រដ្ឋាភិបាលដឹកនាំដោយបក្សកាន់អំណាចគ្រោងដាក់ចេញនូវគោលនយោបាយថ្មីមួយ ដែលនឹងជួយគាំពារមាតា និងទារក ខណៈដែលគណបក្សប្រជាធិបតេយ្យមូលដ្ឋានអះអាងថា បក្សកាន់អំណាចដើរតាមគោលនយោបាយរបស់ខ្លួន។
ក្នុងពិធីរំឭកខួប ១១ឆ្នាំនៃទិវាអតីតយុទ្ធជនកម្ពុជានៅថ្ងៃនេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលគ្រោងត្រៀមកញ្ចប់ថវិកាប្រមាណជាង ១០លានដុល្លារអាមេរិក ដើម្បីជួយប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ ជាពិសេសស្ដ្រីដែលមានផ្ទៃពោះ។
លោក ហ៊ុន សែន ថ្លែងថា ស្ដ្រីមានផ្ទៃពោះ ស្ថិតក្នុងភាពក្រីក្រ នឹងទទួលប្រាក់ឧបត្ថម្ភសរុបចំនួន ៧៦ម៉ឺនរៀលក្នុងម្នាក់ រាប់ចាប់តាំងពីពេលមានផ្ទៃពោះរហូតដល់កូនមានអាយុ ២ឆ្នាំ។ ប៉ុន្ដែ លោកថា កម្មវិធីនយោបាយនេះ នឹងចាប់អនុវត្តនៅពាក់កណ្ដាលឆ្នាំ២០១៩ខាងមុខ។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន សាទរចំពោះគោលនយោបាយថ្មីនេះ ប៉ុន្តែ លោកថា គណបក្សរបស់លោកបានដាក់ចេញគោលនយោបាយបែបនេះកាលពីថ្ងៃទី២៩ ខែឧសភាកន្លងមកនេះ ពោលគឺមុនគណបក្សកាន់អំណាចទៅទៀត។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា នេះជារឿងធម្មតា និងជាកាតព្វកិច្ចរបស់រដ្ឋាភិបាលចំពោះពលរដ្ឋ ដែលបានបង់ពន្ធជូនរដ្ឋ ដើម្បីបានមកវិញនូវសេវាសង្គម និងការគាំពារដល់ពួកគេ។

លោកថា៖ «ប្រជាពលរដ្ឋបានបំពេញកាតព្វកិច្ច ដូចជា ការបង់ពន្ធដោយផ្ទាល់ ដោយប្រយោលជាដើម អ្វីដែលប្រជាពលរដ្ឋចង់បានមកវិញ គឺជាសេវាដែលរដ្ឋត្រូវផ្ដល់ជូនពួកគេ ហើយក៏ជាសេវាមួយដែលមានប្រសិទ្ធិភាព។ បើវិធានការនេះ អនុវត្តទៅបានជោគជ័យ ខ្ញុំគិតថា វាជាការឆ្លើយតបជាមួយនឹងកាតព្វកិច្ចរបស់អ្នកបង់ពន្ធ»។
បើតាមរបាយការណ៍ក្របខណ្ឌគោលនយោបាយគាំពារសង្គមពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៥ រដ្ឋាភិបាលបាន និងកំពុងជួយដល់កិច្ចគាំពារដល់ស្ដ្រីក្រីក្រមានផ្ទៃពោះប្រមាណ ៥ម៉ឺន ៥ពាន់នាក់ ក្នុងមួយឆ្នាំ។
បើតាមរបាយការណ៍ ប្រជាពលរដ្ឋកម្ពុជាមានចំនួន ១៦លាននាក់ ហើយស្ដ្រីដែលគេរំពឹងទុកថា អាចមានផ្ទៃពោះ ឬបន្ដពូជបាន មានចំនួន ៣០ម៉ឺននាក់ក្នុងមួយឆ្នាំ៕