លោក ស ខេង ៖ រដ្ឋាភិបាល​​បន្ថែម​សកម្មភាព​ការពារ​ពលករ​ពីការកេងប្រវ័ញ្ចគ្រប់រូបភាព

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីកន្លងទៅ​

រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ថ្លែង​ថា ពេល​នេះ រដ្ឋាភិបាល​កំពុង​តែធ្វើសកម្មភាពបន្ថែមទៀត ខិតខំការពារ​ពលករខ្មែរ​មិនឲ្យមានការកេង​ប្រវ័ញ្ចនិង​រំលោភបំពាន​លើគ្រប់រូបភាពទាំងអស់។​

នៅក្នុងពិធី​ផ្សព្វផ្សាយរបាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឆ្នាំ​២០១៧ និង​លើកទិសដៅឆ្នាំ២០១៨​ ដែលប្រព្រឹត្តទៅ​កាលពី​ម្សិល​មិញ​ លោក ស ខេង លើកឡើង​ថា រដ្ឋា​ភិបាល​បាន​ផ្តល់​ភាព​ស្រប​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ពលករ​កំពុង​ធ្វើ​ការនៅប្រទេសថៃ និង​បើ​កឲ្យ​មានការ​ធ្វើ​លិខិតឆ្លង​ដែន​នៅ​តាម​បណ្តាខេត្ត​មួយ​ចំនួន​ទៀត ដើម្បី​ជៀស​វាង​ការ​កេង​ប្រវ័ញ្ចឬ ជួញដូរ​ពលករ​ខ្មែរនៅក្រៅ​ប្រទេស។​

លោក ស ខេង បញ្ជាក់​ទៀត​ថា រដ្ឋាភិបាល​ក៏​បាន​សហការ​ជាមួយ​ដៃគូ​ពាក់​ព័ន្ធ​រួម​ទាំងរដ្ឋាភិបាល​បរទេស និង​អង្គការ​សង្គម​ស៊ីវិល​ក្នុងការ​ការពារ​សិទ្ធិ​ពលករខ្មែរ​។

មន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)លោក ឌីថេ ហូយ៉ា ធ្វើការ​ផ្នែក​ការពារ​សិទ្ធិពលករ​នៅក្រៅប្រទេស​លើកឡើង​ថា នៅពេលដែល​ពលករ​ទទួលបាន​ភាពស្រប​ច្បាប់កាន់​តែច្រើន​ក៏កាន់តែកាត់បន្ថយការ​ជួញដូ​រពលករ។​

នៅពេលដែលគាត់​ទទួល​បានភាព​ស្រប​ច្បាប់​កាន់​តែច្រើន​ ការកេងប្រវ័ញ្ច​ ការជួញដូរ​ថយចុះដែរ។​ ប៉ុន្តែ​វាមិនមែន​ថយចុះច្រើន​ណាស់ណាទេ​ គឺវាអាស្រ័យ ​លើប្រព័ន្ធ​ការពារ​របស់រដ្ឋទៀត។​

លោក ឌីថេ ហូយ៉ា មន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)

លោកហូយ៉ា បន្ត​ថា ពលករ​ស្រប​ច្បាប់​ហើយខ្វះ​ប្រពន្ធ​ការពារនិង​ប្រព័ន្ធ​ដោះស្រាយនៅតែប្រឈមបញ្ហា។​

យើងមើលដូចករណីនៅម៉ាឡេស៊ី​ កម្មករស្រប​ច្បាប់​ដែរ ប៉ុន្តែ​យើង​យក​ទៅដាក់ចោល​ឲ្យ Agency ហើយ Agency យកទៅលក់​ចំណែក​ពលករខ្លួន​ឯងអត់ដឹង​គេយក​ទៅលក់ទេ។ ចំណែក​រដ្ឋ​យើង​ក៏អត់ដឹង​ថា គាត់​ធ្វើការ​នៅផ្ទះ​ណាខ្លះទេ ហើយពេលមាន​បញ្ហា​ថា គាត់មានលេខHotline ទាក់​ទងទូត  ហើយមាន​លេខទំនាក់​ទំនង​គណៈកម្មការ​ដោះស្រាយវិវាទ ហើយត្រូវ​ចុះ​ទៅដោះស្រាយយ៉ាងម៉េច? យើងអត់មាន​ ការពិតទាំងអស់​ហ្នឹងយើងត្រូវ​តែមាន។

លោក ឌីថេ ហូយ៉ា មន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)

លិខិតជូនដំណឹង របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៧ខែឧសភា លើកឡើងថា  រដ្ឋាភិបាលសម្រេ​ច​ដា​​ក់​ឲ្យ​ដំ​ណើរការសាខាផ្តល់សេវាលិខិតឆ្លងដែនធម្មតាគំរូថ្មីបីកន្លែងបន្ថែម​ទៀត​រួម​មាន​ នៅឃុំអន្លង់វិល ខេត្តបាត់ដំបង  ស​​ង្កាត់ផ្សារកណ្តាល ក្រុងប៉ោ​យ​ប៉ែ​​​ត ខេ​ត្តបន្ទា​យមានជ័យ និងសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ