រដ្ឋាភិបាលសម្រេចផ្ដល់បុរេប្រទានថវិកា សម្រាប់ទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករចំនួន ៩ រោងចក្រ ដែលត្រូវបានថៅកែរត់ចោលកាលពីពេលកន្លងមក។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារចេញផ្សាយនៅថ្ងៃទី៣១ខែឧសភា ឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចផ្ដល់បុរេប្រទានថវិកាសម្រាប់ ទូទាត់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ឲ្យកម្មកររោងចក្រ ចំនួន ៩ ក្នុងនោះមាននៅរាជ ធានីភ្នំពេញ ចំនួន ៥ រោងចក្រ ខេត្តកណ្ដាល ១ រោងចក្រ និងខេត្តកំពងស្ពឺ ៣ រោងចក្រ។ សេចក្ដីប្រកាស ឲ្យដឹងទៀតថា ការទូទាត់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ ធ្វើឡើងចាប់ថ្ងៃទី៧ ដល់ថ្ងៃទី ១៥ ខែមិថុនាខាងមុខនេះ។
កាលពីថ្ងៃទី២១កុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាផ្ទាល់មាត់ទៅក្រសួងពាក់ព័ន្ធឲ្យចុះដោះស្រាយបន្ទាន់បញ្ហាកម្មករដែលថៅកែរត់ចោល ដោយលោក បានប្រកាសផ្តល់ថវិកាបុរេប្រទានជាង ៤លាន ៥៧ម៉ឺនដុល្លារទៅដោះស្រាយសំណងជូនកម្មករចំនួន ៤ ១៤៦នាក់ បម្រើការងារនៅរោងចក្រចំនួន ៩ បន្ទាប់ពីថៅកែបិទទ្វាររោងចក្ររត់ចោលដោយមិនបានបើកប្រាក់ឈ្នួល និងអត្ថប្រយោជន៍ជូនពួកគេ។