នាវាចម្បាំង៣គ្រឿងរបស់ប្រទេសរុស្ស៊ីចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ដើម្បីបង្កើនចំណងទំនាក់ទំនងទ័ពជើងទឹករវាងប្រទេសទាំងពីឲ្យកាន់តែប្រសើរ។
យោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នាវាទាំងបី ចូលចតនៅកំពង់ផែក្រុងព្រះសីហនុរយៈពេលប្រាំថ្ងៃគឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។ តាមប្រភពដដែល នាវាចម្បាំងរបស់រុស្ស៊ីដែលមានឈ្មោះ Admiral Vinagrador និង Admiral Tributs ដែលមានប្រវែង១៦៣ម៉ែត្រជាប្រភេទនាវាពិឃាត និង Pechenga មានប្រវែង១៣០ម៉ែត្រជានាវាផ្ទុក ប្រេង។ នាវាទាំងបីផ្ទុកនាវិកសរុបចំនួន៨១៩នាក់។ នាវាទាំងនេះ ដឹកនាំដោយមេបញ្ជាការកងនាវាចម្បាំងរុស្ស៊ីប្រចាំតំបន់ប៉ាស៊ីហ្វិកលោក Olen Korolev។
បើតាម AKP អំឡុងពេលចតនាវានៅព្រះរាជាណាចក្រកម្ពុជារយៈពេលប្រាំថ្ងៃនេះ ប្រតិភូកងទ័ពរុស្ស៊ី មានគម្រោងចូលជួប ជាមួយអគ្គនាយកកំពង់ ផែស្វយ័តក្រុងព្រះសីហនុ អភិបាលខេត្តព្រះសីហនុ មេបញ្ជាការមូលដ្ឋានសមុទ្រ និងមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ក្រៅពីនោះក៏មានការប្រកួតកីឡាបាល់ទាត់ និងបាល់ទះជាមួយកងទ័ពជើងទឹកកម្ពុជាផងដែរ។
នេះជាលើកទី៤ហើយដែលកងនាវារបស់សហព័ន្ធរុស្ស៊ីបានចូលមកចតនៅឆ្នេរសមុទ្រកម្ពុជាចាប់ពីឆ្នាំ២០១១មក។ កាលពីចុងឆ្នាំមុននាវាចម្បាំងចំនូនពីរបស់រុស្ស៊ីក៏បានចូលចតនៅកំពង់ផែខេត្តព្រះសីហនុផងដែរ។
ការមកដល់នៃនាវាកងទ័ពជើងទឹករុស្ស៊ីនេះ ត្រូវបានគេមើលឃើញថា ធ្វើឡើងបន្ទាប់ពីកម្ពុជាសម្រេចផ្អាកកិច្ចសហប្រតិបត្តិការខាងផ្នែកយោធាមួយចំនួនជាមួយសហរដ្ឋអាមេរិក និងអូស្ត្រាលី នៅដើមឆ្នាំមុន៕