លោក ស ខេង ព្រមា​ន​ចាត់​វិធាន​ការ​អ្នក​អំពាវ​នាវ​កុំ​ឲ្យ​ពល​រដ្ឋ​ទៅ​បោះឆ្នោត

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងកិច្ចប្រជុំ​ស្ដីពី លទ្ធផលការងារ និងការត្រៀមលក្ខណៈសម្បត្ដិ ដើម្បីការពារសុវត្ថិភាពដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ (រូបភាព៖ FN)

រដ្ឋ​មន្ត្រីក្រសួង​មហា​ផ្ទៃ​បាន​ចាត់​ទុក​សារ​អំពាវនាវកុំ​ឲ្យ​ពល​រដ្ឋ​ទៅ​បោះឆ្នោត​ជា​ផ្នែក​មួយ​នៃ​ការ​រារាំង​ដល់អ្នក​បោះឆ្នោត ដោយ​ព្រមាន​ចាត់វិធាន​ការ​ផ្លូវ​ច្បាប់​លើ​អ្នក​ទាំង​នោះ បន្ទាប់​ពីមាន​ការស្នើ​ពី​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប.។

គ.ជ.ប. បាន​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ ឲ្យ​ចាត់​វិធានការ​ទៅ​លើ​អ្នក​រារាំង​​ពលរដ្ឋ​កុំ​ឲ្យ​ទៅ​បោះ​ឆ្នោត បន្ទាប់​ពី​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​អំពាវ​នាវ​​ទៅ​ដល់​ពលរដ្ឋ​កុំ​ឲ្យ​ទៅ​បោះ​ឆ្នោត​ ក្រោយ​ពី​គណបក្ស​មួយ​នេះ ត្រូវ​បាន​រំលាយ​ចោល និង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ខាង​មុខ​នេះ។

ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​កិច្ច​ប្រជុំ​មួយ​ជា​មួយ​ គ.ជ.ប. នៅព្រឹក​ថ្ងៃនេះ​ រដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃ លោក ស ខេង បាន​ទទួល​ស្គាល់​ថា ពល​រដ្ឋ​មាន​សិទ្ធិ​ទៅ​បោះឆ្នោត​ ឬ​​​មិន​ទៅបោះឆ្នោត ប៉ុន្តែ លោកបាន​ព្រមានចាត់​វិធានការ​ច្បាប់​ទៅ​លើ​បុគ្គល​អំពាវ​នាវ​ពលរដ្ឋ​កុំ​ឲ្យ​ចេញ​ទៅ​បោះ​ឆ្នោត ដោយ​លោក​ចាត់​ទុក​ថា ជា​សកម្មភាព​រារាំងការ​បោះ​ឆ្នោត។

ដែល​ហៅ​ថា​ រារាំង ​គឺ​រារាំង​របៀប​យ៉ាង​មិច? យក​របង​ទៅ​រារាំង​ ឬ​យក​វត្តុ​រឹង​ទៅ​រារាំង ឬ​មួយ​ក៏​ការ​អំពាវ​នាវ​ជា​សម្តីនេះ តែ​គាត់​ថា​ អា​ហ្នឹង​វា​មិន​ខុសទេ! គ្រាន់​ជា​ការ​អំពាវ​នាវ ដល់​អញ្ចឹង ​យើង​មិន​ដឹង​ជា​អនុវត្តន៍​ច្បាប់​យ៉ាង​មិច បើអ្នក​ហ្នឹ​ងអត់​យក​របង​ទៅរារាំង​ផង​។ ដល់​ចឹង​ខ្ញុំ​យល់​ថា ​សំ​ដី​ហ្នឹង​ហើយ​ដែល​ជាការ​រារាំង

លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃ

អ្នកជំនាញផ្នែកច្បាប់ លោកមេធាវី សុក សំអឿន បាន​ប្រាប់​វីអូឌីកាល​ពី​ថ្ងៃ​ទី១៧​ឧសភាថា​ រដ្ឋ​ធម្ម​នុញ្ញ​បាន​ចាត់​ទុក​ការ​អំពាវ​នាវ​ពលរដ្ឋ​កុំ​ឲ្យ​ទៅ​បោះ​ឆ្នោត គឺ​ជាសេរីភា​ពបញ្ចេ​ញមតិ ប៉ុន្តែ លោកថា ករណីនេះ អ្នកអំពាវនាវអាចប្រឈមផ្លូវច្បាប់ បើ គ.ជ.ប.ប្តឹង។

ក្នុងច្បាប់យើង គេមានបទល្មើសមួយ ដល់អញ្ចឹងទៅ វាមានបញ្ហាថា យ៉ាងម៉េ​ចទៅហៅថា រារាំង ព្រោះកន្លងមក ​ពេល​ដែល​យើងធ្វើច្បាប់ យើងគិតថា ខ្លាច​ប្រើកម្លាំងទ័ពកម្លាំងអីរារាំងការបោះឆ្នោតទេ មិន​សំដៅទៅលើអ្នកអំពា​វនាវ​អញ្ចឹង​ទេ ប៉ុន្តែ បើ​មា​ន​ពាក្យប្តឹងផ្តល់អីទៅ មិនដឹងតុលាការគេកាត់បែបម៉េច!។ បើយើងមើលរដ្ឋធម្មនុញ្ញ វាជាសេរីភាពបញ្ចេញមតិទេ ពីព្រោះកា​រមិន​ទៅ​បោះឆ្នោតមិនមែនជាបទល្មើសទេ

លោកមេធាវី សុក សំអឿន អ្នកជំនាញផ្នែកច្បាប់

មាត្រា ១៤២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដោយ​ពុំ​ទាន់​គិត​ដល់​ក្រមព្រហ្ម​ទណ្ឌ​ អ្នក​ដែល​រារាំង​ដល់​ការ​អនុវត្ត​សិទ្ធ​បោះឆ្នោត​របស់​ពល​រដ្ឋ ត្រូវ​ផាក​ពិន័យ​ជា​ប្រាក់​ពី​ ៥លាន ដល់​ ២០​លាន​រៀល។

ក្រុម​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​ធ្វើ​យុទ្ធនាការ​អំពាវ​នាវ​ទៅ​ដល់​ពលរដ្ឋ​កុំ​ឲ្យ​ចេញ​ទៅ​បោះ​ឆ្នោត បន្ទាប់​ពី​អតីត​បក្ស​ប្រឆាំង​ដ៏ធំ​មួយ​នេះ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នា​ពេល​ខាង​មុខនោះ​ឡើយ ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អំពាវ​នាវ​ទៅ​ពលរដ្ឋ​ឲ្យ​ចេញ​ទៅ​បោះ​ឆ្នោត៕

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងកិច្ចប្រជុំ​ស្ដីពី លទ្ធផលការងារ និងការត្រៀមលក្ខណៈសម្បត្ដិ ដើម្បីការពារសុវត្ថិភាពដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ (រូបភាព៖ FN)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ