំនួនទៀត ដូចជា បណ្ដាប្រទេសនៅសហគមន៍អឺរ៉ុប កូរ៉េខាងត្បូង និងអូស្ដ្រាលីជាដើម។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ក្រុមអ្នកគាំទ្រអតីតបក្សប្រឆាំងនៅក្រៅប្រទេស កំពុងតែមានបំណងអាក្រក់ និងបង្កការរំខានដល់ដំណើរការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ។ លោកថា ជប៉ុន នឹងមិនកាត់ផ្ដាច់ជំនួយបោះឆ្នោតពីកម្ពុជានោះទេ ហើយបើទោះបីជាជប៉ុន មិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតក៏ដោយ ក៏វាមិនប៉ះពាល់ដល់ភាពស្របច្បាប់នៃរដ្ឋាភិបាលកើតក្រោយការបោះឆ្នោតនោះឡើយ។

លោកថា៖ « ខ្ញុំសូមជំរាបថា សភានៃប្រទេសកម្ពុជា លោកបានអនុម័តកញ្ចប់ថវិកាជាដុំរួចហើយ។​ អញ្ចឹងកញ្ចប់ថវិកានេះ បើមានប្រទេសណាជួយមក ជាការសម្រួលបន្ទុកទៅរដ្ឋាភិបាលកម្ពុជា ប៉ុន្ដែ បើសិនជាអត់ជួយទេ គឺកញ្ចប់ថវិកានោះ គឺមានស្រាប់សម្រាប់ដំណើរការបោះឆ្នោត។ ដើម្បីជ្រើសរើសមេដឹកនាំប្រទេស មេដឹកនាំរដ្ឋមួយ មិនមែនឋិតនៅលើអ្នកនៅខាងក្រៅទេ គឺប្រជាពលរដ្ឋក្នុងប្រទេសខ្លួនឯង»។

ប្រធានក្រុមអ្នកវិភាគនយោបាយវ័យក្មេង លោក ហង្ស វិទូ វិភាគថា គម្រោងធ្វើបាតុកម្មនៅក្រៅប្រទេសនេះ ទំនងជាគ្មានឥទ្ធិពលអ្វីធំដុំមកលើរដ្ឋាភិបាលកម្ពុជានោះទេ។ ប៉ុន្ដែ លោកយល់ថា វានឹងជួយជំរុញទៅរដ្ឋាភិបាលជប៉ុន និងសហគមន៍អន្ដរជាតិ ឲ្យងាកមកចាប់អារម្មណ៍បន្ថែមទៀតលើបញ្ហានយោយបាយនៅកម្ពុជា ខណៈការបោះឆ្នោតកាន់តែខិតចូលមកដល់។

ជាការរួមចំណែកជួយដល់លទ្ធិប្រជាធិបតេយ្យកម្ពុជា គឺប្រទេសជប៉ុនគាត់អាចដាស់តឿនក្រើនរំលឹកឲ្យកម្ពុជាបង្ហាញគោលជំហរក្នុងការចង់ឃើញគោលការណ៍បោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ […] ក៏ប៉ុន្ដែ យ៉ាងហោចណាស់ ក៏មានឥទ្ធិពលទៅដល់ប្រទេសជប៉ុន ក៏ដូចជា ប្រទេសដៃគូដទៃទៀតហ្នឹង គេអាចនឹងចាត់វិធានការ ដើម្បីកុំឲ្យគេព្រងើយកន្ដើយ ឬភ្លេចចំពោះបញ្ហាកម្ពុជា

លោក ហង្ស វិទូ ប្រធានក្រុមអ្នកវិភាគនយោបាយវ័យក្មេង

បន្ទាប់ពីអតីតបក្សប្រឆាំង ដែលមានអ្នកគាំទ្រជិតពាក់កណ្ដាលប្រទេស ត្រូវបានតុលាការកំពូលរំលាយចោលតាមបណ្ដឹងរបស់ រដ្ឋាភិបាល ប្រទេសលោកសេរីមួយចំនួនបានព្រមានដាក់ទណ្ឌកម្ម និងកាត់ផ្ដាច់ជំនួយបោះឆ្នោតមកកម្ពុជា ដូចជា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើម ពោលគឺនៅសល់តែជប៉ុនប៉ុណ្ណោះ ដែលបន្ដជួយដល់ស្ថាប័នបោះឆ្នោតនៅកម្ពុជា។​

សហគមន៍អន្ដរជាតិ និងប្រទេសចំនួន ៤៥ នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក៏បានព្រមានមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតខាងមុខផងដែរ ប្រសិនបើគ្មានការដោះលែងអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងអនុញ្ញាតឲ្យអតីតបក្សប្រឆាំង បានចូលរួមការបោះឆ្នោតឡើងវិញ ស្របតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ