តុលាការ​​បន្ត​សាក​សួរ​លោក ​មឿន ​តុលា ​ទោះបី​ជាមាន​ការ​ស្នើ​សុំ​ទម្លាក់​បទ​ចោទ​ពី​ក្រសួង​ការងារ​

លោក មឿន តុលា បានចូលទៅសាលាដំបូងរាជធានីភ្នំពេញ តាមដីការកោះហៅរបស់ចៅក្រមស៊ើបសួរ នៅថ្ងៃនេះកាលពីម៉ោង ៨:៣០នាទីព្រឹក (២៥ ឧសភា ២០១៨)

សាលាដំបូងរាជ​ធានីភ្នំពេញ​​បាន​បន្ត​សាក​សួរ​លោក ​មឿន តុលា បន្តទៀតបើ​ទោះបី​ជា​មាន​ការ​ស្នើ​សុំ​ឲ្យទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​រូប​លោក​ពីរដ្ឋាភិបាល​ក៏​ដោយ។

នៅព្រឹក​ថ្ងៃ​ទី​២៥ ឧសភា នេះ​តុលាការ​ក្រុង​ភ្នំពេញ​បាន​បន្ត​សាក​សួរ​លោក មឿន តុលា  ទាក់​ទង​នឹង​ការ​ចោទ​ប្រកាន់​ពីបទ​រំលោភ លើទំនុកចិត្ត ដែល​ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦កន្លងមក ក្នុង​​រឿង​បច្ច័យ​បុណ្យ​សព​លោក​កែម ឡី ដែល​បានប្តឹង​ដោយ​ប្រធាន​បក្សយុវជន​កម្ពុជាលោក ពេជ្រ ស្រស់។

កាលថ្ងៃទី៤ខែមករាឆ្នាំ២០១៨ លោក មឿន តុលា​ និង​គណកម្ម​ការ​បុណ្យ​លោក​កែម ឡី ២​រូប​ទៀតគឺ​លោក ប៉ា ងួនទៀង និង​ព្រះតេជគុណ​ប៊ុត ប៊ុនតិញ ​ត្រូវ​បាន​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​រាជ​ធានីភ្នំពេញបានសម្រេចចោទប្រកាន់ និងស្នើ​ឲ្យ​​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន។

ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​បញ្ចប់​ការ​សាក​សួរ​នៅព្រឹក​ថ្ងៃ​សុក្រ​នេះ​ លោក មឿន តុលា​ បាន​ឲ្យ​ដឹងថា​ តុលាការ​មិន​ទាន់​សម្រេច​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​រូប​លោក​នៅឡើយ​ទេ តែ​បាន​អនុញ្ញាត្តិ​ឲ្យ​លោក​ត្រលប់​ទៅផ្ទះ​វិញ។

ពេល​នេះ​តុលាការ​គាត់​ឲ្យ​ត្រលប់​មក​វិញ មិន​ទាន់​ដឹង​ថា​ការ​សម្រេច​យ៉ាង​មិច​ទេ

លោក មឿន តុលា នាយកប្រតិបតិ្ត មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់

ប្រធាន​ផ្នែក​ស៊ើប​អង្កេត​​នៃ​អង្គការ​លីកាដូលោក អំ សំអាត មាន​ប្រសាសន៍ថា​តុលាការ​គួរ​តែ​ពិចារណា​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ចំពោះ​ករណី ​លោក​ មឿន តុលា ក៏​ដូច​ជា​បុគ្គល​ពីរ​រូប​ទៀត​របស់​គណកម្មការ​បុណ្យ​លោក​កែម​ឡីដោយថា​តាម​ការ​សង្កេត​​គឺ​ពុំ​ឃើញ​មាន​បទ​ល្មើស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

លោក​បន្ថែម​ទៀត​ថា​ករណី​របស់​លោក​ មឿន តុលា គឺ​មាន​សង្ឃឹម​ច្រើន​ដោយ​សាររដ្ឋាភិបាល​បាន​ប្រកាសថា​ខ្លួន​បាន​ចាត់នីតិវិធី​តាម​ផ្លូវ​តុលាការដើម្បី​លើក​លែង​ការ​ចោ​ទ​ប្រកាន់​លើ​រូប​លោក​ផង​ដែរ។

បើ​សិន​ជាមិន​ឃុំ​ទេ​រឿង​ហ្នឹង​គេ​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ទៅប៉ុន្តែ​ព្រឹក​មិញ​យើងអត់​បាន​ទទួល​ព័ត៌មាន​នេះ​ទេ​ ចឹង​យើង​ចាំ​មើល​ថា​តុលាការ​នឹង​មាន​វិធាន​ការ​យ៉ាង​ណា​បន្តទៀត។ ប៉ុន្តែ​ការ​សង្ឃឹម​របស់​យើង​នៅ​តែ​សង្ឃឹម​ព្រោះ​ថា​ក្រសួង​ការ​ងារ​គាត់​ថា​គាត់​បាន​ស្វះ​សែង​រក​កិច្ច​អន្តរាគមន៍ ឲ្យ​អស់​ពី​លទ្ធ​ភាព​ដើម្បី​ទម្លាក់​ចោល​ការ​ចោទប្រកាន់

លោក អំ សំអាត ប្រធាន​ផ្នែក​ស៊ើប​អង្កេត​​នៃ​អង្គការ​លីកាដូ

កាលពី​ថ្ងៃ​ទី២៧ ខែ​មេសា ក្រសួង​ការ​ងា​របាន​ប្រកាស​ថា​ដើម្បី​ធានា​ដល់​សិទ្ធិ​សេរីភាព​អង្គការ​វិជ្ជា​ជីវៈ រាជ​រដ្ឋា​ភិបាល​​បាន​ចាត់​វិធានការតាមនីតិវិធីតុលាការ ក្នុងការលើកលែងការចោទប្រកាន់ លោក មឿន តុលា។

កាលពី​ថ្ងៃ​ទី១៩ កុម្ភៈ អង្កការ​សមាគមអន្តរជាតិ​ជាង​៣០​ស្ថាប័ន​ដែល​រួម​មាន Human right Watch សម្ព័ន្ធ​សិទ្ធិ​ការ​ងារ​អន្តរជាតិ កម្មករ​សំណង់ និង​ឈើ​អន្តរជាតិ អង្គការ​សេវា​កម្ម​សាធារណៈ​អន្តរជាតិជាដើម​ បានទាម​ទារឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ​ទម្លាក់​ចោល​បទ​ចោទ​ទៅ​លើ​លោក​ មឿន តុលា និង​បុគ្គល​២​រូប​ទៀត​នៃគណកម្មាការ​​បុណ្យ​លោក​កែម ឡី ​ដោយ​អង្គការ​ទាំង​នោះ​លើក​ឡើង​ថា ​តុលាការ​កម្ពុជា​ជា​ស្ថាប័ន​មួយ​ដែល​មិន​ឯក​រាជ្យ និង​ត្រូវ​បាន​ប្រើ​ប្រាស់​តាម​ការ​ចង់បាន​របស់​​គណបក្សប្រជា​ជន ហើយ​ការ​ចោទ​ប្រកាន់​អ្នក​ទាំង​បី​នោះទៀត​សោត​ជា​​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​ធ្វើឡើង​ក្រោម​ហេតុ​ផល​នយោបាយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ