អង្គការមួយស្នើទៅអាជ្ញាធរឲ្យចាត់វិធានការស្ត្រីម្នាក់ដែលប្រើហឹង្សាលើក្មេងស្រី

កុមារី ជា ស្រីនូ ហៅស្រីពៅ អាយុ១៦ឆ្នាំ ដែលរងការវាយធ្វើបាប ខណៈបម្រើការងារតាមផ្ទះ (រូបភាព៖ FN)

សមាគមមួយធ្វើការពាក់ព័ន្ធនឹងកម្មករក្រៅ​ បាន​ជំរុញ​ទៅ​អាជ្ញាធរឲ្យចាត់វិធានការទៅលើស្ត្រីម្ចាស់ផ្ទះម្នាក់ ដែលបានប្រើ​អំពើហឹង្សា​នារី​បម្រើ​ការងារ​នៅ​តាម​ផ្ទះ ដោយថា ដើម្បីផ្ដល់ភាព​យុត្តិ​ធម៌ដល់កុមាររងគ្រោះ និងក្រុមគ្រួសារ។

នៅក្នុងវីដេអូឃ្លីបដែលបង្ហោះលើបណ្ដាញហ្វេសប៊ុក ក្មេងស្រី ថា ស្រីនូ អាយុ ១៦​ឆ្នាំ បានរៀបរាប់ថា នាងត្រូវបានស្ត្រីដែលត្រូវជាថៅកែ វាយ​ដំ​រាល់ថ្ងៃ ដោយថា ការវាយធ្វើបាបនេះអស់រយៈពេល ៤​ឆ្នាំមក​ហើយ។

ក្រោយពីហេតុការណ៍នេះ ស្ត្រីម្ចាស់ផ្ទះម្នាក់ត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន នៅភូមិតំណាក់ត្រយឹង  សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

ប៉ុន្តែ ក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃ​ម្សិល​មិញ​នេះ បណ្ដាញកម្មករធ្វើការតាមផ្ទះ​កម្ពុជា ដែល​ជា​ផ្នែក​មួយ​នៃ​នៃសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានថ្កោលទោស​ចំពោះស្ត្រីម្ចាស់ផ្ទះ និង​ចាត់​ទុក​ទង្វើ​របស់​ស្ត្រី​រូប​នោះ​ថា វា​ធ្ងន់ធ្ងរ និង​បានរំលោភ សិទ្ធិរបស់កុមារដែលប្រាកចាកពីច្បាប់ជាតិ និងអន្តរជាតិផងដែរ។

បណ្ដាញកម្មករធ្វើការតាមផ្ទះកម្ពុជា ស្នើទៅអាជ្ញាធរឲ្យចាត់វិធានការលើស្ត្រីម្ចាស់ផ្ទះទៅតាមច្បាប់ ដើម្បីផ្ដល់​ភាព​យុត្តិ​ធម៌ដល់កុមាររងគ្រោះនិងក្រុមគ្រួសារ និងជាគំរូសម្រាប់ម្ចាស់ផ្ទះដទៃទៀតកុំឲ្យប្រើអំពើហិង្សា និង​ការរំលោភសិទ្ធិទៅលើអ្នកធ្វើការតាមផ្ទះរបស់ខ្លួនបន្តទៀតផង។

ថៅកែចិត្តកំណាចរូបនេះមានឈ្មោះ ម៉េង រ័ត្នពិសី (ហៅ សុភា) អាយុ៣៣ឆ្នាំ មុខរបរលក់សម្លៀកបំពាក់នៅផ្ទះកើតហេតុ (រូបភាព៖ FN)

អធិការរង​នគរបាល​ខណ្ឌពោធិ៍សែនជ័យ លោក ជា សុវណ្ណ ប្រាប់វីអូឌីនៅថ្ងៃនេះថា ស្ត្រី​ម្ចាស់​ផ្ទះ​ដែល​ជា​ជន​ជាតិ​ខ្មែរ​កាត់​ចិន​នោះ ត្រូវ​បាន​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​នេះ ប៉ុន្តែ លោក​ពុំ​បាន​ប្រាប់​ឈ្មោះ​ស្ត្រី​រូប​នោះ​ឡើយ។

មន្ត្រី​នគរបាល​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា ស្ត្រី​រូប​នោះ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​បាន​វាយ​ដំ​ទៅ​លើ​ក្មេង​ស្រី​រូប​នោះ ដោយសារ​តែ​ក្មេង​ស្រី​នោះ​ធ្វើការ​មិន​ល្អ និង​មិន​ទាន់​តាម​ចិត្ត​របស់​ខ្លួន។​

គាត់វាយគ្រប់ប្រភេទ វាយដៃ មានយកម្ជុលចាក់ មានទះកំភ្លៀង មានប៉ះអីវាយហ្នឹង។ តាមការ​ឆ្លើយបំភ្លឺ និងតាមការបំភ្លឺរបស់ក្មេងស្រី ហើយគាត់ថា គាត់វាយលក្ខណៈគាត់ប្រដៅ។ […] បញ្ជូនទាំងមនុស្ស ទាំង​សំណុំរឿងទៅតុលាការ

ថា ស្រីនូ អាយុ ១៦​ឆ្នាំ កុមារីដែលបម្រើតាមផ្ទះ ដែលរងការវាយធ្វើបាប

របាយការណ៍​​អង្គការ​ទស្សនៈ​ពិភព​លោក ​បាន​ឲ្យ​ដឹង​ថា ​កុមារ​ ៧៥​ភាគរយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ទទួល​រង​នូវ​អំពើ​ហិង្សា​យ៉ាង​ហោច​ណាស់​មួយ​ទម្រង់ នៅ​មុន​ពេល​ពួកគេ​មាន​អាយុ ១៨​ឆ្នាំ ខណៈ​ដែល​កុមារ​កម្ពុជា​ច្រើន​ជាង ​៥០​ភាគ​រយ ទទួល​រង​នូវ​អំពើ​ហិង្សា​លើ​រូប​រាង​កាយ ២៥​ភាគ​រយ ទទួល​រង​អំពើ​ហិង្សា​ផ្នែក​ផ្លូវ​ចិត្ត និង​ប្រមាណ​ជា​ ៥​ភាគ​រយ​ទៀត ទទួល​រង​នូវ​អំពើ​ហិង្សា​ផ្នែក​ផ្លូវ​ភេទ។

បើ​តាម​អង្គការ​យូនីសេហ្វ កម្ពុជា​ចំណាយ​ប្រាក់​យ៉ាង​ហោច​ណាស់ ១៦៨​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ឬជាង ១​ភាគរយ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប សម្រាប់​ដោះ​ស្រាយ​ផល​វិបាក​ផ្នែក​សុខភាព ដែល​កើត​ចេញ​ពី​អំពើ​ហិង្សា​លើ​កុមារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ