លោក​ហ៊ុន សែន ​ថា​ជាង​៥០០ឆ្នាំ​​ហើ​យ​គ្មាន​អ្នក​ណា​អាច​គ្រប់​គ្រង​កម្ពុជា​បាន​ទាំង​មូល​ដូចលោកទេ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត ថ្ងៃទី ៣១ ឧសភា ២០១៨ (រូបភាព៖ FN)

នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា​អំឡុង​ជាង​៥០០ឆ្នាំ​ចុងក្រោយ​នេះ​គ្មាន​អ្នក​ដឹក​នាំ​កម្ពុជា​ណា​មួយ​អាច​គ្រប់​គ្រង​ប្រទេស​កម្ពុជា​បាន​ទាំង​មូល​ដូច​រូបលោក​នោះ​ទេ​សូម្បី​តែ​ប្រទេស​មហា​អំណាច​បារាំង​ និង​ជប៉ុន។

លោក​ថ្លែង​បែប​នេះ​ក្នុង​ពេល​ដែល​លោក​អញ្ជើញ​សម្ពោធ​រោង​ចក្រ​ផលិត​ស៊ី​ម៉ង់មួយ​ក្នុង​ខេត្ត​បាត់​ដំបងកាលពីព្រឹកមិញនេះ។ លោកលើកឡើងថា​អតី​តកាល​របស់កម្ពុជា​មិនដែល​មាន​រដ្ឋាភិបាល​ណាមួយ​គ្រប់​គ្រង​បាន​ដែន​ដី​ទាំង​មូល​នោះ​ទេ ទើប​តែ​មក​ដល់​ឆ្នាំ​១៩៩៨ ទើប​កម្ពុជា​អាច​គ្រប់​គ្រង​បាន​ហើយ​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក។

សូម្បី​តែ​បារាំង​ចូល​មក​ត្រួត​ត្រា បារាំង​ក៏​មិន​អាច​ត្រួតត្រា​អស់​ទឹក​ដី​ខ្មែរ​ដែរ។ បន្ទាប់​មក​ជប៉ុនចូល​មក​ត្រួតត្រា​ក្នុង​ពេល​សង្គ្រាម​លោក​លើក​ទី​២ ក៏​ជប៉ុន​គ្មានលទ្ធ​ភាព​ត្រួតត្រា​អស់​ទឹក​ដីកម្ពុជា​នោះ​ទេ។ មិន​ដែល​មាន​ក្នុង​ប្រវត្តិ​ ប៉ុន្តែ​ឥឡូវ​នេះពី​ឆ្នាំ​១៩៩៨​រហូត​មក​ដល់​បច្ចុប្បន្ន យើង​មាន​លទ្ធ​ភាព​ហើយ​ដើម្បី​ទៅ​អភិវឌ្ឍន៍​នៅ​ទី​កន្លែង​ណា​ក៏​បាន​ដែរ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

សាស្ត្រាចារ្យ​ប្រវត្តិ​សាស្ត្រ​លោក វង្ស​ សុធារ៉ា បាន​ទទួល​ស្គាល់​ថា​ក្នុង​អំឡុង​ពេល​៥០០ឆ្នាំ​នេះ អ្នក​ដឹក​នាំកម្ពុជា​ជា​ច្រើន​ពិត​ជា​ពិបាក​ក្នុង​ការ​បង្រួប​បង្រួម​ប្រទេស​ពិត​មែន​ តែ​លោក​បញ្ជា្កក់​ថាចាប់​ពីឆ្នាំ​១៦១២ ដល់​ឆ្នាំ​១៦២៨ ពោល​គឺ​ប្រមាណ​ជាង​៤០០​ឆ្នាំ​​មុន​ គឺ​មាន​ក្សត្រ​ដែល​អាចដឹកនាំ​រក្សា​ទឹក​ដី​ សន្តិភាព និង​រក្សា​អំណាច​របស់​កម្ពុជា​ក្នុង​​ឆាក​អន្តរជាតិ​ផង​ដែរ។ ​

ក្រោម​ការ​គ្រប់​គ្រង​របស់​ស្រីសុរិយោពណ៌ និង​ជ័យ​ជេដ្ឋាទី​២ ដែល​ពេល​ហ្នឹង​ស្រុក​យើង​នៅ​ខ្លាំង​នៅ​ឡើយ អា​ច​មាន​លទ្ធភាព​អាច​ទប់​ទល់​នឹង​អយុធ្យា​ ឬ​សៀម​ហ្នឹង​បាន​នៅ​ឡើយ

លោក វង្ស​ សុធារ៉ា សាស្ត្រាចារ្យ​ប្រវត្តិ​សាស្ត្រ​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ត្រូវ​បាន​ការ​សែត​​អាមេរិក​វ៉ា​ស៊ិន​តោន​ប៉ុស្តិ៍ ចាត់​ចំណាត់​ថ្នាក់​​ជា​មេដឹកនាំ​កាន់អំណាចដ៏​យូរ​ក្នុង​ចំណោម​មេដឹកនាំ​២៣​រូប​ទៀត ដែល​មិន​ព្រម​ចាកចេញ​ពី​តំណែង បើទោះជា​មាន​បាតុកម្ម​ទាមទារ​ឲ្យលោក​លាលែង ឬ ចាញ់​ឆ្នោត​ក៏​ដោយ។​ កាសែត​អាមេរិក​មួយ​នេះ ក៏​បាន​បរិយា​យដែរ​ថា កម្ពុជាក្រោម​ការ​គ្រប់​គ្រង​របស់​លោក ​ហ៊ុន សែន ​មាន​ទាំង​ជោគ​ជ័យ ភាព​រីកចម្រើន ការ​ភ័យខ្លាច និទណ្ឌភាព បក្សពួក-គ្រួសារនិយម និងអំពើ​​ពុករលួយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ