បទយកការណ៍៖ មណ្ឌលសុខភាពមួយចំនួនក្នុងខេត្តស្វាយរៀង ខ្វះបន្ទប់ថែទាំក្រោយសម្រាល និង អគ្គិសនីប្រើប្រាស់

មណ្ឌលសុខភាព ម៉ែនសំអន ត្រពាំងស្ដៅ នៃ​ស្រុក​រមាស​ហែក ខេត្តស្វាយរៀង
បន្ទប់ថែទាំក្រោយសម្រាល គឺយើងមានការខ្វះខាតចាំបាច់ បន្ទប់យើងពិនិត្យ បន្ទប់យើងសម្រាលវាតូចចង្អៀត។ អញ្ចឹងបច្ចុប្បន្ន វាខ្វះបន្ទប់ថែទាំក្រោយសម្រាលហ្នឹង

កំពុងមមាញឹកមើលការខុសត្រូវបុគ្គលិកពេទ្យ និង កិច្ចការទូទៅប្រចាំថ្ងៃ ប្រធានមណ្ឌលសុខភាព ម៉ែនសំអន ត្រពាំងស្ដៅ នៃ​ស្រុក​រមាស​ហែក ខេត្តស្វាយរៀង លោក វង្ស ពេទ្យ បានឆ្លៀតពេល​បន្ដិច ដើម្បី​ផ្ដល់​បទសម្ភាសន៍​ជាមួយ​អ្នក​រាយការណ៍​ព័ត៌មាន​វីអូឌី​ថា នៅមណ្ឌលសុខភាពមួយនេះ ហាក់មិនទាន់អាចឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋបានទាំងស្រុងនៅឡើយ ចាប់​តាំង​ពី​បង្កើត​ឡើង​នៅឆ្នាំ២០១៤។

លោក រៀបរាប់បន្តថា​ មណ្ឌលសុខភាពត្រពាំងស្ដៅ ជួបការលំបាកជាច្រើន ដូចជា មិនទាន់មានភ្លើងអគ្គិសនីប្រើប្រាស់ គ្មាន​បន្ទប់​ថែទាំមាតានិងទារក នៅក្រោយពេលសម្រាល គ្មានរថយន្ដសង្គ្រោះបន្ទាន់ ខ្វះខាតសម្ភារៈទូទៅ ជាពិសេស គឺផ្លូវ​មក​កាន់​មណ្ឌល​សុខភាព មានការលំបាកខ្លាំង។

លោកថា ជាទូទៅ ស្ដ្រីដែលសម្រាលកូនហើយ ត្រូវសម្រាកយ៉ាងតិច ៤៨ម៉ោង ឬ២ថ្ងៃ។ ប៉ុន្ដែ ដោយសារមណ្ឌលសុខភាព​តូច​ចង្អៀត​ពេក និងគ្មានបន្ទប់ក្រោយសម្រាល ពួកគេត្រូវត្រឡប់ទៅផ្ទះវិញ។

លំបាកណាស់ ទី១ ការត្អូញត្អៀរ របស់អ្នកមកទទួលសេវា គាត់ត្អូញត្អៀរពីលំបាករបស់គាត់ កន្លែង​តូច​ចង្អៀត​គ្មាន​កន្លែង​សម្រាកសមគួរ មកដេកតាមបន្ទប់ ជួនកាលមកសម្រាកនៅបន្ទប់កុងស៊ុល បន្ទប់រដ្ឋបាល។ មួយថ្ងៃ អាច២នាក់ ឬ ៣នាក់ ខ្លះមកឈឺ មុនសម្រាលកូនវាយូរថ្ងៃ អញ្ចឹងគាត់ពិបាកទៅមកៗផ្ទះ មួយចំនួនក៏គាត់លេងមកទៅកន្លែងផ្សេង

លោក វង្ស ពេទ្យ ប្រធានមណ្ឌលសុខភាព ម៉ែនសំអន ត្រពាំងស្ដៅ នៃ​ស្រុក​រមាស​ហែក ខេត្តស្វាយរៀង

ទោះបីជាគ្មានបន្ទប់ក្រោយសម្រាលក៏ដោយ ប៉ុន្ដែ លោកអះអាងថា៖

ខាងផ្នែកសេវារបស់ខាងខ្ញុំ គឺគាត់បានចុះទៅថែទាំ​ដល់ផ្ទះ​បានមួយអាទិត្យ មើលការចិញ្ចឹមបីបាច់កូនរបស់គាត់អំពីការបំបៅកូន ពីបញ្ហាសុខភាពម្ដាយ មិនជាពិបាកប៉ុន្មានទេ ក្នុងការថែទាំមួយសប្ដាហ៍ចឹងទៅ ហើយមានផ្ដល់ថ្នាំថែទាំក្រោយសម្រាលហ្នឹងទៀត រយៈពេល៤៥ថ្ងៃ​ បានន័យថា ៦​សប្ដាហ៍

លោក វង្ស ពេទ្យ ប្រធានមណ្ឌលសុខភាព ម៉ែនសំអន ត្រពាំងស្ដៅ នៃ​ស្រុក​រមាស​ហែក ខេត្តស្វាយរៀង

បើតាមរបាយការណ៍ នៅឆ្នាំ២០១៥ មណ្ឌលសុខភាពត្រពាំងស្ដៅ បានផ្តល់សេវាសម្រាលកូនចំនួន១៣២នាក់ ដែលចំនួននេះ បានធ្លាក់ចុះមកត្រឹម ១១២នាក់នៅឆ្នាំ២០១៦ ហើយបន្ដធ្លាក់ចុះដល់ត្រឹម ៧០នាក់ នៅឆ្នាំ២០១៧។

ងាកទៅមណ្ឌលសុខភាពមួយទៀត មានចម្ងាយប្រមាណ២០គីឡូម៉ែត្រ ពីមណ្ឌលសុខភាពត្រពាំងស្ដៅ ខណៈ​តាម​ផ្លូវ​ធ្វើ​ដំណើរ​​ទៅមណ្ឌលសុខភាពនោះ ពោរពេញទៅដោយដីហុយទ្រលម ឡានដឹកដី បើកបរគគ្រាក់គគ្រាំង ធ្វើឲ្យភូមិករណ៍ និង​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ ដែលនៅតាមដងផ្លូវនោះ ទៅជាឡើងពណ៌ក្រហមទុំ។

ប្រធានមណ្ឌលសុខភាពអំពិល លោក សោម ជួន ប្រាប់ថា មិនខុសពីមណ្ឌលសុខភាពដទៃទៀតនោះទេ មណ្ឌលសុខភាព​មួយ​នេះ ប្រឈមនឹងបញ្ហាជាច្រើន ដូចជា ខ្វះសម្ភារៈបច្ចេកទេសពេទ្យ គ្មានអគ្គិសនីប្រើប្រាស់ ជាពិសេស​គឺខ្វះបន្ទប់​ថែទាំ​ក្រោយ​ពេល​សម្រាល និង គ្រូពេទ្យជំនាញ ហើយផ្លូវធ្វើដំណើរ ក៏ជួបការលំបាក។

ពេលសម្រាលហើយ គឺយើងត្រូវឲ្យអ្នកជំងឺដេកមួយរយៈ ឧបមាថា ឥឡូវ​ អ្នកជំងឺចូលមកផ្ទួនៗ កន្លែង​សម្រាល​តែ​មួយ ហើយបន្ទប់ក្រោយសម្រាលគ្មានទៀត អ្នកសម្រាលត្រូវចេញហ្នឹង គឺមិនបានតាមដានដិតដល់ទេ។ បន្ទប់​ដែល​មាន​សព្វ​ថ្ងៃ មិន​មែនជាស្ដង់ដាររបស់ក្រសួងទេ នេះនិយាយឲ្យចំទៅជាសាលប្រជុំទេ។ មានបន្ទប់ស្អាត មានបន្ទប់ថែទាំ បន្ទប់​ក្រោយ​សម្រាល​​អញ្ចឹង មានធនធានមនុស្ស មានឧបករណ៍គ្រប់គ្រាន់ គាត់សប្បាយចិត្តនឹងមកហើយ

ប្រធានមណ្ឌលសុខភាពអំពិល លោក សោម ជួន

លោក សោម ជួន អំពាវនាវទៅផ្នែកពាក់ព័ន្ធទាំងអស់ ឲ្យជួយជាបន្ទប់ថែទាំសុខភាព ក្រោយពេលស្ត្រីសម្រាលកូន ដល់​មណ្ឌល​សុខភាព​មួយនេះ ដើម្បីធានាផ្ដល់សេវាជូនប្រជាពលរដ្ឋនៅក្នុងឃុំនេះ ឲ្យកាន់តែមានប្រសិទ្ធិភាព។

នៅក្នុងស្រុករមាសហែកដដែល និងនៅមណ្ឌលសុខភាពចន្ដ្រីឯនោះវិញ ប្រធានមណ្ឌលសុខភាពនេះគឺ លោក សឿង សឿម បានឲ្យដឹងថា មណ្ឌលសុខភាពរបស់លោក ជួបការលំបាកខ្លាំងជាងគេ គឺបញ្ហាគ្មានអគ្គិសនី និងឡានសង្គ្រោះបន្ទាន់។ លោកថា ក្នុង​ឃុំចន្រ្ដីនេះ មិនមានភ្លើងអគ្គិសនីប្រើប្រាស់រាប់ឆ្នាំមកហើយ ខណៈមណ្ឌលសុខភាព បានប្រើជំនួសដោយអាគុយ និងផ្ទាំងសូឡា។

ភ្លើង និង រថយន្ដសង្គ្រោះ ម៉ូតូចុះតាមមូលដ្ឋានអត់មាន អត់រហូតតាំងពីបូរុមបូរាណមិនដែលមានភ្លើង។ ទី១ រក្សា​ថ្នាំ​ពេទ្យ ជួនណាស់ យើងអាចដាក់ម៉ាស៊ីនត្រជាក់ថ្នាំពេទ្យ។ ទី២ យើងអាចដាក់ក្នុងបន្ទប់ក្រោយសម្រាល ក៏មានពន្លឺគ្រប់គ្រាន់ ឬមួយ យើងមានម៉ាស៊ីនត្រជាក់ យើងអាចបូមទឹកបូមអី ដល់សូឡាយើងប្រើអត់ទាន់គ្រប់គ្រាន់ទេ ប្រើបន្ដិចដាច់ៗ

លោក សឿង សឿម ប្រធានមណ្ឌលសុខភាព ចន្ដ្រី

លោកសំណូមពរទៅអាជ្ញាធរខេត្តនេះ ឲ្យពន្លឿនការតភ្ជាប់បណ្ដាញអគ្គិសនី ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការផ្ដល់សេវាសុខភាពសាធារណៈ ជូនប្រជាពលរដ្ឋ។

បើតាមរបាយការណ៍ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង មានមណ្ឌលសុខភាពសរុបចំនួន១១កន្លែង ក្នុងនោះ មណ្ឌលសុខភាពតែ ៣ប៉ុណ្ណោះ មានបន្ទប់ថែទាំ ក្រោយពេលសម្រាល។ ចំណែកមណ្ឌលសុខភាព មិនទាន់មានភ្លើងអគ្គិសនីប្រើប្រាស់ មានចំនួន ៧កន្លែង ដោយមណ្ឌលសុខភាពទាំងនោះ ប្រើប្រាស់ផ្ទាំងសូឡា ឬ អាគុយជំនួសវិញ។

ទិដ្ឋភាពក្នុងមណ្ឌលសុខភាព ម៉ែនសំអន ត្រពាំងស្ដៅ

ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុវីអូឌី ប្រធានការិយាល័យសុខាភិបាលប្រតិបត្តិស្រុករមាសហែក លោក ភាវ សុសត្តា ពន្យល់ថា បញ្ហា​គ្មានភ្លើងអគ្គិសនី និងបន្ទប់ថែទាំក្រោយសម្រាល គឺជាកត្ដារួមផ្សំ ជំរុញស្ដ្រីមកសម្រាលកូននៅតាមមណ្ឌលសុខភាពនានា មានការធ្លាក់ចុះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។

ប៉ុន្ដែ លោកថា ក៏មានកត្ដាផ្សេងទៀត ជំរុញឲ្យចំនួនស្ដ្រីទៅសម្រាលកូនធ្លាក់ចុះ គឺការចំណាកស្រុក កត្ដាជីវភាព ការសម្រេច​ចិត្ត​របស់​ពលរដ្ឋ និង ឥរិយាបថមិនល្អរបស់ពេទ្យ ដែលផ្ដល់សេវាសុខភាព។

កត្ដាទី២ អំពីចំណាកស្រុក ចំណាកស្រុកនៅស្រុករមាសហែកយើង ប្រហែលជាជាង២ម៉ឺន៨ពាន់ អញ្ចឹង​ការផ្ដល់​សេវារបស់ខ្ញុំ វាត្រូវថយតាមហ្នឹងហើយ កត្ដាទី៣ ប្រព័ន្ធបញ្ជូនសហគមន៍ យើងនៅមានការខ្វះខាត

ប្រធានការិយាល័យសុខាភិបាលប្រតិបត្តិស្រុករមាសហែក លោក ភាវ សុសត្តា

ចំពោះបញ្ហាអគ្គិសនី លោក សុសត្តា អះអាងថា អាជ្ញាធរខេត្តនេះបាន និងកំពុងតភ្ជាប់បណ្ដាញអគ្គិសនី ចូលទៅដល់ភូមិ-ឃុំ ក្នុងស្រុករមាសហែកទាំងមូលហើយ ប៉ុន្ដែ ត្រូវរងចាំដល់ចុងឆ្នាំ២០១៨នេះ ទើបដំណើរការពេញលេញ។ ចំណែក បញ្ហា​ខ្វះ​បន្ទប់​ថែទាំ លោកថា គ្រោងសំណើសុំបន្ទប់ក្រោយសម្រាលចំនួន៣ទៀត ពីក្រសួងសុខាភិបាលនៅឆ្នាំនេះ។

ក្នុងផែនការឆ្នាំ២០១៨នេះ យើងស្នើសុំបន្ទប់ក្រោយសម្រាល៣ទៀត ​ស្នើសុំទៅលើមណ្ឌលណា ដែលគេហៅថា ឆ្ងាយៗ ដែលត្រូវទទួលស្ដ្រីយើងដែលគាត់មានផ្ទៃពោះ មករងចាំសម្រាលដែរ។ បើមានបន្ទប់ថែទាំ ខ្ញុំយល់ឃើញថា វាល្អពីដើមឡើយ មានការសម្រាលតិចតួចទេនៅទីហ្នឹង កាលពីពេលយើងចាប់ផ្ដើម មណ្ឌលហ្នឹងមួយខែបាន ៤ឬ៥នាក់ តែឥឡូវមួយខែជាង១០នាក់ ដោយសារធនធានឆ្មបយើងជំនាញ

លោក ភាវ សុសត្តា ប្រធានការិយាល័យសុខាភិបាលប្រតិបត្តិស្រុករមាសហែក

អ្នកសម្របសម្រួលកម្មវិធីគណនេយ្យភាពរបស់អង្គការស្ដារកម្ពុជា នៅក្នុងស្រុករមាសហែកនេះ អ្នកស្រី ជា ជ័យសុវណ្ណា មាន​ប្រសាសន៍​ថា បន្ទប់ថែទាំសម្រាប់ស្ត្រីក្រោយពេលសម្រាល មានសារៈសំខាន់ណាស់ ដើម្បីថែទាំសុខភាព និងអាយុជីវិតមាតា និងទារក ដែលទើបនឹងកើត។

អ្នកខ្លះកើតហើយ មានកម្លាំងដើរទៅផ្ទះបានផុតគ្រោះថ្នាក់ ប៉ុន្ដែ អ្នកខ្លះកើតហើយ គាត់ត្រូវតាមដាន គាត់​មើល​ថា​​តើប្រក្រតីឡើងវិញ ឬ អីឬអត់ សំខាន់ គឺ១យប់ ២យប់ ដែលបន្ទាប់ពីសម្រាល។ […] គាត់គួរតែមាន​វិធីសាស្ដ្រ​យ៉ាងម៉េច ដើម្បី​ឲ្យចេញជាបន្ទប់អស់ហ្នឹង អញ្ចឹង យើងបានបំផុសនូវយុទ្ធសាស្ដ្រ ថាតើឃុំ ហ្នឹង មាននរណា ដែល​ជា​សប្បុរសជន​សម្រាប់គាត់ អ្នកណាគាត់កៀងគរបាន។ ក្នុងករណី កៀងអត់បាន អញ្ចឹងគាត់ត្រូវធ្វើផែនការ ឬសំណើមកថ្នាក់លើ មកស្រុក ទៅខេត្តមន្ទីរ មន្ទីរទៅក្រសួង

អ្នកស្រី ជា ជ័យសុវណ្ណា អ្នកសម្របសម្រួលកម្មវិធីគណនេយ្យភាពរបស់អង្គការស្ដារកម្ពុជា នៅក្នុងស្រុករមាសហែក

ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង មានប្រជាពលរដ្ឋរស់នៅប្រមាណជាង១៣ម៉ឺននាក់ ខណៈ ស្ដ្រីរំពឹងទុកថា អាចមានផ្ទៃពោះ ឬ បន្ដពូជបាន មានចំនួន៣ ៤៦២នាក់។ នេះ បើតាមរបាយការណ៍ស្ដិតិប្រជាជន របស់ការិយាល័យ សុខាភិបាលប្រតិបត្តិស្រុករមាសហែកឆ្នាំ២០១៦៕

បទយកការណ៍៖ មណ្ឌលសុខភាពមួយចំនួនក្នុងខេត្តស្វាយរៀង ខ្វះបន្ទប់ថែទាំក្រោយសម្រាល និង អគ្គិសនីប្រើប្រាស់

VOD TV

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ