អ្នកឃ្លាំមើលថាក្រមសីលធម៌អ្នកតំណាងរាស្ដ្រ ជាការរឹតត្បិតតំណាងរាស្រ្តមិនឲ្យរិះគន់រដ្ឋាភិបាល

អ្នកវិភាគ និងគណបក្សនយោបាយរិះគន់ថា ការអនុម័តក្រមសីលធម៌ គឺអាចជាឧបសគ្គរារាំងអ្នកតំណាងរាស្ដ្រជាប់ឆ្នោត មិនឲ្យរិះគន់ការដឹកនាំរបស់រដ្ឋាភិបាល។

កាលពីថ្ងៃទី២២ឧសភា រដ្ឋសភាដឹកនាំដោយតំណាងរាស្ដ្រភាគច្រើនមកពីគណបក្សកាន់អំណាច បានសម្រេចអនុម័តលើក្រមសីលធម៌ថ្មីមួយ សំដៅកំណត់កាតព្វកិច្ចអ្នកតំណាងរាស្ដ្រជាប់ឆ្នោត មិនឲ្យទទួលជំនួយហិរញ្ញវត្ថុពីខាងក្រៅ និងរក្សាភាពសមសួន សាកសមជាអ្នកតំណាងឲ្យពលរដ្ឋ។

ក្នុងសេចក្ដីសម្រេចនោះ រដ្ឋសភាកំណត់ថា តំណាងរាស្ដ្រជាប់ឆ្នោត ត្រូវចូលរួមពង្រឹងឯកភាពជាតិ ផ្អែកលើគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស សិទ្ធិមនុស្ស និងនីតិរដ្ឋ និងតម្កល់ផលប្រយោជន៍ជាតិជាធំ។ ក្រមសីលធម៌នេះ ក៏តម្រូវឲ្យអ្នកតំណាងរាស្ដ្រជាប់ឆ្នោត បំពេញការងារដោយមិនចំណុះផ្នែកហិរញ្ញវត្ថុជាមួយបុគ្គលណាម្នាក់ ឬបរទេសឡើយ។

បន្ថែមលើសពីនេះ អ្នកតំណាងរាស្ដ្រ ក៏ត្រូវរក្សាវប្បធម៌សន្ទនា ប្រកាន់ឥរិយាបថថ្លៃថ្នូរ មានសីលធម៌ សុជីវធម៌ សុភាពរាបសា និងមិនមានភាពក្រអឺតក្រទមជាដើម។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា គាំទ្រការអនុម័តលើក្រមសីលធម៌អ្នកតំណាងរាស្ដ្រនេះ ដោយលោកថា អ្នកតំណាងរាស្ដ្រ ត្រូវមានសីលធម៌​ និងវិន័យថ្លៃថ្នូរ ក្នុងសង្គមប្រជាធិបតេយ្យ។

តំណាងរាស្ដ្រ គឺត្រូវតែមានគុណធម៌របស់ខ្លួន ដើម្បីធ្វើជាគំរូសម្រាប់ប្រជាជនដែលជាម្ចាស់ឆ្នោត ព្រោះយើងអនុវត្តនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា

អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ិន យល់ថា នេះជារឿងត្រឹមត្រូវ ដែលគួរមានក្រមសីលធម៌ កំណត់ពីឥរិយាបថ និងសីលធម៌របស់អ្នកតំណាងរាស្ដ្រ។ ប៉ុន្ដែ លោកថា វាជាការខុសឆ្គង បើសិនក្រមសីលធម៌នេះ ត្រូវបានប្រើ ដើម្បីហាមឃាត់អ្នកតំណាងរាស្ដ្រ កុំឲ្យពួកគេនិយាយរិះគន់បញ្ហាសង្គម ឬកំហុសឆ្គងរបស់រដ្ឋាភិបាល។

គាត់ត្រូវធានា តាមដានត្រួតពិនិត្យការងាររបស់រដ្ឋាភិបាល ថារដ្ឋាភិបាលបំពេញការងារ កាតព្វកិច្ចបានសមស្របឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋ ឬអត់។ ការហាមឃាត់ទាំងឡាយមិនឲ្យគាត់តិះទៀតរដ្ឋាភិបាល មិនមែនជារឿងត្រឹមត្រូវ។

អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ិន

ប្រធានក្រុមអ្នកវិភាគនយោបាយវ័យក្មេង លោក ហង្ស វិទូ យល់ថា ក្រមសីលធម៌នេះ ហាក់មិនសូវចាំបាច់នោះទេ ខណៈ លោករិះគន់ថា រដ្ឋសភាដឹកនាំដោយគណបក្សប្រជាជន ច្រើនតែប្រើច្បាប់ ឬបទបញ្ជាផ្ទៃក្នុង ទៅលើក្រុមតំណាងរាស្ដ្របក្សប្រឆាំង ដែលរិះគន់ចំៗ ទៅលើការដឹកនាំរបស់រដ្ឋាភិបាល។

បង្កើតមកដើម្បីរឹតត្បិត ឬបញ្ចប់កុំឲ្យមានការតវ៉ាសំឡេងភាគច្រើន អាហ្នឹងខ្ញុំគិតថា ជារឿងមួយខុស ព្រោះបក្សកាន់អំណាច គាត់ធ្វើស្អីហ្នឹង។ ភាពជាក់ស្ដែង យើងឃើញថា រដ្ឋសភាយើងកន្លងមក អនុវត្តលើការបញ្ចេញមតិហ្នឹង មានលក្ខខណៈជាសភាឯកបក្សច្រើនជាង

លោក ហង្ស វិទូ ប្រធានក្រុមអ្នកវិភាគនយោបាយវ័យក្មេង

ក្នុងពេលដែលមានវត្តមានគណបក្សសង្គ្រោះជាតិ អតីតតំណាងរាស្រ្តគណបក្សនេះ បានរិះគន់យ៉ាងខ្លាំងលើគណបក្សកាន់អំណាច ជុំវិញបញ្ហាសង្គមជាច្រើន ដូចជា ជម្លោះដីធ្លី បញ្ហាព្រំដែន អំពើពុករលួយ និងប្រព័ន្ធយុត្ដិធម៌ជាដើម។

ប៉ុន្ដែ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានច្រានចោលការរិះគន់អស់ទាំងនោះ ថា ជាការញុះញង់ពលរដ្ឋឲ្យស្អប់រដ្ឋាភិបាល និងបម្រើឲ្យគោលនយោបាយបរទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ